ប្រវត្តិសាស្ត្រចក្រភពអាតេក (Aztec empire) ជាទឹកដីនៅមុនការកកើតប្រទេសមិុកសីុកូបច្ចុប្បន្ន​



ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ម៉ិកស៊ីកូ​មាន​កំណើត​ចេញ​មក​ពី​ចក្រភព​បុរាណ​មួយ ដែល​មាន​ឈ្មោះ​ថា ចក្រភព​អាតេក (Aztec empire) ដែល​បង្កប់​នូវ​រឿងរ៉ាវ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាច្រើន ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ចក្រភព​បង្ហូរ​ឈាម​គ្នា​មួយ​ដែល​មាន​ទំនៀមទម្លាប់​ប្រពៃណី​បូជា​មនុស្ស​ថ្វាយ​អាទិទេព ច្បាប់​នៃ​ទាសភាព​ដ៏​ប្លែក​ពី​គេ ថែម​ទាំង​ជា​ទឹកដី​កំណើត​របស់​បង្អែម​ដ៏​ពេញ​និយម​ជុំវិញ​ពិភពលោក​ដែល​ជា​សូកូឡា​នេះ​ទៀត​ផង។ ចក្រភព​អាតេក បាន​ចាប់ផ្ដើម​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ចាប់​ពី​ក្រុម​កុលសម្ព័ន្ធ​មាន​ដើម​កំណើត​នៅ​ម៉ិកស៊ីកូ​ខាងជើង​បាន​មក​តាំង​ទីលំនៅ​ក្នុង​មេសូអាមេរិក (Mesoamerica) ក្នុង​ដើម​សតវត្ស​ទី​១៣ និង​ដួល​រលំ​ទៅវិញ​នៅ​ក្នុង​ឆ្នាំ​១៥២១​នៃ​គ.ស។ នៅ​ពេល​ពួកគេ​ឃើញ​សត្វ​ឥន្ទ្រី​ឈរ​នៅ​លើ​ដើម​ដំបង​យក្ស​មួយ នៅ​លើ​ដី​មួយ​ដែល​នៅ​ក្បែរ​ព្រំដែន​របស់​ស្ទឹង Texcoco ការណ៍​នេះ​ក៏​នាំ​ពួកគេ​ឲ្យ​ឈ្វេងយល់​ថា​វា​បាន​ផ្ដល់​សញ្ញា​មួយ​ដែល​នាំ​ពួកគេ​ឲ្យ​តាំង​ទីលំនៅ​នៅ​ទីនោះ។ ដូច្នេះ​ក្នុង​ឆ្នាំ​១៣២៥​នៃ​គ.ស រាជធានី Tenochtitlán ដ៏​មាន​ឥទ្ធិពល​របស់​ពួក​អាតេក​នេះ​មាន​មូលដ្ឋាន​ឈរ​នៅ​លើ​ស្ទឹង Texcoco។ [caption id="attachment_41459" align="aligncenter" width="600"] aztecsandtenochtitlan[/caption] រយៈពេល​មិន​យូរ​ប៉ុន្មាន ឥទ្ធិពល​របស់​រាជធានី Tenochtitlán ក៏​បាន​គ្រប​ដណ្ដប់​ទៅលើ​តំបន់​ម៉ិកស៊ីកូ​កណ្ដាល និង​ប្រមូល​រដ្ឋ​ជាច្រើន​មក​ក្រោម​ចំណុះ​របស់​ខ្លួន​នៅ​ត្រឹម​សតវត្ស​ទី​១៥ រហូត​ក៏​ក្លាយ​ជា​ចក្រភព​ដែល​មាន​ផ្ទៃដី​២២​មឺុន​គីឡូម៉ែត្រ​ការ៉េ។ ពួក​អាតេក​មាន​ប្រព័ន្ធ​ដាំដុះ​កសិកម្ម​ដ៏​ឆ្លាត​វៃ​ដែល​ជា​លទ្ធផល​នាំ​មក​នូវ​ដំណាំ​ជា​ប្រចាំ​របស់​ពួកគេ​មាន​ពោត សណ្ដែក ដំឡូង ប៉េងប៉ោះ កាកាវ និង​ផ្លែ​បឺរ រួម​ផ្សំ​ជាមួយ​នឹង​ការ​ស្ទូចត្រី និង​បរបាញ់​សត្វ​ក្នុង​តំបន់​ដ៏​សម្បូរ​បែប ពាណិជ្ជកម្ម​ទាំងនេះ​បាន​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​លូតលាស់​ជា​លំដាប់។ និយាយ​ពី​ប្រពៃណី​បូជា​មនុស្ស​ថ្វាយ​អាទិទេព​វិញ បាន​សម្លាប់​មនុស្ស​ចំនួន​២០,០០០​នាក់​ជា​រៀងរាល់​ឆ្នាំ។ អ្នក​ដែល​ត្រូវ​បាន​យក​មក​បូជា បន្ទាប់​មក​ពួក​អាតេក​នឹង​បរិភោគ​សាច់​មនុស្ស​នេះ​ជា​អាហារ ដោយ​នេះ​គឺជា​ទំនៀមទម្លាប់​របស់​ពួកគេ​តៗ​រហូត​មក។ ចំពោះ​ច្បាប់​ទាសភាព​របស់​ពួក​អាតេក​មាន​លក្ខណៈ​ជា​ការ​ព្រមព្រៀង​ដោយ​ស្ម័គ្រចិត្ត​ពី​បុគ្គល​ដែល​ចង់​លក់​ខ្លួនឯង​ជា​ទាសករ។ ប្រជាជន​អាតេក​ណា​ដែល​ជំពាក់​បំណុល​ធ្ងន់ធ្ងរ ដែល​គិត​ថា​មិន​អាច​មាន​ផ្លូវ​ណា​ផ្សេង​ដើម្បី​ដោះ​បំណុល​បាន នោះ​ពួកគេ​នឹង​ស្ម័គ្រ​លក់​ខ្លួនឯង​ជា​ទាសករ ហើយ​បើ​ពួកគេ​ខិតខំ​ធ្វើការ​បម្រើ​គេ​បាន​ល្អ នោះ​ពួកគេ​ក៏​អាច​ស្វែងរក​សេរីភាព​របស់​ខ្លួន​ចេញ​ពី​ទាសភាព​នេះ​វិញ​បាន​ដែរ។ ដូច្នេះ​ក្នុង​ចំណោម​ពួក​អាតេក ទាសករ​ពុំ​មែន​ជា​រឿង​អាក្រក់​អ្វី​នោះ​ទេ ហើយ​ទាសករ​អាតេក​ក៏​អាច​រៀបការ បង្កើត​កូន និង​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​ទៅលើ​ដី​ផង​ដែរ។ ក្នុង​ឆ្នាំ​១៤៤០​នៃ​គ.ស​គឺ​ជា​ការ​ឡើង​ស្នង​រាជបល្ល័ង្ក​របស់​អធិរាជ Moctezuma I ដែល​ជា​អ្នក​ចម្បាំង​ដ៏​ប៉ិនប្រសប់​និង​ល្បី​ឈ្មោះ​បំផុត​មួយ​រូប​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អាតេក រហូត​ត្រូវ​បាន​ពួក​អាតេក​ចាត់​ទុក​ជា​បិតា​នៃ​ចក្រភព​អាតេក។ នៅ​ដើម​សតវត្ស​ទី​១៦ ក្រោម​ការ​ដឹកនាំ​របស់​អធិរាជ​ដែល​ត្រូវ​បាន​គេ​ទុក​ដូចជា​អាទិទេព​របស់​គេ​នេះ ចក្រភព​អាតេក​ត្រួតត្រា​បាន​រហូត​ដល់​ទៅ​៥០០​រដ្ឋ​តូចៗ​ដទៃ​ទៀត និង​មនុស្ស​ប្រមាណ​៦​លាន​នាក់​ទៀត។ [caption id="attachment_41458" align="aligncenter" width="600"] aztecsandtenochtitlan[/caption] នៅ​ខែ​ឧសភា​ឆ្នាំ​១៥១៩ អ្នក​រុករក​របស់​អេស្ប៉ាញ Hernan Cortes រួម​ជាមួយ​នឹង​ទាហាន​រួម​ដំណើរ​ចំនួន​៦០០​នាក់ បាន​មក​ដល់​ឆ្នេរ​សមុទ្រ​ខាង​កើត​នៃ​ប្រទេស​ម៉ិកស៊ីកូ ជាមួយ​នឹង​គោលបំណង​ដំបូង​ដែល​គ្រាន់តែ​ជា​ការ​មក​សម្រេច​បេសកកម្ម​នៃ​ការ​រុករក​ស្វែងយល់​ពី​ចក្រភព​អាតេក​និង​ពាណិជ្ជកម្ម​របស់​ពួកគេ ដែល​ក្រោយ​មក​ក្លាយ​ជា​ការ​ឈ្លានពាន​ដណ្ដើម​ទឹកដី។ ពួក​អេស្ប៉ាញ​ទាំងនោះ​ដឹង​ថា​ពួក​អាតេក​មាន​សត្រូវ​ជាច្រើន​ជាពិសេស​ជាមួយ​ពួក​ក្រុម​កុលសម្ព័ន្ធ​ជនជាតិ​ដើម​ឥណ្ឌា​ដោយសារ​តែ​បង្ខំ​ឲ្យ​ពួក​ជនជាតិ​ដើម​ទាំងនោះ​បង់​ពន្ធ​ថ្លៃៗ ថែម​ទាំង​សម្លាប់​ពួកគេ​ដើម្បី​បូជា​ថ្វាយ​អាទិទេព​ទៀត​ផង។ ដូចនេះ​ពួក​អេស្ប៉ាញ​ក៏​ប្រើប្រាស់​ចំណុច​ខ្សោយ​របស់​ពួក​អាតេក​មួយ​នេះ ហើយ​យក​ឈ្នះ​ឲ្យ​ក្រុម​កុលសម្ព័ន្ធ​ជនជាតិ​ដើម​ឥណ្ឌា​ចុះចូល​រួម​ដំណើរ​ទៅ​ច្បាំង​យក​ទឹកដី​របស់​អាតេក។ ក្នុង​ឆ្នាំ​១៥២១​គឺជា​ឆ្នាំ​នៃ​ការ​ដួល​រលំ​របស់​ចក្រភព​អាតេក ហើយ​រាជធានី Tenochtitlán ត្រូវ​បាន​ប្ដូរ​មក​ជា​ទីក្រុង​ម៉ិកស៊ីកូ​វិញ។ [caption id="attachment_41454" align="aligncenter" width="600"] pinterest[/caption] បើ​ប្រៀប​ទៅ​នឹង​អ្នក​ចម្បាំង​តែ​៦០០​នាក់​របស់​ពួក​អេស្ប៉ាញ អ្នក​ចម្បាំង​របស់​អាតេក​ដែល​មាន​រហូត​ដល់​ទៅ​២០០,០០០​នាក់​មិន​សម​នឹង​អាច​ផ្ដួល​ចក្រភព​ដ៏​ធំ​មួយ​នេះ​ឲ្យ​ដួល​បាន​ឡើយ។ ប៉ុន្តែ​អ្វី​ដែល​នាំ​ឲ្យ​ពួកគេ​បរាជ័យ​នោះ​គឺជា​សព្វាវុធ​ចម្បាំង​ទំនើប​របស់​ពួក​អេស្ប៉ាញ យុទ្ធសាស្ត្រ​ចម្បាំង និង​ជាពិសេស​គឺ​ពួកគេ​បាន​នាំ​ជំងឺ​រាតត្បាត​ដ៏​សាហាវ​និង​ចម្លែក​មក​ចំលង​ពួក​អាតេក ដែល​ក្នុង​រយៈពេល​ត្រឹមតែ​៥​ឆ្នាំ​ប៉ុណ្ណោះ​ប្រជាជន​អាតេក​ជាង​២០​លាន​នាក់​ត្រូវ​បាន​ស្លាប់​ដោយ​មេរោគ​ជំងឺ​មួយ​នេះ ដែល​ជំងឺ​រាតត្បាត​នេះ​ហើយ​គឺជា​ចម្លើយ​ចម្បង​តែ​មួយ​គត់​ដែល​ឆ្លើយ​ទៅ​នឹង​អ្វី​ដែល​ធ្វើឲ្យ​ចក្រភព​អាតេក​ដួល​រលំ​នេះ​ឯង៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ history & listverse & watertown.k12.ma.us & prezi
X
5s