Lise Meitner រូបវិទូស្ត្រីអូទ្រីសដើមកំណើតជ្វីស ដែលបានរកឃើញដំណើរការណ៍បន្ទុះនុយក្លេអ៊ែរ
ដើម្បីអាចផលិតថាមពលអគ្គិសនីដែលជាតម្រូវការមូលដ្ឋានដ៏ចាំបាច់សម្រាប់ការរស់នៅរបស់មនុស្សបាន ឧបករណ៍ដែលត្រូវមាននោះគឺជាម៉ាស៊ីនតួប៊ីន (turbine generator)។ ម៉ាស៊ីនតួប៊ីនអាចដំណើរការណ៍បាន លុះត្រាតែមានអ្វីមួយធ្វើឲ្យមានចលនា ដូច្នេះហើយទើបបានជាគេអាចប្រើវារីអគ្គិសនី ដែលប្រើប្រាស់ចលនាទឹកហូររុញស្លាបតួប៊ីនឲ្យមានចលនានិងដំណើរការណ៍បង្កើតជាអគ្គិសនីបាន និងមានជម្រើសមួយទៀតនោះគឺគេអាចប្រើចំហាយទឹកដើម្បីធ្វើឲ្យតួប៊ីនដំណើរការណ៍បាន។ តើគេយកចំហាយទឹកមកពីណា ? ចំហាយទឹកអាចបង្កើតបានដោយការដុតផូស៊ីលឥន្ធនៈ និងមួយទៀតចេញមកពីបន្ទុះនុយក្លេអ៊ែរ។ តើបន្ទុះនុយក្លេអ៊ែរកើតឡើងយ៉ាងដូចម្ដេច ?
តើនរណាជាអ្នករកឃើញគំនិតដ៏ស្មុគស្មាញនិងអស្ចារ្យមួយនេះ ? បន្ទាប់ពីអ្នកវិទ្យាសាស្ត្រស្ត្រី Marie Curie ដែលបានឈ្នះពានរង្វាន់ណូបែលចំពោះការរកឃើញធាតុគីមីវិទ្យុសកម្មអ៊ុយរ៉ាញ៉ូម នោះគឺជាអ្នកវិទ្យាសាស្ត្រស្ត្រីជនជាតិអូទ្រីស ដើមកំណើតជ្វីស Lise Meitner នេះឯងដែលជាមនុស្សដំបូងបង្អស់ដែលបានរកឃើញដំណើរការណ៍បន្ទុះនុយក្លេអ៊ែរ។ នៅក្នុងទីក្រុងវីយែណា Meitner មានកំណើតនៅថ្ងៃទី៧វិច្ឆិកា ឆ្នាំ១៨៧៨ ជាកូនទី៣ក្នុងចំណោមបងប្អូន៨នាក់ ដែលមានឪពុកជាមេធាវី។ អំឡុងពេលនោះ ការអប់រំនៅក្នុងសាលាមិនត្រូវបានលើកទឹកចិត្តសម្រាប់ក្មេងស្រីដូចក្មេងប្រុសនោះឡើយ។ ឧបសគ្គរារាំងពីផ្នត់គំនិតសង្គមមួយនេះពុំបានបញ្ចប់ដំណើរជីវិតរបស់ក្មេងស្រីដែលពោរពេញទៅដោយជំនក់ចិត្តនិងមហិច្ឆតាដ៏គួរឲ្យស្ញប់ស្ញែងរូបនេះឲ្យក្លាយជាស្ត្រីមេផ្ទះដូចក្មេងស្រីដទៃទៀតនោះឡើយ។
ដូច្នេះហើយ ក្នុងឆ្នាំ១៩០១ ក្មេងស្រីវ័យ២៣ឆ្នាំMeitnerក៏បានប្រឡងជាប់ចូល University of Vienna។ គាត់បានចាប់ផ្ដើមរកឃើញថាគឺជារូបវិទ្យានេះហើយដែលជាចំណង់ចំណូលចិត្តរបស់គាត់ នៅពេលកំពុងរៀនជាមួយគ្រូ Ludwig Boltzmann ហើយក្មួយរបស់អ្នកវិទ្យាសាស្ត្រស្ត្រីអូទ្រីសរូបនេះក៏បានរៀបរាប់ថា៖ "Boltzmann បានធ្វើឲ្យគាត់មានទស្សនវិស័យមួយចំពោះរូបវិទ្យាដែលជាឆាកប្រយុទ្ធមួយសម្រាប់ស្វែងរកនូវការពិត ដែលទស្សនវិស័យនេះហើយគឺជាអ្វីដែលគាត់មិនដែលបោះបង់"។ ក្នុងឆ្នាំ១៩០៥គាត់បានក្លាយជាស្ត្រីទី២ដែលបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតផ្នែករូបវិទ្យាពីសាកលវិទ្យាល័យមួយនេះ។ ឆាកជីវិតនាពេល២ឆ្នាំក្រោយមកគឺជាការផ្លាស់ប្ដូរដ៏ធំធេង Meitner បានក្លាយជាស្ត្រីដំបូងបង្អស់ដែលបានទទួលកិត្តិយសជាសាស្ត្រាចារ្យរូបវិទ្យារបស់ Berlin's Kaiser Wilhelm Institute for Chemistry ក្នុងទីក្រុងប៊ែរឡាំងរបស់អាល្លឺម៉ង់។ នៅទីនោះក្នុងឆ្នាំ១៩០៧ ការរួមសហការគ្នាដ៏ល្អបំផុតដែលមានរយៈកាល៣០ឆ្នាំរវាងរូបវិទូ Meitner និងគីមីវិទូលោក Otto Hahn បានក្លាយជាការសហការមួយដែលបាននាំទៅរកគំនិតនៅពីក្រោយការរកឃើញដំណើរការណ៍នៃបន្ទុះនុយក្លេអ៊ែរ។
អំឡុងពេលក្រោយសង្គ្រាមលោកលើកទី១ អ្នកវិទ្យាសាស្ត្រដើមកំណើតជ្វីសរូបណាក៏ជួបនឹងជោគវាសនាលំបាកវេទនាដូចគ្នាដែរ។ ក្រោមឥទ្ធិពលដ៏ខ្លាំងក្លារបស់មេដឹកនាំផ្ដាច់ការអាល្លឺម៉ង់ អាដុហ្វ ហ៊ីទ្លែ ការរើសអើងជនជាតិជ្វីសដែលនាំទៅរកសង្គ្រាមប្រល័យពូជសាសន៍របស់ជាតិសាសន៍នេះបានចូលមកបង្អាក់ការសហការដែលប្រកបដោយភាពរលូនរវាងMeitnerនិងOtto Hahn។ នៅក្នុងអំឡុងទសវត្សឆ្នាំ១៩៣០នេះ Meitner ដែលបានទទួលខុសត្រូវទៅលើតំណែងជាប្រធានដេប៉ាតឺម៉ង់ផ្នែករូបវិទ្យារបស់ Berlin's Kaiser Wilhelm Institute for Chemistry ទៅហើយ ក៏ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីអាល្លឺម៉ង់ទៅប្រទេសស៊ុយអែត ប៉ុន្តែទំនាក់ទំនងរបស់អ្នកវិទ្យាសាស្ត្រទាំងពីរនៅតែបន្ត ដោយ Meitner តែងតែសរសេរសំបុត្រផ្ដល់ដំបូន្មានណែនាំលោក Otto Hahn ដែលឈានទៅរកការរកឃើញបន្ទុះនុយក្លេអ៊ែរ។
ការរើសអើងជាតិសាសន៍ជ្វីសគឺជាមូលហេតុមួយដែលពានរង្វាន់ណូបែលផ្នែកគីមីចំពោះការរកឃើញបន្ទុះនុយក្លេអ៊ែរក្នុងឆ្នាំ១៩៤៤ ត្រូវបានគីមីវិទូ Otto Hahn តែម្នាក់ឯងជាអ្នកទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ ដោយពុំមានឈ្មោះរបស់ Meitner ឡើយ។ នៅថ្ងៃទី២៧តុលា ឆ្នាំ១៩៦៨ ក្នុងបន្ទប់ព្យាបាលជំងឺមួយក្នុងទីក្រុង Cambridge របស់អង់គ្លេស អ្នកវិទ្យាសាស្ត្រស្ត្រីដំបូងគេដែលបានរកឃើញដំណើរការណ៍បន្ទុះនុយក្លេអ៊ែរនេះ ក៏បានរលត់ដង្ហើមពីពិភពលោកនេះ ដោយបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះនិងគំនិតដ៏សំខាន់មួយនេះ បើទោះជាទ្រឹស្ដីរបស់គាត់គឺជាមូលដ្ឋានគ្រឹះដែលត្រូវបានគេយកមកអនុវត្តដើម្បីផលិតគ្រាប់បែកនុយក្លេអ៊ែរបញ្ចប់ជីវិតមនុស្សជាតិរាប់មិនអស់ក្នុងសង្គ្រាមលោកលើកទី២ក៏ដោយ។ បន្ទុះនុយក្លេអ៊ែរគឺជាដំណើរការណ៍មួយ ដែលថាមពលវិទ្យុសកម្មនិងកម្ដៅត្រូវបានបញ្ចេញមកក្នុងកម្រិតដ៏ខ្ពស់មួយ។ តើថាមពលវិទ្យុសកម្មបញ្ចេញមកយ៉ាងដូចម្ដេច ? គេរកឃើញថា នៅក្នុងអ៊ុយរ៉ាញ៉ូមដែលមានអ៊ីសូតូប២៣៥ នៅពេលវាឆ្លងកាត់ដំណាក់កាលពុកផុយ វានឹងបញ្ចេញវិទ្យុសកម្មអាល់ហ្វា។ នៅពេលនោះភាគល្អិតអាល់ហ្វានឹងត្រូវបានលែងឲ្យមានសេរីភាព ឬដូចគ្នានឹងអត្ថន័យថាណឺត្រុងពីរនិងប្រូតុងពីរផ្ដុំបញ្ចូលគ្នាបង្កើតជាណ្វៃយ៉ូ។ បើគេយកណឺត្រុងសេរីមួយដាក់បញ្ចូលបន្ថែមទៅក្នុងណ្វៃយ៉ូមួយនេះ ណ្វៃយ៉ូនឹងទទួលយកណឺត្រុងមួយនេះហើយក្លាយជាមិននឹងន រួចក៏ផ្ទុះបំបែកអាតូមចេញមកភ្លាមៗនោះ។ បន្ទុះនុយក្លេអ៊ែរនេះហើយដែលរំភាយថាមពលវិទ្យុសកម្មនិងកម្ដៅដែលគេយកទៅដាំទឹកបង្កើតជាចំហាយទឹក រួចធ្វើឲ្យម៉ាស៊ីនតួប៊ីនមានចលនានិងផលិតជាថាមពលអគ្គិសនីនេះឯង៕
ដោយ៖ ស្រីពៅ