អ្វីទៅដែលនាំឲ្យយើងមើលឃើញព្រះអាទិត្យជាពណ៌លឿង ?
តើព្រះអាទិត្យមានពណ៌លឿងនៅពេលរះឡើង ហើយមានពណ៌ក្រហមនៅពេលលេចទៅវិញមែនទេ ? ប៉ុន្តែ តើអ្នកប្រាកដដែរទេថា ធាតុពិតរបស់ពន្លឺព្រះអាទិត្យពិតជាមានពណ៌លឿងឬក្រហម ឬអាចទឹកក្រូចបែបនោះមែន ? ចុះហេតុអ្វីដែលនាំឲ្យព្រះអាទិត្យមានពណ៌បែបនេះនៅពេលចាំងចំភ្នែករបស់មនុស្ស ?
ពន្លឺ៧ពណ៌របស់ឥន្ទធនូអាចបញ្ជាក់ពីធាតុពិតរបស់ពណ៌ព្រះអាទិត្យបាន។ នៅក្នុងលំហអាកាស ផុតពីបរិយាកាសផែនដី ធាតុពិតរបស់ព្រះអាទិត្យមិនមែនជាពណ៌លឿង ឬទឹកក្រូច ឬក្រហមនោះឡើយ តែជាពណ៌ស។ ហេតុអ្វីក៏វាអាចទៅរួចបែបនេះបាន ? ពណ៌របស់ព្រះអាទិត្យគឺជាការរួមបញ្ចូលគ្នារវាងពន្លឺប្រេកង់ទាំង៧មានពណ៌ក្រហម ទឹកក្រូច លឿង បៃតង ផ្ទៃមេឃ ខៀវ និងស្វាយ ដែលប្រដេញគ្នាចាប់ពីពណ៌ក្រហមដែលមានជំហានរលកខ្ពស់ជាងគេ រហូតដល់ពណ៌ផ្ទៃមេឃដែលមានជំហានរលកទាបជាងគេ។ ពន្លឺទាំង៧ដែលសាយភាយចេញពីព្រះអាទិត្យបង្កើតជាពណ៌សនៅក្នុងលំហអាកាស ដែលជាពន្លឺពិតរបស់ព្រះអាទិត្យ។
[caption id="attachment_41228" align="aligncenter" width="600"] scienceabc[/caption]
បរិយាកាសរបស់ផែនដីតែម្យ៉ាង ធ្វើឲ្យភ្នែកមនុស្សយើងមើលឃើញថាព្រះអាទិត្យជាពណ៌លឿងនៅពេលវារះ និងក្រហមនៅពេលលេច។ បរិយាកាសផែនដីងាយមានចំណាំងផ្លាតជាមួយជំហានរលកទាបជាងគេដែលជាពណ៌ផ្ទៃមេឃ ដូច្នេះហើយចំណាំងផ្លាតនេះក៏បង្កើតឲ្យផ្ទៃមេឃមានពណ៌ផ្ទៃមេឃ។ នៅពេលព្រះអាទិត្យរះខ្ពស់ពីផែនដី យើងអាចមើលឃើញព្រះអាទិត្យត្រឹមជាពណ៌លឿងឬទឹកក្រូច។
យ៉ាងណាមិញ នៅពេលព្រះអាទិត្យកាន់តែរំកិលជិតមកកាន់ជើងមេឃរបស់ផែនដី ដែលជាពេលព្រះអាទិត្យលេចទៅវិញ បរិយាកាសផែនដីកាន់តែមានចំណាំងផ្លាតជាមួយប្រេកង់ពន្លឺដែលមានជំហានរលកទាបជាងគេ ធ្វើឲ្យផ្ទៃមេឃកាន់តែមានពណ៌ខៀវ។ ប៉ុន្តែកាន់តែខិតជិតបែបនេះ យើងក៏កាន់តែអាចឃើញពន្លឺដែលមានជំហានរលកខ្ពស់ជាងគេដែរ ដូច្នេះហើយទើបបានជាយើងអាចមើលឃើញព្រះអាទិត្យជាពណ៌ក្រហមនៅពេលរៀបលេច ហើយផ្ទៃមេឃក៏ប្រែជាពណ៌ក្រហមដែលទទួលរងពន្លឺពីពណ៌ពន្លឺដែលមានជំហានរលកខ្ពស់ជាងគេនេះដែរ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ scienceabc & scientificamerican