ហេតុអ្វីសម្បូរតែស្ត្រីដែលរៀនផ្នែកពាក់ព័ន្ធនឹងសង្គម ប៉ុន្តែស្ត្រីរៀនផ្នែកវិទ្យាសាស្ត្រមានតិចតួចម្ល៉េះ ?​



ហេតុអ្វី​ក៏​មាន​ស្ត្រី​ភាគច្រើន​បញ្ចប់​ការ​សិក្សា​ជាមួយ​សញ្ញាប័ត្រ​ផ្នែក​គ្រប់គ្រង ឬ​ធនាគារ ឬ​អក្សរសាស្ត្រ ឬ​ផ្នែក​ដែល​ពាក់ព័ន្ធ​កិច្ចការ​សង្គម ប៉ុន្តែ​ហេតុអ្វី​មាន​ស្ត្រី​តិច​ម្ល៉េះ​ដែល​មាន​សញ្ញាប័ត្រ​ផ្នែក​គណិតវិទ្យា រូបវិទ្យា ឬ​វិស្វកម្ម ឬ​ព័ត៌មានវិទ្យា ឬ​មុខវិជ្ជាSTEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា) ?

នៅ​ក្នុង​ច្បាប់ បុរស​និង​ស្ត្រី​មាន​សិទ្ធិ​ស្មើ​គ្នា ប៉ុន្តែ​បើ​ងាក​មក​មើល​ការ​អនុវត្ត​ជាក់ស្ដែង នៅ​ក្នុង​សង្គម​ទូទាំង​ពិភពលោក​នេះ អំណាច​និង​ឥទ្ធិពល​របស់​បុរស​បាន​គ្រប​ដណ្ដប់​ទៅលើ​ស្ត្រី។ ផ្នត់​គំនិត​សង្គម​ដ៏​អន់ថយ​និង​ចាស់​បុរាណ​មួយ​នេះ អាច​បកស្រាយ​ចម្លើយ​គ្រប់​បែប​យ៉ាង​បាន​ថា​មូលហេតុ​អ្វី​ស្ត្រី​ចូលរួម​ក្នុង​ផ្នែក​STEM​មាន​តិចតួច​ម្ល៉េះ។ ស្ត្រី​នៅ​ពេល​ត្រូវ​បាន​គេ​ប្រាប់​ថា ពួកគេ​នឹង​ធ្វើ​មិន​បាន​ល្អ​នៅ​ក្នុង​ការ​ប្រឡង​គណិតវិទ្យា​នោះ​ទេ នោះ​លទ្ធផល​នឹង​ប្រែ​ទៅ​ជា​អាក្រក់។ ដោយឡែក នៅ​ពេល​ពួកគេ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ថា​ពួកគេ​នឹង​ធ្វើ​បាន​ល្អ នោះ​មនុស្ស​ទាំង​ពីរ​ភេទ​នេះ​ធ្វើ​បាន​ល្អ​ដូច​គ្នា។ បើ​ទោះ​ជា​ការ​មិន​លើក​ទឹកចិត្ត​ឲ្យ​ក្មេង​ស្រី​ចូល​រៀន​សាលា​បាន​ខ្ពង់ខ្ពស់​ដូច​ក្មេង​ប្រុស គឺជា​ទំនៀមទម្លាប់​ដែល​ចាស់​បុរាណ​ប្រកាន់​ខ្ជាប់​និង​អនុវត្ត​តៗ​គ្នា​មក​ក៏​ដោយ ក៏​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​នៃ​សតវត្ស​ទី​២១​នេះ ផ្នត់​គំនិត​មួយ​នេះ​នៅ​តែ​ដក់​ជាប់​យ៉ាង​ក្រាស់ក្រែល​នៅ​ក្នុង​សង្គម​ដដែល។

សង្គម​គ្រួសារ​ដែល​មិន​លើក​ទឹកចិត្ត​ក្មេង​ស្រី​ឲ្យ​ចេះ​ដឹង​ផ្នែក​STEM ដែល​ជា​បេះដូង​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​ជឿនលឿន​បាន ដោយ​យល់​ថា​ស្ត្រី​នឹង​មិន​ធ្វើ​បាន​ល្អ​ដូច​បុរស​នោះ​ឡើយ។ គ្រួសារ​នឹង​ជំរុញ​ឲ្យ​ពួកគេ​រៀន​អ្វី​ដែល​យល់​ថា​ស័ក្ដិសម​សម្រាប់​ស្ត្រី​គួរ​ចេះ មិន​មែន​អ្វី​ដែល​ពួកគេ​ចង់​ចេះ​នោះ​ឡើយ។ ចូល​មក​ដល់​បរិយាកាស​សង្គម ភាព​លម្អៀង​និង​ការ​រើសអើង​នៅកន្លែង​ការងារ​ធ្វើឲ្យ​ស្ត្រី​ទទួល​បាន​កម្រៃ​តិច​ជាង​បុរស​ដែល​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា ក៏​មិន​ខុស​គ្នា​ពី​ឱកាស​និង​រង្វាន់​លើក​ទឹកចិត្ត​ដែល​ទទួល​បាន​តិច​ជាង​បុរស​ដែរ។ សមត្ថភាព​ពិត​ប្រាកដ​និង​ប្រាជ្ញា​ពុំ​មែន​អាស្រ័យ​ទៅលើ​ភេទ​នោះ​ទេ ដោយ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ត្រឹមត្រូវ ស្ត្រី​គង់​តែ​អាច​ធ្វើ​បាន​ល្អ​ដូច​បុរស។ ប្រទេស​មួយ​អាច​អភិវឌ្ឍ​ជឿនលឿន​បាន មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា គឺជា​ចំណេះដឹង​ដ៏​ចាំបាច់​បំផុត ដែល​ត្រូវការ​ការ​ចូលរួម​ទាំង​ពី​បុរស​និង​ស្ត្រី៕

ដោយ៖​ ស្រីពៅ

X
5s