តើមានអ្វីទៅដែលពិសេសនៅក្នុងខួរក្បាលរបស់អ្នកប្រាជ្ញអាល់ប៊ឺត អាញស្តាញ ?
អាល់ប៊ឺត អាញស្តាញ ត្រូវបានគេចាត់ទុកជាអ្នកប្រាជ្ញរូបវិទ្យាដ៏ឈ្លាសវៃបំផុតប្រចាំសតវត្សទី២០ ហើយខួរក្បាលរបស់អាញស្តាញតែងត្រូវបានគេលើកមកធ្វើជាឧទាហរណ៍បង្ហាញពីសមត្ថភាពក្នុងការរិះគិតដ៏ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ទ្រឹស្ដីទំនាក់ទំនងពិសេសដែលមានអាយុកាលជាង១សតវត្សរបស់អ្នកប្រាជ្ញអាល្លឺម៉ង់រូបនេះ នៅតែជាបេះដូងសម្រាប់ផ្ដល់ដង្ហើមដល់រូបវិទ្យាសម័យទំនើប និងជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដែលអាចឲ្យអ្នកវិទ្យាសាស្ត្រជំនាន់ថ្មីនេះរកឃើញsupernovas ប្រហោងខ្មៅ (black holes) និងការវិវត្តរបស់ប្រព័ន្ធព្រះអាទិត្យ។
តើមានអ្វីទៅដែលពិសេសនៅក្នុងខួរក្បាលរបស់អាញស្តាញ ដែលធ្វើឲ្យលោកឆ្លាតវៃយ៉ាងនេះ ?
មានមនុស្សជាច្រើនយល់ឃើញថា ហេតុដែលនាំឲ្យអាញស្តាញជាបុគ្គលដ៏ឈ្លាសវៃ ក៏ដោយសារតែអាញស្តាញមានខួរក្បាលដែលមានទំហំធំជាងអ្នកដទៃ។ តើនេះមិនមានន័យថា ទំហំរបស់ខួរក្បាលជាប់ពាក់ព័ន្ធជាមួយនឹងប្រាជ្ញាទេឬ ? បើទំហំខួរក្បាលពិតគឺជាអ្វីដែលអាចយកមកចង្អុលបង្ហាញពីប្រាជ្ញាបាន ដូច្នេះហេតុអ្វីខួរក្បាលរបស់សត្វត្រីបបែលដែលមានទំហំធំជាងរបស់មនុស្សជាង៥០ដង ជាមួយនឹងទម្ងន់១៧ផោនប្រៀបធៀបនឹងមនុស្សមានត្រឹមតែ៣ផោន ចុះម្ដេចវាមិនឆ្លាតជាងមនុស្សផងទៅ ?
ផ្ទុយទៅវិញ ភស្តុតាងពីការសិក្សារបស់អ្នកស្រាវជ្រាវមួយក្រុមក្នុងឆ្នាំ១៩៩៩របស់សាកលវិទ្យាល័យ McMaster បានបង្ហាញថា ខួរក្បាលអាញស្តាញបែរជាមានទំហំតូចជាងខួរក្បាលមនុស្សធម្មតា។ ប៉ុន្តែគឺជាផ្នែក parietal lobesរបស់អាញស្តាញ ដែលស្ថិតនៅផ្នែកខាងលើនិងខាងក្រោយនៃខួរក្បាល មានទំហំធំជាងមនុស្សធម្មតា១៥%។ ថ្វីត្បិតតែផ្នែកមួយនេះមិនជាប់ពាក់ព័ន្ធអ្វីនឹងកម្រិតIQ ប៉ុន្តែវាមានទំនាក់ទំនងជាមួយនឹងសមត្ថភាពប្រើប្រាស់គណិតវិទ្យា និងការគិតបែបប្រឌិតចេញជារូបភាព និងជាផ្នែកមួយដែលមានភាពសកម្មខ្ពស់នៅពេលគិតបែបច្នៃប្រឌិត។
វាជាលទ្ធផលស្រាវជ្រាវដ៏សមហេតុផលមួយ ព្រោះថាអាញស្តាញមានទម្លាប់ក្នុងការគិតដែលមានលក្ខណៈប្លែកពីអ្នកដទៃ នៅត្រង់ថាគាត់តែងស្រមៃអ្វីមួយក្នុងទម្រង់ជារូបភាព ជាជាងក្នុងទម្រង់ជាពាក្យសម្ដី។ នៅក្នុងវ័យ១៦ឆ្នាំ អាញស្តាញបានស្រមៃគិតថា លោកកំពុងតែរត់ដេញបាច់ពន្លឺមួយ ដែលឈុតឆាកសម្ដែងជារូបភាពនៅក្នុងខួរក្បាលមួយនេះក៏បានក្លាយជាគ្រាប់ពូជនៃគំនិតសម្រាប់ផ្លាស់ប្ដូរការមើលឃើញថ្មីមួយរបស់ពិភពលោកជាមួយនឹងការបង្កើតទ្រឹស្ដីទំនាក់ទំនងពិសេសរបស់លោកនេះហើយ។
ឃ្លាដ៏ល្បីល្បាញមួយរបស់អាញស្តាញបានលើកឡើងថា៖ "ការស្រមើស្រមៃមានសារៈសំខាន់ជាងចំណេះដឹង"។ ដូច្នេះហើយការពិសោធន៍ទ្រឹស្ដីរបស់លោកគឺធ្វើឡើងនៅក្នុងការគិត ដែលគេហៅថា thought experiment។ នៅពេលអាញស្តាញប្រឡងធ្លាក់ក្នុងការបញ្ចប់ការសិក្សាសាកលវិទ្យាល័យ គាត់ក៏បានបម្រើការជាអ្នកត្រួតពិនិត្យប័ណ្ណកម្មសិទ្ធិបញ្ញារបស់ការស្រាវជ្រាវអ្នកវិទ្យាសាស្ត្រផ្សេងៗឲ្យក្រុមហ៊ុនមួយរបស់ស្វីស។ នៅពេលកំពុងធ្វើការ គាត់ក៏បានឃើញបុរសអ្នកសាងសង់អាគារមួយឈរនៅលើដំបូល ហើយក៏ស្រមៃថាបុរសនេះធ្លាក់មក ដែលការស្រមៃរវើរវាយនេះនាំឲ្យលោករកឃើញថាទំនាញផែនដីនិងសំទុះជាគំនិតតែមួយ។
ក្នុងការសិក្សាខាងលើដដែលក៏បង្ហាញបន្ថែមទៀតពីចំណុចពិសេសនៅក្នុងរចនាសម្ព័ន្ធខួរក្បាលរបស់អាញស្តាញ គឺនៅត្រង់ចំនួនកោសិកាជំនួយ (glial cells) មានច្រើនលើសពីមនុស្សធម្មតា។ កោសិកាជំនួយដែលតាមធម្មតាមានវត្តមានត្រឹមតែ១០%នៃកោសិកាទាំងអស់របស់ខួរក្បាលនេះ បើកាលណាមានវាកាន់តែច្រើន នោះវានឹងដើរតួនាទីបង្កើនល្បឿនទំនាក់ទំនងរវាងណឺរ៉ូននិងណឺរ៉ូន ហើយវាក៏ជាផ្នែកដែលត្រួតត្រាទៅលើការគិតក្នុងផ្នែកផ្សេងទៀតផងដែរ ដូច្នេះវត្តមានវាច្រើននឹងជួយបង្កើនសមត្ថភាពក្នុងការគិតកាន់តែខ្ពស់ជាងមុន។
ទោះជាយ៉ាងណា មានកោសិកាជំនួយច្រើនក៏មិនទាន់គ្រប់គ្រាន់សម្រាប់ជំរុញឲ្យអាញស្តាញឆ្លាតវៃបាននោះដែរ ព្រោះកោសិកាជំនួយទាំងនោះត្រូវអាស្រ័យទៅលើចំណងដែលមកចងភ្ជាប់ទំនាក់ទំនងរវាងកោសិកាជំនួយនីមួយៗដែរ។ បើកាលណាចំណងមានកាន់តែច្រើន ការទាក់ទងគ្នារវាងកោសិកាខួរក្បាលនីមួយៗនឹងប្រព្រឹត្តទៅកាន់តែលឿននិងឈ្លាសវៃជាងមុន។ លក្ខណៈមួយនេះក៏ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញនៅក្នុងខួរក្បាលរបស់អ្នកប្រាជ្ញអាញស្តាញដែរ គឺនៅត្រង់ផ្នែកស្រទាប់ខាងក្រៅនៃខួរក្បាល ដែលជាផ្នែកមួយដែលទទួលខុសត្រូវទៅលើការចងចាំ។
ការសិក្សាដែលធ្វើការពិនិត្យយ៉ាងម៉ត់ចត់ទៅលើរចនាសម្ព័ន្ធខួរក្បាលរបស់អាញស្តាញក៏មិនទាន់បញ្ចប់ត្រឹមនេះដែរ។ ពួកគេបានចោទជាសំណួរសួរបន្តថា តើអ្វីទៅដែលនាំឲ្យមានចំណងទំនាក់ទំនងរវាងកោសិកាច្រើនដូច្នេះ ? ដូច្នេះពួកគេក៏បានធ្វើការពិសោធន៍ទៅលើកណ្ដុរពីរក្រុម ដែលមួយក្រុមដាក់ឲ្យនៅក្នុងស្ថានភាពដែលមានកម្លាំងជំរុញពីខាងក្រៅ ព្រមទាំងដាក់កិច្ចការថ្មីជាច្រើនឲ្យរៀនសូត្រផងដែរ រីឯក្រុមមួយទៀតមិនបានដាក់ឲ្យនៅក្នុងស្ថានភាពណាដែលមានអ្វីមកជំរុញឡើយ។
បើខួរក្បាលណាមួយមានទម្ងន់ធ្ងន់ជាង នោះបញ្ជាក់ថាកណ្ដុរនោះមានចំណងទំនាក់ទំនងកោសិកាច្រើនជាង ដូច្នេះនឹងឆ្លាតជាង។ ដូច្នេះពួកគេក៏យកទម្ងន់ខួរក្បាលរបស់កណ្ដុរពីក្រុមទាំងពីរមកប្រៀបធៀបគ្នា។ ក្រោយពីការពិសោធន៍ក៏បង្ហាញថាកណ្ដុរដែលបានដាក់ឲ្យនៅក្នុងស្ថានភាពដែលមានកម្លាំងជំរុញពីខាងក្រៅមានចំនួនចំណងច្រើនជាងកណ្ដុរដែលមិនមានអ្វីមកជំរុញសោះ។
អាញស្តាញក៏ធ្លាប់និយាយថា៖ "វិទ្យាសាស្ត្រទាំងមូលគឺគ្មានអ្វីទាំងអស់ ក្រៅតែជាការច្រោះបន្សុទ្ធការគិតដែលមានជាប្រចាំរាល់ថ្ងៃនេះឯង"។ ភាពងឿងឆ្ងល់របស់អាញស្តាញ ដែលខុសពីមនុស្សធម្មតាដែលតែងតែទទួលយកជឿគំនិតមតិភាគច្រើនណាមួយ ដោយពុំបានយកមកត្រិះរិះគិតជាថ្មីដើម្បីពិនិត្យថាតើវាពិតជាត្រឹមត្រូវបែបនេះមែនឬ បាននាំឲ្យអាញស្តាញផ្លាស់ប្ដូរការយល់ឃើញដែលធ្លាប់មានមូលដ្ឋានចាក់ឫសទៅលើទ្រឹស្ដីបុរាណរបស់ញូតុន ឲ្យផ្លាស់ប្ដូរមករកទស្សនថ្មីមួយ ដែលនាំទៅរកការពិតពីសកលលោក៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ blog.evernote & eureka.criver & yourstory