គន្លឹះ​៤​យ៉ាង​សម្រាប់​គ្រូ​​ទើប​តែ​បង្រៀន​ថ្មី​ថ្មោង​



ជា​ការ​ពិត​ណាស់ ការ​ចុះ​ទៅ​បង្រៀន​នរណា​ម្នាក់​​មិន​មែន​ជា​រឿង​ងាយ​ស្រួល​​នោះ​ទេ។ វា​រឹត​តែ​ពិបាក​មួយ​កម្រិត​ទៀត​​នៅ​ពេល​ដែល​អ្នក​ត្រូវ​​ចុះ​បង្រៀន​ថ្នាក់​មួយ​ដែល​មាន​សិស្ស​ដល់​ទៅ​២០​ឬ​៣០​នាក់។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិន​ជា​អ្នក​​ទើប​​តែ​ចុះ​បង្រៀន​លើក​ទី​មួយ​ទៀត​នោះ ការ​មាន​សម្ពាធ​និង​ភាព​ភ័យ​ខ្លាច​គឺ​​ជា​រឿង​ដែល​ជៀស​មិន​​ផុត​ឡើយ។ តែ សូម​កុំ​បារម្ភ​អី គន្លឹះ​ខាង​ក្រោម​នេះ​នឹង​ជួយ​អ្នក​បាន៖

១) ស្វែង​រក​ដំបូន្មាន​ពី​គ្រូ​ដទៃ៖ គន្លឹះ​មួយ​ដ៏​​សាមញ្ញ​តែ​មាន​ប្រសិទ្ធភាព​​ដើម្បី​ក្លាយ​ខ្លួន​ជា​គ្រូ​​ល្អ​ម្នាក់​គឺ​ស្វែង​រក​ដំបូន្មាន​ ឬ​គន្លឹះ​ពី​គ្រូ​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ​ ពី​ព្រោះ​ថា​ពួក​គាត់​​មិន​ត្រឹម​តែ​អាច​ផ្តល់​គន្លឹះ​ជាក់​ស្តែង​ដែល​អ្នក​អាច​អនុវត្ត​ក្នុង​ការងារ​​នោះ​ទេ​ ថែម​ទាំង​អាច​បង្កើន​​ទំនុក​ចិត្ត​ក្នុង​ការ​បង្រៀន​ទៀត​ផង។

២) អត់​ទ្រាំ​នឹង​ឥរិយាបថ​អាក្រក់​របស់​សិស្ស៖ ជា​ការ​ពិត​ណាស់ ជីវិត​ជា​គ្រូ​បង្រៀន​តែង​តែ​ពោរពេញ​​​ទៅ​ដោយ​អារម្មណ៍​គ្រប់​បែប​យ៉ាង​ទាំង​ខឹង​ ទាំង​មួម៉ៅ ទាំង​អន់​ចិត្ត។ល។ ហើយ​ការ​រៀន​អត់​ទ្រាំ​នឹង​អារម្មណ៍​ទាំង​នោះ​អាច​ជា​ឧបសគ្គ​​​មួយ​ផង​ដែរ​សម្រាប់​គ្រូ​ថ្មី​ថ្មោង។ ប៉ុន្តែ ប្រសិន​ជា​អ្នក​​អាច​ជម្នះ​នូវ​បញ្ហា​នេះ​បាន ជីវិត​ជា​គ្រូ​បង្រៀន​របស់​អ្នក​​នឹង​ល្អ​ប្រសើរ​ជា​ពុំ​ខាន។​

៣) ទ្រឹស្ដី​និង​​ការ​អនុវត្ត​ផ្ទាល់៖ ប្រាកដ​ណាស់​ថា​ ក្នុង​នាម​ជា​គ្រូ​បង្រៀន​ថ្មី​ថ្មោង យើង​តែង​តែ​ប្រាថ្នា​ចង់​ឲ្យ​សិស្ស​ធ្វើ​នូវ​អ្វី​ដែល​យើង​បាន​រៀប​ចំ​សម្រាប់​ថ្នាក់។ ប៉ុន្តែ ប្រសិន​ជា​ពួក​គាត់​ទំនេរ​ពេក​ឬ​ធុញទ្រាន់​នោះ ពួក​គេ​នឹង​មិន​មាន​អារម្មណ៍​ក្នុង​ការ​រៀន​នោះ​ទេ។ ដូច្នេះ​ហើយ ​ត្រូវ​រក្សា​គម្លាត​រវាង​ទ្រឹស្ដី​និង​ការ​អនុវត្ត​ផ្ទាល់​ កុំ​ឲ្យ​សិស្ស​ធុញ​។ អ្នក​​​​​មិន​អាច​​និយាយ​ពេល​មួយ​ម៉ោង​​ឬ​កូន​សិស្ស​គិត​តែ​អង្គុយ​ធ្វើ​លំហាត់​នោះ​ទេ។ យុទ្ធ​សាស្ត្រ​ល្អ​ក្នុង​ការ​បង្រៀន​គឺ​​ត្រូវ​​មាន​ទ្រឹស្ដី​និង​ការ​អនុវត្ត​ជាក់​ស្តែង​រួម​គ្នា​។

៤) រៀន​ពី​កំហុស៖ ជា​រឿង​ដែល​ជៀស​មិន​ផុត​នោះ​ទេ អ្នក​នឹង​មាន​កំហុស​ជា​ច្រើន​​នៅ​​ពេល​ចាប់​ផ្តើម​​បង្រៀន​លើក​ទី​មួយ។ ប៉ុន្តែ ចូរ​ចង​ចាំ​ថា​អ្នក​កំពុង​ស្ថិត​នៅ​ការ​អភិវឌ្ឍន៍។ កុំ​ខ្លាច​ក្នុង​ការ​ប្រព្រឹត្ត​កំហុស​ណា​មួយ។ ផ្ទុយ​ទៅ​វិញ ការ​បង្រៀន​របស់​អ្នក​នឹង​ល្អ​ប្រសើរ​រាល់​ពេល​ដែល​អ្នក​រៀន​និង​កែប្រែ​កំហុស​របស់​អ្នក៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ impactteachers.com

X
5s