ស្វែងយល់​អំពី​ទស្សនវិស័យ​សេដ្ឋកិច្ចកម្ពុជា ​ឆ្នាំ២០១៨​



​នៅ​ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​គោលនយោបាយ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​សាធារណៈ នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញ​ផ្សាយ​នូវ​របាយការណ៍​នៃ​ការវាយតម្លៃ​បឋម​នៃ​សេដ្ឋកិច្ចកម្ពុជា ដែលមាន​ចំណងជើង​ថា “​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​នាពេល​បច្ចុប្បន្ន​និង​ទស្សនវិស័យ​ឆ្នាំ ២០១៨”​។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​ស្វែងយល់​អំពី តើ​កម្ពុ​ជាមាន​ទស្សនវិស័យ​សេដ្ឋកិច្ច​អ្វីខ្លះ​ក្នុង​ឆ្នាំ ២០១៨? ជាការ​ពិតណាស់ ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹង​បន្ត​រក្សា​ស្ថិរ​ភាពល្អ ស្រប​ពេលដែល​កំណើន ផលិតផល​ក្នុងស្រុក​សរុប (​ផសស ឬ GDP) នឹង​អាច​សម្រេចបាន​នូវក្នុង​រង្វង់ ៧% ខណៈ​អតិផរណា​ស្ថិតនៅ ក្នុង​កម្រិត​ក្រោម ៥%​។ លទ្ធផល​នេះ​គឺ​ទទួលបាន​ពី​ការវាយតម្លៃ​បឋម​ទៅលើ​វិស័យ​ចំនួន​បី​ជា​ចម្បង មានដូចជា​៖ វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម និង វិស័យ​សេវាកម្ម​១. វិស័យ​កសិកម្ម​ ​ ​វិស័យ​កសិកម្ម​អាច​នឹង​សម្រេចបាន​កំណើន​ប្រមាណ ១,៩៧% (២០១៧​ព្យ​.) និង ១,៩៩% (២០១៨​ព្យ​.) ដោយសារ​កត្តា​អាកាសធាតុ​អំណោយផល និង ការបង្កើន​ចំណាយ​របស់​រាជរដ្ឋាភិបាល​ដើម្បី​គាំទ្រ ដល់​វិស័យនេះ​។ កំណើន​នេះ​អាច​សម្រេចបាន​លុះត្រាតែ​មានការ​បង្កើន​ប្រសិទ្ធិភាព​ក្នុងការ​ចំណាយ ការជំរុញ​ការ វិនិយោគឯកជន ការសហការ​ល្អជា​មួយ​ដៃគូ​អភិវឌ្ឍន៍ និង ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធិភាព​នៃ​គោលនយោបាយ អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​។ ២. វិស័យ​ឧស្សាហកម្ម​ ​ ​វិស័យ​ឧស្សាហកម្ម​អាច​នឹងមាន​កំណើន​ថមថយ​បន្តិចបន្តួច​ប្រមាណ ១០,៦៦% (២០១៧​ព្យ​.) និង ១០,១១% (២០១៨​ព្យ​.) ដោយសារតែ​ព្រឹត្តិការណ៍​បោះឆ្នោត​សកល​ដែល​ធ្វើឱ្យ​វិនិយោគិន​មានការ​ស្ទាក់ស្ទើរ​ក្នុង ការវិនិយោគ និង​ការ​ថមថយ​នៃ​សេដ្ឋកិច្ច​ប្រទេស​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា ប៉ុន្តែ​នឹងត្រូវ​ជួយ​បំពេញ បន្ថែម ដោយ​កំណើន​ផលិតកម្ម​ក្នុងស្រុក​។ ដើម្បី​សម្រេចបាន​កំណើន​នៃ​ផលិតកម្ម​ក្នុងស្រុក​នេះ ទាមទារ​ឱ្យមាន​ការ ជំរុញ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឱ្យ​កាន់តែ​សកម្ម និង ប្រកបដោយ​ប្រសិទ្ធិភាព​ជាមុន ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។​ ៣. វិស័យ​សេវាកម្ម​ ​ ​វិស័យ​សេវាកម្ម​អាច​នឹងមាន​កំណើន​ប្រមាណ ៦,៥៣% (២០១៧​ព្យ​.) និង ៦,៦៦% (២០១៨​ព្យ​.) ដោយសារ​ការបន្ត​ថមថយ​នៃ​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​អាច​នឹង​ជួយ​បំពេញបន្ថែម​បាន​ខ្លះ​ដោយ​ភាពរឹងមាំ​នៃ កំណើន​វិស័យ​លក់ដុំ និង លក់រាយ និង​អនុវិស័យ​សេវាកម្ម​ផ្សេងទៀត កំណើន​ចំណាយ​ប្រើប្រាស់​កំឡុងពេល​បោះ ឆ្នោត​សកល រួមផ្សំ​នឹង​គោលនយោបាយ​វិត្ថារ​កម្ម​របស់​រាជរដ្ឋាភិបាល៕​ ​ដោយ​៖ ប៉ុ​ម ទូច​
X
5s