នរណាជាអ្នកនៅពីក្រោយគំនិតនៃការបង្កើតទ្វារបង្វិល (revolving door) ?​



យើង​តែង​សង្កេត​ឃើញ​ថា អ្នក​បង្កើត​វត្ថុ​ច្នៃប្រឌិត​អស្ចារ្យ​នៅ​លើ​លោក​នេះ​តែងតែ​មាន​ឫសគល់​ចេញ​មក​ពី​ការ​កត់​សម្គាល់​ឃើញ​នូវ​បញ្ហា ឬ​ចន្លោះ​ប្រហោង​បង្កប់​ក្នុង​អ្វី​មួយ​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​សង្គម​រស់នៅ​របស់​បុគ្គល​ទាំងនោះ ហើយ​ពួកគេ​មាន​បំណង​ចង់​ដោះស្រាយ​បញ្ហា​នោះ​ដើម្បី​កែប្រែ​ការ​រស់នៅ​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន។ លោក Mark Zuckerberg ចង់​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​មនុស្ស​ជុំវិញ​ពិភពលោក នាំ​ទៅ​រក​ការ​បង្កើត​បណ្ដាញ​សង្គម​យក្ស Facebook ។ រីឯ​លោក Michael Faraday មើល​ឃើញ​គំរូ​ចាស់​របស់​ម៉ាស៊ីន​ដើរ​ដោយ​ចំហាយ​ទឹក ដែល​ខាត​ថាមពល​អស់​ច្រើន​និង​ទទួល​បាន​ប្រសិទ្ធភាព​ទាប បាន​នាំ​ទៅ​រក​ការ​ច្នៃប្រឌិត​បង្កើត​គំរូ​ថ្មី​របស់​ម៉ាស៊ីន​ដើរ​ដោយ​ចំហាយ​ទឹក ដែល​ជា​ការ​ចាប់ផ្ដើម​នៃ​បដិវត្ត​ឧស្សាហកម្ម។ មូលហេតុ​ទាំងនេះ​ក៏​នាំ​ឲ្យ​មាន​ចម្ងល់​មួយ​ថា ចុះ​ហេតុអ្វី​ទ្វារ​បង្វិល (revolving door) ត្រូវ​បាន​បង្កើត​ឡើង ? kទ្វារ​បង្វិល ផ្គុំ​ឡើង​ដោយ​ទ្វារ​ចំនួន​ពី​៣​ទៅ​៤ ដោយ​ដាក់​ចន្លោះ​ពី​ទ្វារ​មួយ​ទៅ​ទ្វារ​មួយ​ទៀត​ស្មើ​គ្នា ហើយ​បង្វិល​ជា​រង្វង់​នៅ​ក្នុង​ស៊ីឡាំង​មួយ ដាក់​នៅ​ចំ​កណ្ដាល​ផ្លូវ​ចូល​របស់​អាគារ។ លើក​ក្រោយ​ទៀត បើ​សិន​ជា​អ្នក​បាន​ប្រើប្រាស់​ទ្វារ​បង្វិល អ្នក​ត្រូវ​តែ​នឹក​ឃើញ​ដល់​អ្នក​ច្នៃប្រឌិត​ជនជាតិ​អាមេរិក មក​ពី​ទីក្រុង Philadelphia នៃ​រដ្ឋ Pennsylvania គឺ​លោក Theophilus van Kannel (១៨៤១​ដល់​១៩១៩)។ [caption id="attachment_41655" align="aligncenter" width="600"] browsebiography[/caption] នៅ​អំឡុង​សតវត្ស​ទី​១៩ មុន​នឹង​ការ​លេច​ឡើង​នៃ​ទ្វារ​បង្វិល គេ​ពេញ​និយម​ប្រើប្រាស់​ទ្វារ​បិទ​បើក​ធម្មតា​នៅ​ឡើយ។ កាល​ពី​ក្មេង លោក​មិន​ចូលចិត្ត​របៀបរបប​នៃ​ឥរិយាបថ​របស់​ទ័ព​សេះ​កាល​ពី​សម័យ​នោះ ដែល​ឈរ​ចាំ​បើក​ទ្វារ​ឲ្យ​ស្ត្រី។ ដូច្នេះ​ហើយ​លោក​ក៏​បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ជា​វ័យ​ជំទង់​ដើម្បី​ច្នៃប្រឌិត​ទ្វារ​បង្វិល​នេះ​ឡើង ហើយ​ក្នុង​ជីវិត​របស់​គាត់​ក៏​មិន​ដែល​ធ្លាប់​រៀបការ​ដែរ។ នៅ​ក្នុង​ឆ្នាំ​១៨៨៨ គាត់​ក៏​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​បញ្ញា​ជាមួយ​នឹង​ការ​ច្នៃប្រឌិត​ទ្វារ​រង្វិល​របស់​លោក ដែល​គាត់​ឲ្យ​ឈ្មោះ​ថា "storm-door structure"។ [caption id="attachment_41650" align="aligncenter" width="600"] historiainventos.blogspot[/caption] មាន​ហេតុផល​ជាច្រើន ដែល​ការ​ច្នៃប្រឌិត​ទ្វារ​បង្វិល​របស់​លោក Theophilus បាន​នាំ​មក​នូវ​ប្រយោជន៍​ដល់​សង្គម រហូត​ទទួល​បាន​ពាន​រង្វាន់​មេដាយ John Scott របស់​ស្ថាប័ន Franklin នា​ឆ្នាំ​បន្ទាប់។ នៅ​ក្នុង​រដូវ​ត្រជាក់ បើ​ទោះ​ជា​បើក​ឬ​បិទ​មួយ​ភ្លែត​ក៏​ដោយ ទ្វារ​បុរាណ​នឹង​នាំ​យក​ខ្យល់​ត្រជាក់​ចូល​មក នៅ​ពេល​នោះ​សីតុណ្ហភាព​នៅ​ក្នុង​អាគារ​នឹង​ប្រែ​ជា​ត្រជាក់​នៅ​ខាង​ក្នុង ដូច្នេះ​ពួកគេ​នឹង​ត្រូវ​ចំណាយ​ប្រាក់​បន្ថែម​ដើម្បី​ថាមពល​ម៉ាស៊ីន​កម្ដៅ។ ឯ​ក្នុង​រដូវ​ក្ដៅ​គេ​ត្រូវ​ចំណាយ​លើ​ម៉ាស៊ីន​ត្រជាក់​ច្រើន​ដូច​គ្នា​ដែរ។ ប៉ុន្តែ​ទ្វារ​បង្វិល​នឹង​ជួយ​រក្សា​សីតុណ្ហភាព​នៅ​ក្នុង​អាគារ​បាន​យ៉ាង​ល្អ​ប្រសើរ ទាំង​ក្នុង​រដូវ​ក្ដៅ​និង​រដូវ​ត្រជាក់។ ដូច្នេះ​ការ​ចំណាយ​ទៅលើ​ថាមពល​ប្រមាណ​៣០%​ត្រូវ​បាន​កាត់បន្ថយ។ ម្យ៉ាងវិញទៀត ការ​បង្កើត​ថ្មី​របស់​អ្នក​ច្នៃប្រឌិត​ទ្វារ​បង្វិល​នេះ គឺ​អាច​ចំណេញ​ពេលវេលា​របស់​អ្នក​ធ្វើ​ដំណើរ នៅ​ត្រង់​ថា​ពួកគេ​អាច​ចេញ​និង​ចូល​បាន​ក្នុង​ពេល​តែ​មួយ ប្រៀប​នឹង​ទ្វារ​បិទ​បើក​ដែល​ទាល់តែ​អ្នក​ចេញ​បាន​ចេញ​សិន ទើប​អ្នក​ចូល​អាច​ចូល​បាន។ សំឡេង​រំខាន​និង​ក្លិន​មិន​ល្អ​ផ្សេងៗ​ពី​ខាងក្រៅ​អាគារ​ក៏​អាច​កាត់បន្ថយ​នៅ​ពេល​ប្រើប្រាស់​ទ្វារ​បង្វិល​ដែរ។ ចំណុច​ល្អ​មួយ​ទៀត​គឺ​ទ្វារ​បង្វិល​មិន​បញ្ចេញ​សំឡេង​ដ៏​គួរ​ឲ្យ​រំខាន​ដូច​ទ្វារ​បុរាណ នៅ​ពេល​បិទ​បើក​វា​នោះ​ទេ។ លោក Theophilus ក៏​បាន​បង្កើត​ក្រុមហ៊ុន​ផលិត​ទ្វារ​បង្វិល​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា The Van Kannel Company។ ប៉ុន្តែ​ក្នុង​ឆ្នាំ​១៩០៧ លោក​ក៏បាន​លក់​កម្មសិទ្ធិ​បញ្ញា​ទៅ​ឲ្យ​ក្រុមហ៊ុន International Steel ដែល​បច្ចុប្បន្ន​មាន​ឈ្មោះ​ថា The International Revolving Door។ ក្នុង​វ័យ​៧៨​ឆ្នាំ ក្នុង​ឆ្នាំ​១៩១៩ លោក​ក៏​បាន​ទទួល​អនិច្ចកម្ម ដោយ​បាន​បន្សល់​ទុក​នូវ​ប្រយោជន៍​ពី​ការ​ច្នៃប្រឌិត​របស់​លោក​មក​ដល់​ជំនាន់​ក្រោយ​ឲ្យ​រស់រវើក​ដដែល។ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ curiosity & wonderopolis & philly & science.howstuffwork
X
5s