ហេតុអ្វីថាមពលពន្លឺព្រះអាទិត្យអាចបម្លែងជាថាមពលអគ្គិសនីប្រើប្រាស់បាន ?
ដើម្បីផលិតអគ្គិសនីប្រើប្រាស់បាន គេអាចសាងសង់ទំនប់វារីអគ្គិសនីនៅកន្លែងមានទឹកហូរ នោះចលនារបស់ទឹកអាចដំណើរការណ៍ស្លាបតួប៊ីនឲ្យបង្វិលនិងផលិតអគ្គិសនីបាន។ ឬក៏គេអាចប្រើប្រាស់វិធីមួយទៀតដែលមានតម្លៃថោក ប៉ុន្តែជាប្រភពនៃការកើនឡើងឧស្ម័នផ្ទះកញ្ចក់ដែលបង្កឲ្យមានការកើនឡើងកម្ដៅផែនដី ដែលជាការដុតផូស៊ីលឥន្ធនៈ ក៏គេអាចផលិតថាមពលអគ្គិសនីបាន។ ឬក៏ថាមពលនុយក្លេអ៊ែរ។ ឬក៏តាមវិធីដ៏សាមញ្ញបំផុតមួយទៀតគឺជាថាមពលសូឡា។ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ដែរទេថា ហេតុអ្វីពន្លឺព្រះអាទិត្យឬពន្លឺសូឡានេះ អាចបង្កើតជាថាមពលអគ្គិសនីយកមកប្រើប្រាស់បានដូច្នោះ ?
ព្រះអាទិត្យបញ្ចេញថាមពលសូឡាចំនួន១៧៣ពាន់តេរ៉ាវ៉ាត់ (១តេរ៉ាវ៉ាត់ស្មើនឹង១០គុណនឹង១០ខ្លួនឯង១២ដង)។ ថាមពលដ៏ច្រើនមហិមាបែបនេះអាចនឹងឲ្យមនុស្សគ្រប់គ្នាជុំវិញពិភពលោករស់នៅបានយ៉ាងបរិបូណ៌ដោយពឹងផ្អែកតែម្យ៉ាងទៅលើប្រភពថាមពលធម្មជាតិដែលអាចកកើតឡើងវិញមួយនេះ។ ប៉ុន្តែហេតុអ្វីគេមិននាំគ្នាមកដំឡើងបន្ទះសូឡាដាក់ប្រើប្រាស់តាមផ្ទះរៀងខ្លួននៅទូទាំងពិភពលោកទៅ ? ដើម្បីអាចឆ្លើយសំណួរនេះបាន លុះត្រាតែអ្នកយល់ពីដំណើរការណ៍ខាងក្នុងរបស់បន្ទះសូឡាជាមុនសិន។ គ្រប់ពន្លឺទាំងអស់ រួមទាំងពន្លឺព្រះអាទិត្យសុទ្ធតែមានថាមពល។ នៅពេលថាមពលប៉ះនឹងវត្ថុ ថាមពលនឹងត្រូវបានបម្លែងជាកម្ដៅ។ ឧទាហរណ៍ដូចពេលពន្លឺព្រះអាទិត្យចាំងចំខ្លួនអ្នក អ្នកនឹងទទួលកម្ដៅថាក្ដៅដូច្នោះ។ ប៉ុន្តែ ពេលខ្លះថាមពលអាចបម្លែងជាអគ្គិសនីយកមកប្រើប្រាស់បាន។ ដូច្នេះហើយទើបបានជាបន្ទះសូឡាត្រូវបានផលិតឡើងដើម្បីទាញយកប្រយោជន៍ដោយឥតគិតថ្លៃពីប្រភពថាមពលធម្មជាតិមួយនេះ។
នៅក្នុងបន្ទះសូឡាមានកោសិកាសូឡា (solar cells) ដែលធ្វើឡើងពីអង្គធាតុចម្លងស៊ីលីស្យូម (silicon) ដែលត្រូវបានគេរកឃើញនៅក្នុងស្រទាប់ផែនដីជាច្រើន។ អាតូមស៊ីលីស្យូមនីមួយៗចងភ្ជាប់គ្នាជាសម្ព័ន្ធជាប់ៗគ្នានៅក្នុងបន្ទះសូឡា។ នៅក្នុងអាតូមស៊ីលីស្យូមមានអេឡិចត្រុង ហើយព្រះអាទិត្យបញ្ចេញពន្លឺរបស់វាជាមួយនឹងភាគល្អិតតូចៗជាច្រើន។ នៅពេលភាគល្អិតទាំងនោះចាំងប៉ះមកបន្ទះសូឡា ភាគល្អិតទាំងនោះអាចឆ្លងទៅហួសរំលងអេឡិចត្រុង ឬក៏ត្រូវបានស្រូបយកដោយបន្ទះសូឡា។ អគ្គិសនីអាចបង្កើតបានលុះត្រាតែបន្ទះសូឡាបានស្រូបយកភាគល្អិតតូចៗពីព្រះអាទិត្យចូលមក។ នៅពេលបន្ទះសូឡាស្រូបយកភាគល្អិតបានច្រើនគ្រប់គ្រាន់ហើយ អេឡិចត្រុងនៅក្នុងស៊ីលីស្យូមនឹងមានចលនាចេញមកក្រៅ ហើយផ្ដុំគ្នានៅលើស៊ីលីស្យូមទាំងនោះ រួចបង្កើតជាបន្ទុកជាច្រើនដែលបែងចែកជាបន្ទុកពីរ ពាក់កណ្ដាលជាបន្ទុកវិជ្ជមាន (+) និងពាក់កណ្ដាលទៀតជាបន្ទុកអវិជ្ជមាន (-)។ នៅពេលនោះអគ្គិសនីនឹងឆ្លងកាត់ឧបករណ៍ប្រើប្រាស់របស់អ្នក ដែលអាចសាកទូរស័ព្ទអ្នកបាន ឬបំភ្លឺអំពូលភ្លើងរបស់អ្នកជាដើម។ ថាមពលសូឡាជាថាមពលដែលអាចកកើតឡើងវិញបាន។
ម្យ៉ាងទៀតការប្រើប្រាស់ថាមពលសូឡា មិនបំពុលបរិស្ថានដូចការដុតផូស៊ីលឥន្ធនៈឬរោងចក្រថាមពលនុយក្លេអ៊ែរនោះឡើយ។ ប៉ុន្តែហេតុអ្វីក៏ការប្រើប្រាស់ថាមពលសូឡាហាក់នៅមានកម្រិតនៅឡើយ ? ក្រៅពីតម្លៃរបស់បន្ទះសូឡានៅថ្លៃនៅឡើយ រួមទាំងរោងចក្រផលិតបន្ទះសូឡាផងនោះ ប្រសិទ្ធភាពដែលវាអាចទាញយកប្រយោជន៍ពីថាមពលសូឡាក៏មានទាបដែរ ដែលចំពោះបន្ទះសូឡាដាក់នៅលើដំបូលផ្ទះរបស់អ្នកទាំងអស់នោះ អាចទាញយកថាមពលសូឡាបានត្រឹមតែពី១៥ទៅ២០ភាគរយប៉ុណ្ណោះ។ ម្យ៉ាងទៀតបន្ទះសូឡាមិនអាចផលិតថាមពលអគ្គិសនីបាន នៅពេលផ្ទៃមេឃស្រអាប់គ្មានពន្លឺព្រះអាទិត្យនោះទេ។ បើបែបនេះ ប្រទេសក្រីក្រឬប្រទេសកំពុងអភិវឌ្ឍមួយចំនួនធំទាំងឡាយ ដែលមានភូមិសាស្ត្រស្ថិតក្នុងតំបន់ដែលពុំសូវទទួលពន្លឺព្រះអាទិត្យគ្រប់គ្រាន់ នឹងនៅតែជួបផលលំបាកខ្វះខាតអគ្គិសនីប្រើប្រាស់ដដែល៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ scientificamerican & conserve-energy-future & ted-ed