តើ​ខួរក្បាល​របស់​មនុស្ស​ពី​ធម្មជាតិ គឺជា​ក្រដាស​ស​ទទេ​ស្អាត​ឬ ? ហេតុអ្វី​យើង​មាន​អ្វី​ដែល​យើង​មាន ?​



តើ​ខួរក្បាល​របស់​មនុស្ស​ពី​ធម្មជាតិ គឺជា​ក្រដាស​ស​ទទេ​ស្អាត​ឬ ? តើ​ធម្មជាតិ​របស់​មនុស្ស ល្អ​ឬ​អាក្រក់ ? តើ​អត្តចរិត បុគ្គលិក​លក្ខណៈ ឬ​ឥរិយាបថ​របស់​មនុស្ស​ដែល​ជា​អត្តសញ្ញាណ​សម្គាល់​បុគ្គល​ម្នាក់ៗ ត្រូវ​បាន​កំណត់​មក​ពី​ធម្មជាតិ​ដោយ​ហ្សែន ឬ​ជា​កត្តា​សង្គម​ដែល​មាន​ឥទ្ធិពល​កំណត់​ទៅលើ​លក្ខណៈ​ទាំងនោះ ឬ​ក៏​ជា​កត្តា​ទាំងពីរ​រួម​បញ្ចូល​គ្នា ? ហេតុអ្វី​ធម្មជាតិ​បង្កើត​មនុស្ស​ឲ្យ​ចេះ​បង្ក​កំណើត​ត​ពូជពង្ស​វង្ស​ត្រកូល​របស់​ពួកគេ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ? ហេតុអ្វី​មនុស្ស​ចេះ​ស្រឡាញ់ ចេះ​ច្រណែន ? ចម្ងល់​ដែល​មិន​ទាន់​អាច​បកស្រាយ​បាន​ទាំងនេះ គឺជា​គោលដៅ​ដ៏​ចម្បង​បំផុត ដែល​អ្នក​ចិត្តសាស្ត្រ អ្នក​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល ទស្សនវិទូ រួម​ទាំង​អ្នក​សិក្សា​ពី​ដំណើរការណ៍​នៃ​ការ​គិត​របស់​ខួរក្បាល ត្រូវ​បាន​ចាប់​កំណើត​ឡើង ដើម្បី​ស្រាយ​ចម្ងល់​ដ៏​មូលដ្ឋាន​ទាំងនេះ។

សរុប​មក​ដោយ​ខ្លី ហេតុអ្វី​យើង​មាន​អ្វី​ដែល​យើង​មាន ? ហេតុអ្វី​យើង​ធ្វើ​អ្វី​ដែល​យើង​កំពុង​ធ្វើ ? ហេតុអ្វី​យើង​ធ្វើ​បែប​នេះ តែ​មិន​ធ្វើ​បែប​នោះ ? ទស្សនៈ​ដ៏​ពេញ​និយម​មួយ​ដែល​បាន​ចាក់​ឫសគល់​ជាប់​នៅ​ក្នុង​ជម្រៅ​នៃ​ការ​គិត​របស់​មនុស្ស​ជាច្រើន​តាំង​ពី​ច្រើន​សតវត្ស​កន្លង​មក និង​បន្ត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺជា​ទស្សនៈ​ដែល​យល់​ថា ធម្មជាតិ​នៃ​ខួរក្បាល​របស់​មនុស្ស​គឺជា​ក្រដាស​ស​ទទេ​ស្អាត បន្ទាប់​មក​ទើប​អត្តចរិត ឬ​បុគ្គលិកលក្ខណៈ និង​ឥរិយាបថ​ដែល​សម្គាល់​ពី​អត្តសញ្ញាណ​របស់​មនុស្ស​ត្រូវ​បាន​បង្កើត​ឡើង នៅ​ពេល​ពួកគេ​រៀន​សូត្រ​ពី​សង្គម​គ្រួសារ​និង​សង្គម​ខាងក្រៅ​ជុំវិញ​ខ្លួន​ពួកគេ។ ឬ​ក៏​អាច​និយាយ​យ៉ាង​សាមញ្ញ​ថា មនុស្ស​កើត​មក​ជាមួយ​ខួរក្បាល​ជា​ក្រដាស​ស​ទទេ​ស្អាត តែ​សង្គម​ជា​អ្នក​ផាត់​ពណ៌​និង​ឆ្លាក់​ច្នៃ​ក្រដាស​ទាំងនោះ។

ទស្សនៈ​មួយ​នេះ​ចង់​បង្ហាញ​ថា មនុស្ស​គ្រប់​គ្នា​កើត​មក​ជាមួយ​នឹង​ទម្រង់​ខួរក្បាល​ខាង​ក្នុង​ដូច​គ្នា​ទាំងអស់។ បើ​យក​ទស្សនៈ​នេះ​មក​ពិចារណា យើង​នឹង​ទទួល​បាន​ចម្ងល់​មួយ​លើកឡើង​ថា បើ​ខួរក្បាល​មនុស្ស​ជា​ក្រដាស​ស​ទទេ​ស្អាត ចុះ​ហេតុអ្វី​ទារក​ដែល​កើត​មក​ភ្លាម ងាក​មុខ​បែរ​ទៅ​រក​មុខ​ម្ដាយ​របស់​ពួកគេ ហើយ​ហេតុអ្វី​ក៏​មិន​ងាក​ទៅ​រក​វត្ថុ​ឥត​វិញ្ញាណ ឥត​មនោសញ្ចេតនា​ដទៃ​ផ្សេង​វិញ​ទៅ ? ហេតុអ្វី​ធម្មជាតិ​បង្កើត​ឲ្យ​បុរស​ចាប់​ចិត្ត​ជាមួយ​នឹង​ស្ត្រី ឬ​ស្ត្រី​ចាប់​ចិត្ត​ជាមួយ​បុរស ឬ​ក៏​អាច​និយាយ​បាន​ថា​មនុស្ស​មាន​ភេទ​ផ្ទុយ​គ្នា​ចាប់​ចិត្ត​គ្នា​ទៅវិញ​ទៅមក ? ហេតុអ្វី​ក៏​ស្រី​មិន​មាន​អារម្មណ៍​ពិសេស​អ្វី​ជាមួយ​ស្រី​ដូចគ្នា ហើយ​ប្រុស​ក៏​ដូច​គ្នា​នេះ​ដែរ ?

បើ​យើង​ចង់​បាន​ចម្លើយ​ទៅ​កាន់​សំណួរ​ទាំងនោះ យើង​មាន​តែ​រត់​ទៅ​រក​ការ​បកស្រាយ​ពី​ការ​វិវត្ត​របស់​មនុស្ស​ដែល​ចេញ​ពី​បុព្វបុរស​របស់​យើង​ចាប់​តាំង​ពី​រាប់​លាន​ឆ្នាំ​មក​ហើយ​នេះ​ឯង។ អ្នក​វិវត្ត​ចិត្តសាស្ត្រ​និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ចិត្តសាស្ត្រ​របស់ Massachusetts Institute of Technology និង​ជា​អ្នក​និពន្ធ​សៀវភៅ​លក់​ដាច់​បំផុត How The Mind Works លោក Steven Pinker បាន​រៀបរាប់​ថា ការ​គិត​របស់​មនុស្ស​គឺជា​ប្រព័ន្ធ​នៃ​សរីរាង្គ​ដែល​ដំណើរការណ៍​ដោយ​កម្មវិធី ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជម្រើស​ធម្មជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​បុព្វបុរស​កាល​ពី​២.៥​លាន​ឆ្នាំ​មុន​ក្នុង​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កំណើត​មនុស្ស​ក្នុង​យុគសម័យ​ថ្ម (Stone Age) ដូចជា​អាច​ឲ្យ​ពួកគេ​ស្វែងយល់​ពី​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន រុក្ខជាតិ សត្វ និង​អាច​បង្កើត​វត្ថុ​ច្នៃប្រឌិត​ផ្សេងៗ ដើម្បី​អាច​បន្សាំុ​ខ្លួន​ឲ្យ​អាច​មាន​ជីវិត​រស់នៅ​បាន។ គាត់​ក៏​បាន​ពន្យល់​បន្ថែម​ថា ការ​គិត​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​ទម្រង់​រចនាសម្ព័ន្ធ​របស់​ខួរក្បាល ដែល​ផ្នែក​នីមួយៗ​ទទួល​ខុសត្រូវ​ទៅលើ​តួនាទី​ពិសេស​ផ្សេងៗ​ពី​គ្នា ដែល​ជា​ផលិតផល​នៃ​កម្មវិធី​ដែល​បង្កើត​ឡើង​ដោយ​ហ្សែន​វិវត្ត​ត​ពី​បុព្វបុរស​យើង​អស់​រយៈកាល​រាប់​លាន​ឆ្នាំ ដែល​គេ​ហៅថា​ជម្រើស​ដោយ​ធម្មជាតិ​នេះ​ឯង។

នុស្ស​ចាប់ចិត្ត​នឹង​មនុស្ស​មួយ​ទៀត​ដែល​មាន​ភេទ​ផ្ទុយ​ពី​ខ្លួនឯង ក៏​ព្រោះ​តែ​មូលហេតុ​នៃ​ការ​បង្ក​កំណើត​នេះ​ឯង ព្រោះ​មនុស្ស​ភេទ​ដូច​គ្នា​មិន​អាច​បង្ក​កំណើត​បាន​នោះ​ទេ។ មនុស្ស​យើង​ធ្វើ​បែប​នេះ​តៗ​គ្នា​មក​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ដោយ​ឥត​ដឹង​ខ្លួន ក៏​ព្រោះ​តែ​កម្មវិធី​មួយ​នេះ​ត្រូវ​បាន​ភ្ជាប់​មក​ដោយ​ធម្មជាតិ​ជាមួយ​នឹង​ខួរក្បាល​របស់​យើង​ពី​កំណើត។ វា​មិនមែន​ជា​ក្រដាស​ស​ទទេ​ស្អាត​ដ៏​សាមញ្ញ​ដូច​អ្វី​ដែល​មនុស្ស​ភាគច្រើន​យល់​ឃើញ​នោះ​ទេ។ ដូចជា​កុំព្យូទ័រ​របស់​អ្នក បើ​អ្នក​មិន​បាន​បញ្ចូល​កម្មវិធី​កាត់​ត​រូបភាព​នៅ​ក្នុង​ម៉ាស៊ីន​ខួរក្បាល​របស់​កុំព្យូទ័រ​ទេ​នោះ វា​ក៏​មិន​អាច​ឲ្យ​អ្នក​កាត់​ត​រូបភាព​បាន​ដែរ។ សកម្មភាព​ភាគច្រើន​របស់​មនុស្ស​ប្រចាំ​ថ្ងៃ ត្រូវ​បាន​ដំណើរការណ៍​ដោយ​ស្វ័យប្រវត្តិ និង​ឥត​ដឹង​ខ្លួន​ដោយ​ម៉ាស៊ីន​ដ៏​ស្មុគស្មាញ​នៅ​ក្នុង​ខួរក្បាល មិន​ថា​ការ​ដេក ដើរ ឈរ អង្គុយ ទទួលទាន ការ​បញ្ចេញចោល ដក​ដង្ហើម ឬ​សូម្បី​តែ​ព្រិច​ភ្នែក​នោះ​ឡើយ។

សតិ​សម្បជញ្ញៈ​របស់​មនុស្ស​យើង​មាន​ចំណែក​តិចតួច​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ប្រចាំ​ថ្ងៃ​របស់​អ្នក ថា​តើ​គួរ​ធ្វើ​អ្វី​បន្ទាប់​ពី​សកម្មភាព​មួយ​បាន​ចប់។ ទោះជា​មនុស្ស​មាន​កម្មវិធី​ទាំងនេះ​មក​ដោយ​ធម្មជាតិ​ក៏ដោយ អ្វីៗ​នឹង​ប្រែ​ជា​មិន​ប្រក្រតី​ខុស​ពី​ធម្មជាតិ នៅ​ពេល​មាន​ភាព​មិន​ប្រក្រតី​ត្រង់​ចំណុច​ណាមួយ​នៅ​ក្នុង​រចនាសម្ព័ន្ធ​ខួរក្បាល ដូចជា​គ្រោះថ្នាក់​ចរាចរណ៍​ប៉ះ​ទង្គិច​ក្បាល​ធ្ងន់ធ្ងរ​នឹង​បណ្ដាល​ឲ្យ​អ្នក​បាត់បង់​ការ​ចងចាំ​ជាដើម៕

រែសម្រួល៖ ស្រីពៅ

ប្រភព៖ reason & thetrumpet & davideagleman-incognito

X
5s