ហេតុអ្វីស្វីសត្រូវបានគេប្រគល់កេរ្តិ៍ឈ្មោះដ៏ឧត្តុង្គឧត្តមជា "ប្រទេសដ៏ល្អជាងគេបំផុតប្រចាំឆ្នាំ២០១៧" ?​



ឆ្លងកាត់​ដំណើរការណ៍​សម្រេច​ចិត្ត​យ៉ាង​ម៉ត់ចត់​និង​ល្អិតល្អន់​រួច​មក របាយការណ៍​និង​ការ​ចាត់​ថ្នាក់​ប្រទេស​ដ៏​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០១៧ (The 2017 Best Countries) បាន​សម្រេច​ចិត្ត​ប្រគល់​កេរ្តិ៍ឈ្មោះ​ដ៏​ឧត្ដុង្គឧត្ដម​ទៅ​ឲ្យ​កូន​ប្រទេស​តូច​មួយ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​អឺរ៉ុប ដែល​ជា​ប្រទេស​ស្វីស គឺជា "ប្រទេស​ដ៏​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០១៧"។ តើ​ប្រទេស​ស្វីស​មាន​ភស្តុតាង​អ្វីខ្លះ​ដើម្បី​បញ្ជាក់​ទៅ​កាន់​ពិភពលោក​ថា ពួកគេ​ពិត​ជា​ស័ក្ដិសម​នឹង​តំណែង​នេះ​មែន ? ការ​ច្នៃប្រឌិត សមិទ្ធផល​របស់​ប្រទេស​មួយ​អាច​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​ខួរក្បាល​របស់​ធនធាន​មនុស្ស​នៅ​ក្នុង​ប្រទេស​មួយ​នោះ។ យើង​ប្រហែល​ជា​អាច​ត្រូវការ​ទិន្នន័យ​ចេញ​ពី​ច្រើន​ជ្រុង ដើម្បី​ទាញ​ទៅ​រក​សេចក្ដី​សន្និដ្ឋាន​មួយ​ដែល​អាច​វាយតម្លៃ​ប្រកប​ដោយ​ការ​ពិចារណា​ថ្លឹងថ្លែង​បាន​ល្អិតល្អន់​ថា​មនុស្ស​ម្នាក់​នោះ​ពិត​ជា​មាន​ទេពកោសល្យ​មែន​ឬ​អត់។ ប៉ុន្តែ​បើ​មើល​ពី​ស្នាដៃ​សមិទ្ធផល​របស់​ពួកគេ យើង​នឹង​អាច​ដឹង​ថា​តើ​ពួកគេ​ពិត​ជា​មាន​ទេពកោសល្យ​មែន​ឬ​យ៉ាងណា។ ស្វីស​គឺជា​ប្រទេស​មួយ​ដែល​ផលិត​បាន​ធនធាន​មនុស្ស​កំពូលៗ​ជាច្រើន ដែល​ពានរង្វាន់​ណូបែល​ចំនួន​២៥​ត្រូវ​បាន​ជាតិសាសន៍​នេះ​ដណ្ដើម​បាន ក្នុង​នោះ​មាន​ចំនួន​៩​ជា​ផ្នែក​វេជ្ជសាស្ត្រ ៦​ជា​ផ្នែក​គីមី ៥​ជា​ផ្នែក​រូបវិទ្យា ៣​ជា​ផ្នែក​សន្តិភាព និង​២​ជា​ផ្នែក​អក្សរសាស្ត្រ។ ចាប់​តាំង​ពី​ឆ្នាំ​២០១១​ត​ជាប់​គ្នា​រហូត​មក​ដល់​ឆ្នាំ​២០១៧ ស្វីស​តែងតែ​អាច​រក្សា​តំណែង​របស់​ខ្លួន ឈរ​នៅ​លំដាប់​កំពូល​គេ​ជា "ប្រទេស​ដែល​មាន​ការ​ច្នៃប្រឌិត​ជាង​គេ​បំផុត​របស់​ពិភពលោក"។ ឯ​កាល​ពី​ឆ្នាំ​២០១៦ សាកលវិទ្យាល័យ École Polytechnique Fédérale de Lausanne (EPFL) ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​ទី៤​ជា "សាកលវិទ្យាល័យ​ដែល​មាន​ការ​ច្នៃប្រឌិត​ជាង​គេ​នៅ​ក្នុង​អឺរ៉ុប"។ [caption id="attachment_41934" align="aligncenter" width="600"] www.epfl.ch[/caption] ក្នុង​ចំណោម​ប្រជាជន​សរុប​ប្រមាណ​ជាង​៨​លាន​នាក់​នៅ​ក្នុង​ផ្ទៃដី​សរុប​ចំនួន​តែ​៤១,២៧៧​គីឡូម៉ែត្រ​ការ៉េ សូម្បី​តែ​ចំនួន​ប័ណ្ណ​កម្មសិទ្ធិ​បញ្ញា​ដែល​ស្វីស​មាន​ចំនួន​៨៩២​គិត​ក្នុង​១​លាន​នាក់ ចំនួន​នេះ​ក៏​នៅ​តែ​អាច​ឲ្យ​ស្វីស​ដណ្ដើម​តំណែង​លើ​គេ​ក្នុង​ឆ្នាំ​២០១៦ ជា​ប្រទេស​ដែល​មាន​កម្មសិទ្ធិ​បញ្ញា​ច្រើន​ជាង​គេ​ក្នុង​១​លាន​នាក់​ដែរ បើ​ប្រៀប​នឹង​ហុល្លង់​ចំនួន​៤០៥ ស៊ុយអែត​៣៦០ ដាណឺម៉ាក​៣៣៤ និង​ហ្វាំងឡង់​៣៣១។ មិនតែប៉ុណ្ណោះ ពួកគេ​ថែម​ទាំង​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សកលលោក​ជាមួយ​នឹង​គម្រោង​ការ​ច្នៃប្រឌិត​បរិស្ថាន​បៃតង​ដែល​មាន​ដូចជា ការ​បង្កើត​យន្តហោះ​ដែល​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ និង​ម៉ាស៊ីន​ដែល​អាច​ចាប់​យក​ឧស្ម័ន​កាបូនឌីអុកស៊ីត​ដែល​បំពុល​បរិយាកាស​ឲ្យ​បាន​១%​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ។ [caption id="attachment_41932" align="aligncenter" width="600"] www.uasvision.com[/caption] សេចក្ដី​សុខ​និង​គុណភាព​ជីវិត របាយការណ៍​ក្នុង​ឆ្នាំ​២០១៧​បាន​បង្ហាញ​ថា ស្វីស​ជា​ប្រទេស​ដែល​មាន​សេចក្ដី​សុខ​ជាង​គេ​លំដាប់​ទី៤​ក្នុង​ពិភពលោក។ បន្ថែម​ពី​លើ​ភស្តុតាង​ដែល​អាយុ​ប្រជាជន​ដែល​អាច​រស់នៅ​បាន​៨២.៨​ឆ្នាំ​ជា​មធ្យម ស្វីស​គឺជា​ប្រទេស​មួយ​ដែល​រាជរដ្ឋាភិបាល​មាន​កម្មវិធី​ថែទាំ​សុខភាព​និង​សុខុមាលភាព​ផ្ដល់​ជូន​ប្រជាជន​របស់​ពួកគេ ហើយ​ក៏​ជា​ប្រទេស​មួយ​ដែល​មាន​តម្លៃ​ពន្ធ​ទាប​បំផុត​ផង​ដែរ។ ចំនួន​ផលិតផល​សរុប​ក្នុង​ស្រុក​ដែល​មាន​រហូត​ដល់​ទៅ​៧០១​ពាន់​លាន​ដុល្លារ ជាមួយ​នឹង​អត្រា​អ្នក​អត់​ការងារ​ធ្វើ​មាន​ទាប ចំណូល​របស់​ប្រជាជន​ស្វីស​ម្នាក់ៗ​ក្នុង​មួយ​ឆ្នាំ​គិត​ជា​កាពីតា​មាន​ចំនួន​៥៨,៦៤៧​ដុល្លារ ជា​ចំនួន​ដ៏​ខ្ពស់​មួយ​ដែល​ចក្រភពអង់គ្លេស​មាន​មិន​ដល់​៤០,០០០​ដុល្លារ​ផង។ សុខ​សន្តិភាព​និង​អព្យាក្រឹត​ខ្ពស់ សហព័ន្ធ​ស្វីស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១២៩១ និង​ក្លាយ​ជា​សហព័ន្ធ​ដែល​មាន​ឯករាជ្យ​ពេញលេញ​ពី​ចក្រភព​រ៉ូម៉ាំង​នៅ​ក្នុង​ឆ្នាំ​១៤៩៩ រដ្ឋធម្មនុញ្ញ​ថ្មី​ដំបូង​របស់​ស្វីស​ដែល​ត្រូវ​បាន​តាក់តែង​ឡើង​នៅ​ឆ្នាំ​១៨៤៨ បាន​ប្រែ​ក្លាយ​ប្រទេស​នេះ​ឲ្យ​មាន​សន្តិភាព​និង​ស្ងប់ស្ងាត់​បំផុត។ ប្រទេស​អព្យាក្រឹត​មួយ​នេះ មិន​បាន​ចូល​ទៅ​ខាង​ណាមួយ​ឬ​ចូលរួម​ពាក់ព័ន្ធ​នឹង​ជម្លោះ​សង្គ្រាម​លោក​នោះ​ឡើយ ដូច្នេះ​ហើយ​ទើប​បាន​ជា​មក​ទល់​ពេល​នេះ​ស្វីស​បាន​ក្លាយ​ជា​តំបន់​ចម្រុះ​ជាតិសាសន៍​មួយ ក៏​ព្រោះ​តែ​ភាព​ស្ងប់ស្ងាត់​នេះ​បាន​ធ្វើឲ្យ​ជន​ភៀស​ខ្លួន​ជាច្រើន​បាន​នាំ​គ្នា​ទៅ​ទីនោះ​អំឡុង​សង្គ្រាម​លោក​កើត​ឡើង។ [caption id="attachment_41931" align="aligncenter" width="600"] www.imd.org[/caption] ប្រទេស​ដ៏​មាន​សន្តិភាព​មួយ​នេះ ក៏​បាន​ក្លាយ​ជា​ទីស្នាក់ការ​របស់​អង្គការ​អន្តរជាតិ​ជុំវិញ​ពិភពលោក ជាពិសេស​នៅ​ក្នុង​ទីក្រុង Geneva ដែល​ក្នុង​នោះ​មាន​ទាំង​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម និង​អង្គការ​សហប្រជាជាតិ​ផង​ដែរ៕ ដោយ៖ ស្រីពៅ
X
5s