អត្ថប្រយោជន៍៣យ៉ាងដែលបង្ហាញថាមនុស្សមិនអាចរស់នៅខ្វះធម្មជាតិពណ៌បៃតងបាន
ហេតុអ្វីបានជានៅពេលអ្នកដើរក្នុងធម្មជាតិ ការគិតរបស់អ្នកប្រព្រឹត្តទៅយ៉ាងស៊ីចង្វាក់គ្នា ប្រៀបដូចនឹងខ្សែទឹកហូរ និងដូចជាមេដែកឆក់ទាញយកគំនិតច្នៃប្រឌិត ដែលអ្នកមិនធ្លាប់ដែលនឹកគិតដល់ទាល់តែសោះយ៉ាងដូច្នោះ ? ធៀបនឹងទម្ងន់របស់មនុស្សទាំងមូល ខួរក្បាលមានចំណែកតែ២%នៃទម្ងន់ទាំងអស់ប៉ុណ្ណោះ។ ប៉ុន្តែគ្រប់ដង្ហើមដែលអ្នកដក ២០%ត្រូវបានខួរក្បាលទាញយកទៅប្រើប្រាស់។ ខ្វះអុកស៊ីហ្សែនតែ១០នាទីក៏អាចបណ្ដាលឲ្យណឺរ៉ូនក្នុងខួរក្បាលងាប់បានដែរ។ នៅក្នុងធម្មជាតិសម្បូរទៅដោយដើមឈើដែលបញ្ចេញអុកស៊ីហ្សែន បរិយាកាសបែបនេះប្រាកដជាអំណោយផលទៅដល់រោងចក្រខួរក្បាលដែលចង់ផលិតគំនិតល្អៗហើយ។ ប៉ុន្តែវាមិនមែនមានតែគុណប្រយោជន៍តែម្យ៉ាងនេះទេ ខាងក្រោមនេះគឺជាអ្វីដែលអ្នកវិទ្យាសាស្ត្របានរកឃើញ៖
១) បង្កើនការចងចាំក្នុងរយៈពេលខ្លី៖ អ្នកតែងប្រើប្រាស់ការចងចាំរយៈពេលខ្លីនេះនៅរាល់ពេលដែលអ្នកព្យាយាមផ្ទុកទិន្នន័យនៅក្នុងខួរក្បាលជាបណ្ដោះអាសន្ន ដូចជាពេលរំលឹកខ្លួនឯងថាត្រូវទៅផ្សារបន្ទាប់ពីចេញពីសាលារៀន ឬចាំលេខទូរស័ព្ទគេហៅមកជាដើម។ ភស្តុតាងនេះត្រូវបានបញ្ជាក់ដោយការសិក្សាមួយទៅលើសិស្សពីរក្រុមរបស់ University of Michigan។ សិស្សទាំងពីរក្រុមត្រូវបានដាក់តេស្តសាកល្បងខ្លីមួយទៅលើការចងចាំ រួចឲ្យមួយក្រុមដើរចូលទៅក្នុងតំបន់ធម្មជាតិ រីឯមួយក្រុមទៀតឲ្យដើរនៅក្នុងតំបន់ទីប្រជុំជន។ លទ្ធផលសិស្សក្រុមទី១ធ្វើបានល្អលើសសិស្សក្រុមទី២២០% ឯសិស្សដែលដើរនៅក្នុងទីប្រជុំជនមិនកត់សម្គាល់ឃើញរីកចម្រើនអ្វីឡើយ។
២) ធម្មជាតិគឺជាថ្នាំដ៏ស័ក្ដិសិទ្ធិបំផុតសម្រាប់ព្យាបាលបញ្ហាផ្លូវចិត្ត៖ វាពុំមែនជាវិធីដោះស្រាយដ៏ឆ្លាតវៃនោះឡើយ ប្រសិនជាអ្នកងប់នឹងការស្វែងរកដំណោះស្រាយទៅលើបញ្ហាណាមួយក្នុងបរិយាកាសតានតឹងនិងអ៊ូអរ។ បើទោះជាអ្នកបង្ខំខួរក្បាលឲ្យគិតរកឃើញដំណោះស្រាយក៏ដោយ ការដោះស្រាយតាមអារម្មណ៍ទាន់ហន់បែបនេះនឹងមិននាំមកនូវដំណោះស្រាយដ៏ល្អនោះឡើយ។ នៅពេលខួរក្បាលអ្នកហត់នឿយហើយ មានតែធម្មជាតិនេះឯងដែលចូលមកបំពេញថាមពលដែលបាត់បង់អស់ឲ្យត្រឡប់មកវិញជាមួយភាពស្រស់ស្រាយនិងច្នៃប្រឌិត។ ភាពស្ងប់ស្ងាត់និងខ្យល់អាកាសបរិសុទ្ធពីធម្មជាតិនឹងរំងាប់អារម្មណ៍តប់ប្រមល់ ឆេវឆាវ និងទុក្ខព្រួយដែលរងឥទ្ធិពលពីសម្ពាធការងារ ជាលទ្ធផលអ្នកនឹងអាចរកឃើញដំណោះស្រាយបញ្ហាបានកាន់តែប្រសើរជាងមុន។
៣) កាត់បន្ថយហានិភ័យពីការស្លាប់មុនអាយុ៖ បរិស្ថានបៃតងនិងជីវិតរស់នៅរបស់មនុស្សមានទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួត។ ការស្រូបយកខ្យល់បរិសុទ្ធ មានអុកស៊ីហ្សែនគ្រប់គ្រាន់នឹងអំណោយផលដល់ដំណើរការណ៍របស់គ្រឿងម៉ាស៊ីនខួរក្បាល និងបង្កើនអារម្មណ៍វិជ្ជមានចំពោះខ្លួនឯង។ ការសិក្សាមួយពី Environmental Health Perspectives បានរកឃើញអត្រាការស្លាប់ធ្លាក់ចុះ១២% ថែមទាំងកាត់បន្ថយហានិភ័យនៃការស្លាប់ពីមហារីក រោគថ្លើម ឬជំងឺតម្រង់នោមផងដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ businessinsider