​អាច​ទេ​ដែល​ថា​ទម្លាប់​របស់​អាញស្តាញ​ទាំង​២​នេះ​ឬ ដែល​មាន​ឥទ្ធិពល​ទៅលើ​ប្រាជ្ញា​ឈ្លាសវៃ​របស់​គាត់ ?​



ទម្លាប់​ជា​ប្រចាំ​ថ្ងៃ​របស់​អ្នក​មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់​មក​លើ​ជីវិត​របស់​អ្នក។ សកម្មភាព​ដែល​អនុវត្ត​ដដែលៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ភាគច្រើន​អ្នក​មិន​សូវ​យកចិត្តទុកដាក់​ក៏​ព្រោះ​តែ​យល់​ថា​វា​គ្រាន់តែ​មាន​ចំណែក​តូច​ក្នុង​ការ​កំណត់​ពី​ភាព​ជោគជ័យ​ឬ​បរាជ័យ​របស់​អ្នក សាក​បណ្ដុះ​ទម្លាប់​កម្ជិល មិន​សូវ​ស្រវាស្រទេញ​អាន​សៀវភៅ និង​ទទួល​យក​ចំណេះដឹង​ពី​ព័ត៌មាន​ថ្មីៗ​ដែល​កើតឡើង​ជុំវិញ​ខ្លួន​អ្នក​ទៅ​មើល ថា​តើ​ខួរក្បាល​អ្នក​នឹង​ប្រែ​ជា​ចុះ​អន់ថយ​សមត្ថភាព​ក្នុង​ការ​គិត​វិភាគ​ស៊ីជម្រៅ និង​ការ​សម្រេច​ចិត្ត​យ៉ាង​ណា​វិញ។ ដោយសារ​បែប​នេះ​ហើយ តើ​អាច​ទេ​ដែល​ថា​ទម្លាប់​របស់​អាញស្តាញ​ទាំង​២​ខាងក្រោម​នេះ​ឬ ដែល​មាន​ឥទ្ធិពល​ទៅលើ​ប្រាជ្ញា​ឈ្លាសវៃ​របស់​គាត់ ?

១) ក្នុង​១​ថ្ងៃ​គាត់​គេង​១០​ម៉ោង៖ ផ្អែក​តាម​ភស្តុតាង​ពី​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ សុទ្ធតែ​បង្ហាញ​ដូចៗ​គ្នា​ពី​ប្រយោជន៍​នៃ​ការ​គេង​បាន​ស្កប់ស្កល់​ដែល​មាន​ចំពោះ​ដំណើរការណ៍​នៃ​ការ​សាងសង់​គ្រឹះ​ឲ្យ​រឹងមាំ​ដល់​ទិន្នន័យ​ក្នុង​ការ​ចងចាំ​រយៈពេល​វែង។ បើ​គិត​កាន់តែ​ស៊ីជម្រៅ​ពី​ឥទ្ធិពល​នៃ​ការ​គេង​ទៅលើ​ប្រាជ្ញា​ឈ្លាសវៃ​ទៅ​ទៀត​នោះ វា​ក៏​នឹង​កាន់តែ​ធ្វើឲ្យ​យើង​ងឿងឆ្ងល់​ថា​ហេតុអ្វី​របក​គំហើញ​វិទ្យាសាស្ត្រ​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​មួយ​ចំនួន បាន​បង្ហាញ​ចម្លើយ​នៅ​ក្នុង​សុបិន​របស់​បុគ្គល​ដែល​បាន​រក​ឃើញ​គំនិត​ទាំងនោះ ដូចជា​ការ​រក​ឃើញ​តារាង​ខួប​នៃ​ធាតុ​គីមី ទម្រង់​នៃ​ហ្សែន និង​ទ្រឹស្ដី​ទំនាក់ទំនង​ពិសេស​របស់​អាញស្តាញ? ទោះជាយ៉ាងណាក៏ដោយ ក្នុង​ដំណាក់កាល​នីមួយៗ​នៃ​ការ​គេង​ចាប់​ពី​រលក​ខួរក្បាល​មាន​សកម្មភាព​លឿន​រហូត​ដល់​យឺត​បំផុត​ដែល​ជា​ពេល​អ្នក​គេង​លក់​ស្កប់ស្កល់ នៅ​ក្នុង​ដំណាក់កាល​ដែល​រលក​ខួរក្បាល​មាន​សកម្មភាព​លឿន ដែល​ជា​សកម្មភាព​អគ្គិសនី​នៅ​ក្នុង​ខួរក្បាល​ពេល​អ្នក​កំពុង​គេង ព្រឹត្តិការណ៍​នេះ​នឹង​កើតឡើង​ច្រើន​បើ​អ្នក​គេង​បាន​កាន់តែ​ច្រើន។ ប៉ុន្តែ​តើ​ព្រឹត្តិការណ៍​នេះ​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ភាព​ឈ្លាសវៃ​ទៅ ? ការ​សិក្សា​រក​ឃើញ​ថា បើ​អ្នក​មាន​ព្រឹត្តិការណ៍​នេះ​កើតឡើង​ច្រើន នោះ​ភាព​ឈ្លាសវៃ​របស់​អ្នក​ក្នុង​ការ​បត់បែន​ក៏​មាន​ខ្ពស់​ដែរ ដែល​សំដៅ​ទៅលើ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ថ្មីៗ ចេះ​ប្រើប្រាស់​ហេតុផល​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ស្ថានភាព​ថ្មី ដែល​ខុស​ពី​សមត្ថភាព​ក្នុង​ការ​ចងចាំ​ការ​ពិត​ឬ​ទិន្នន័យ​ជា​តួលេខ​ជាដើម។ វា​អាច​កើត​ឡើង​បាន​ក៏​អាច​មក​ពី​ដោយសារ​តែ​ជា​ផ្នែក​របស់​ខួរក្បាល​ដែល​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ឡើង ដែល​ជា​ផ្នែក​តាឡាមុស (thalamus) និង​ស្រទាប់​ខាងក្រៅ​នៃ​ខួរក្បាល ដែល​សុទ្ធតែ​ជា​ផ្នែក​ជាប់​ពាក់ព័ន្ធ​ការ​គិត​ស៊ីជម្រៅ​និង​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ឯង។

២) គាត់​តែង​ដើរ​រៀងរាល់​ថ្ងៃ៖ គាត់​មាន​ទម្លាប់​ដើរ​ឆ្ងាយៗ​ជា​ប្រចាំ​នៅ​ពេល​ធ្វើការ​ក្នុង​សាកលវិទ្យាល័យ Priceton ក្នុង​រដ្ឋ New Jersey។ ក្រៅ​ពី​ប្រយោជន៍​នៃ​ការ​ដើរ​មាន​ចំពោះ​សុខភាព​ល្អ​ហើយ វា​ថែម​ទាំង​ជំរុញ​ឲ្យ​មាន​ភាព​ច្នៃប្រឌិត ការ​ចងចាំ​និង​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផង​ដែរ។ ហេតុអ្វី ? ក៏​ព្រោះ​តែ​ការ​ដើរ​នឹង​រំខាន​ដល់​ផ្នែក​នៃ​ខួរក្បាល​ដែល​ទទួល​ខុសត្រូវ​ទៅលើ​ការ​គិត​ដែល​ទាមទារ​ដំណើរការណ៍​ខ្ពស់ និង​ការ​ផ្ចង់​អារម្មណ៍​ផង​ដែរ។ របៀប​នៃ​ការ​គិត​បែប​ផ្ចង់​អារម្មណ៍​ដែល​ប្ដូរ​ទៅ​ជា​រវើរវាយ​ធូរស្រាល​បែប​នេះ ពេល​ខ្លះ​នឹង​ធ្វើឲ្យ​អ្នក​នឹក​ឃើញ​ដល់​គំនិត​ប្លែក​ថ្មី​មួយ​ដែល​អ្នក​មិន​ធ្លាប់​នឹក​ស្មាន​ដល់៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ bbc

X
5s