ហេតុអ្វីខ្យល់អាចប្រើប្រាស់ជាថាមពលអគ្គិសនីកកើតឡើងវិញបាន ?​



អ្វីៗ​ទាំងអស់​នៅ​លើ​ពិភពលោក​សុទ្ធតែ​ប្រើប្រាស់​ថាមពល សូម្បីតែ​ក្នុង​ខណៈ​នេះ​ដែល​អ្នក​កំពុង​គិត​ពី​ថាមពល ក៏​ប្រើប្រាស់​ថាមពល​ដែរ។

ថាមពល​ត្រូវ​បាន​បែងចែក​ជា​ពីរ​ផ្នែក​ធំៗ​គឺ potential energy និង kinetic energy។ potential energy គឺជា​ថាមពល​ដែល​អាច​យក​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​នៅ​ពេល​ក្រោយ​ទៀត​បាន។

រីឯ kinetic energy ដែល​មក​ពី​ពាក្យ kineticដែល​មានន័យ​ថា​ចលនា គឺជា​ថាមពល​ដែល​កើត​មាន​ឡើង​ដោយសារ​មាន​ចលនា ឬ​មានន័យ​ថា​នៅ​ពេល​ថាមពល​ដែល​ត្រូវ​បាន​ស្តុក​ទុក អាច​ធ្វើឲ្យ​អ្វី​មួយ​មាន​ចលនា​បាន។ នេះ​ហើយ​គឺជា​គំនិត​ដែល​វាយោ​អគ្គិសនី (wind power) អាច​ដំណើរការណ៍​ផលិត​ថាមពល​អគ្គិសនី​បាន។

វាយោ​អគ្គិសនី​មាន​ស្លាប​តួប៊ីន ដែល​ជាទូទៅ​ផ្គុំ​ឡើង​ដោយ​ស្លាប​ចំនួន​៣​ដែល​មាន​ទំហំ​ធំ រូបរាង​កោង និង​ទ្រទ្រង់​ដោយ​ចំណុច​កណ្ដាល​មួយ។ នៅ​ពេល​ខ្យល់​មាន​ចលនា​បក់​មក​ប៉ះ​នឹង​ស្លាប​តួប៊ីន វា​នឹង​បាត់បង់ kinetic energy របស់​វា។ តួនាទី​របស់​ស្លាប​តួប៊ីន​នឹង​ស្រូប​យក​ថាមពល​ពី​ខ្យល់ បើ​កាលណា​ស្លាប​កាន់តែ​ធំ ហើយ​រួម​នឹង​ល្បឿន​ខ្យល់​មាន​កាន់តែ​ខ្លាំង​ដែរ​នោះ ថាមពល​អគ្គិសនី​ក៏​នឹង​ផលិត​បាន​ច្រើន​ដូច​គ្នា​ដែរ។ គេ​ក៏​ត្រូវ​សាងសង់​ម៉ាស៊ីន​តួប៊ីន​ឲ្យ​ខ្ពស់​ផុត​ពី​ដី​ផង​ដែរ ព្រោះ​ខ្យល់​នឹង​មាន​កាន់តែ​ច្រើន ហើយ​ល្បឿន​របស់​វា​ក៏​លឿន​នៅ​ក្នុង​រយៈ​កម្ពស់​ខ្ពស់។ ដើម្បី​អាច​បម្លែង kinetic energy ដែល​ទាញ​យក​ពី​ខ្យល់​ទៅ​ជា​ថាមពល​អគ្គិសនី​ដែល​អាច​ប្រើប្រាស់​បាន គេ​ត្រូវ​ភ្ជាប់​ចំណុច​កណ្ដាល​ដែល​ទ្រទ្រង់​ស្លាប​របស់​តួប៊ីន​ទៅ​នឹង​ម៉ាស៊ីន​រ៉ូទ័រ​មួយ​នៅ​ខាង​ក្នុង​តួ​ម៉ាស៊ីន​តួប៊ីន​ជាមួយ​គ្នា​នេះ ដែល​មាន​ឌីណាម៉ូ ជា​ឧបករណ៍​សម្រាប់​បម្លែង​ជា​ថាមពល​អគ្គិសនី។ ចលនា​ដែល​ទទួល​បាន​ពី​ខ្យល់​នឹង​ទៅ​បង្វិល​រ៉ូទ័រ​របស់​ម៉ាស៊ីន​ឲ្យ​វិល នៅ​ពេល​នោះ​ឌីណាម៉ូ​នឹង​បម្លែង​វា​ជា​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​បាន៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ goldpower & explainthatstuff

X
5s