បើអ្នកគេងមិនបានស្កប់ស្កល់ នោះប្រសិទ្ធភាពរបស់អ្នកក្នុងការបញ្ចូលទិន្នន័យថ្មីៗក៏កាត់បន្ថយដែរ
នៅក្នុងជីវិតរបស់មនុស្សយើងគ្រប់គ្នា មិនថាអ្នកទៅដល់ទីណា ហើយធ្វើអ្វីក៏ដោយ អ្នកតែងតែត្រូវពឹងផ្អែកទាំងស្រុងទៅលើការចងចាំនៅក្នុងខួរក្បាលរបស់អ្នកជានិច្ច។ អ្វីក៏ដោយដែលអ្នកបានរៀនសូត្រ អ្នកត្រូវផ្ទុកទិន្នន័យទាំងនោះចូលទៅក្នុងការចងចាំរបស់អ្នក ដើម្បីទាញវាយកមកប្រើប្រាស់ពេលក្រោយ។ មានកត្តាជាច្រើនដែលរារាំងអ្នកឲ្យពិបាកក្នុងការទាញយកទិន្នន័យដែលបានស្តុកទុកទាំងនោះត្រឡប់មកវិញដើម្បីប្រើប្រាស់ ប៉ុន្តែក្នុងចំណោមកត្តាជាច្រើន កត្តាដែលសំខាន់ជាងគេបំផុត នោះគឺជាទំនាក់ទំនងរវាងការចងចាំនិងការគេងរបស់អ្នក។
តើអ្នកដឹងទេថា បើកាលណាអ្នកមានបញ្ហាពាក់ព័ន្ធនឹងការគេង នោះវាក៏នឹងទៅរំខានដល់ប្រសិទ្ធភាពក្នុងការរៀនសូត្រនិងបញ្ចូលទិន្នន័យថ្មីៗដែរ ? ម្យ៉ាងទៀត វាក៏មិនត្រឹមតែជាការគេងធម្មតានោះដែរ តែការចងចាំនឹងចាក់ឫសបានកាន់តែរឹងមាំនៅពេលអ្នកគេងបានស៊ប់ ឬស្កប់ស្កល់។ អ្នកស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Northwestern បានធ្វើការពិសោធន៍ដោយឲ្យមនុស្សរៀនពីបទភ្លេងចំនួនពីរបទផ្សេងគ្នា បន្ទាប់មកឲ្យពួកគេគេងរយៈពេល៩០នាទី។ នៅពេលមនុស្សគេងលក់ស្កប់ស្កល់ នោះខួរក្បាលពួកគេនឹងឈានចូលទៅដល់ដំណាក់កាលមួយដែលប្រេកង់មានទាបបំផុត ដែលគេហៅថារលកដែលតា។ ដូច្នេះដោយប្រើប្រាស់ម៉ាស៊ីន EEG អ្នកស្រាវជ្រាវនឹងអាចវាស់ស្ទង់ទៅលើខួរក្បាលរបស់មនុស្សដែលត្រូវបានយកមកពិសោធន៍ទាំងនោះថាតើវត្តមានរបស់រលកដែលតាកំពុងតែបង្ហាញឬអត់ នោះនឹងបញ្ជាក់ថាពួកគេកំពុងតែគេងលក់ស្កប់ស្កល់ហើយ។ អំឡុងពេលនៃការគេងលក់ស្កប់ស្កល់របស់អ្នកទាំងនោះ អ្នកស្រាវជ្រាវក៏បានលេងបទភ្លេងមួយក្នុងចំណោមបទភ្លេងពីរផ្សេងពីគ្នានោះ។ នៅពេលពួកគេភ្ញាក់មកវិញ អ្នកស្រាវជ្រាវក៏ឲ្យពួកគេលេងបទភ្លេងទាំងពីរនោះ។ លទ្ធផលក៏បានរកឃើញថា អ្នកទាំងនោះមានការចងចាំទៅលើបទភ្លេងដែលអ្នកស្រាវជ្រាវបានលេងទៅកាន់ពួកគេក្នុងពេលគេងលក់ស្កប់ស្កល់បានល្អ ជាងបទភ្លេងដែលមិនបានលេងសោះ។ ក្រៅពីនេះក៏មានការពិសោធន៍ស្រដៀងគ្នានេះ ដែលជាភស្តុតាងបញ្ជាក់ពីទំនាក់ទំនងមិនអាចកាត់ផ្ដាច់បានរវាងការគេងលក់ស្កប់ស្កល់ទៅនឹងប្រសិទ្ធភាពក្នុងការទទួលយកទិន្នន័យថ្មីៗមកស្តុកទុកក្នុងការចងចាំរយៈពេលវែងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ បើសិនអ្នកជាសិស្សសាលាដែលត្រូវប្រឡងនៅថ្ងៃបន្ទាប់ ការពិសោធន៍ទាំងនេះនឹងអាចឲ្យអ្នករៀនសូត្របានថា ការប្រឹងប្រែងរៀនរហូតដល់យប់ជ្រៅ និងកាត់បន្ថយម៉ោងគេង និងអារម្មណ៍ភ័យព្រួយដែលអ្នកមាន ដែលរំខានដល់ការគេងរបស់អ្នក នោះវានឹងទៅរំខានដល់ដំណើរការណ៍សាងសង់គ្រឹះនៃទិន្នន័យក្នុងការចងចាំដែលអ្នកពឹងផ្អែកទាំងស្រុងនោះដូចគ្នាដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ huffingtonpost