តើអ្វីទៅជាវិទ្យុសកម្ម ?​



៩​នាក់​ក្នុង​ចំណោម​មនុស្ស​១០​នាក់​ដឹង​ថា​តើ​គ្រោះថ្នាក់​ដែល​វិទ្យុសកម្ម​មាន​ចំពោះ​សុខភាព​មនុស្ស​មាន​ខ្ពស់​និង​សាហាវ​កម្រិត​ណា ប៉ុន្តែ​ប្រហែល​ជា​មាន​តែ​២​នាក់​ក្នុង​ចំណោម​១០​នាក់​ប៉ុណ្ណោះ​ដែល​ដឹង​ថា​តើ​អ្វី​ទៅ​ជា​វិទ្យុសកម្ម​ឲ្យ​ប្រាកដ។ តើ​វា​កើតឡើង​យ៉ាង​ដូចម្ដេច ?

មិនមែន​ឲ្យ​តែ​វិទ្យុសកម្ម​សុទ្ធតែ​អាក្រក់​ទាំងអស់​នោះ​ទេ ព្រោះ​ថា​ក្នុង​កម្រិត​ជាក់លាក់​ត្រឹមត្រូវ​មួយ វិទ្យុសកម្ម​បាន​ដើរ​តួ​ដ៏​សំខាន់​នៅ​ក្នុង​វិស័យ​សុខាភិបាល ដូចជា​ប្រើប្រាស់​នៅ​ក្នុង​ការ​បង្កើត​កាំរស្មីX សម្រាប់​ឆ្លុះ​មើល​គ្រោង​ឆ្អឹង​ខាងក្នុង​រាងកាយ​របស់​មនុស្ស ដែល​ភ្នែក​ទទេ​មិន​អាច​មើល​បាន ហើយ​ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​ផ្សេងៗ​ផង​ដែរ ដូចជា​កាំរស្មី​ប្រភេទ​ហ្កាម៉ា​អាច​ប្រើ​ដើម្បី​សម្លាប់​កោសិកា​មហារីក ដែល​អាច​ជួយ​អ្នក​ជំងឺ​ឲ្យ​ជា​សះស្បើយ​ពី​រោគ​កាច​សាហាវ​មួយ​នេះ​បាន។

ដំណើរការណ៍​រំភាយ​វិទ្យុសកម្ម​អាច​កើត​មាន​ឡើង​ទាំង​តាម​ធម្មជាតិ ទាំង​តាម​ការ​ច្នៃ​បង្កើត​ដោយ​មនុស្ស​នៅ​ក្នុង​ទីពិសោធន៍​ឬ​នៅ​ក្នុង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ។ គ្រប់​ធាតុគីមី​ទាំងអស់​សុទ្ធតែ​បង្កើត​ឡើង​ដោយ​អាតូម ដែល​បង្ក​ឡើង​ពី​ណ្វៃយ៉ូ​ (nucleus) ដែល​មាន​ប្រូតុង​ (proton) ជា​បន្ទុក​វិជ្ជមាន និង​ណឺត្រុង (neutron) ​គ្មាន​បន្ទុក និង​អេឡិចត្រុង (electron) ​ដែល​មាន​បន្ទុក​អវិជ្ជមាន​វិល​ជុំវិញ​ណ្វៃយ៉ូ​អាតូម​របស់​ធាតុ​គីមី​នីមួយៗ។

ធាតុគីមី​នីមួយៗ​ទាំង​១០៣​ធាតុ​នៅ​លើ​តារាង​ខួប​នៃ​ធាតុគីមី ដែល​រក​ឃើញ​ដោយ​គីមីវិទូ ឌីមេទ្រី មិនដេលេយេវ (Dmitri Mendeleev) ខុស​ពី​គ្នា​អាស្រ័យ​នឹង​ចំនួន​ប្រូតុង​ដែល​បង្ក​ណ្វៃយ៉ូ​អាតូម​របស់​ធាតុគីមី​មួយ​ឡើង។ ហើយ​ចំនួន​ប្រូតុង​ស្មើ​នឹង​លេខ​អាតូម​របស់​ធាតុ​នីមួយៗ។ ធាតុគីមី​ប្រភេទ​ដូច​គ្នា​មិន​ប្រាកដ​ថា​មាន​ចំនួន​ម៉ាស​ស្មើ​គ្នា​នោះ​ទេ បើ​ទោះ​ជា​មាន​ចំនួន​ប្រូតុង​ដូច​គ្នា​ក៏​ដោយ។ ទម្ងន់​ម៉ាស​ខុស​គ្នា​ចំពោះ​ធាតុគីមី​ប្រភេទ​តែមួយ គឺ​ដោយសារ​តែ​វា​មាន​ចំនួន​ណឺត្រុង​ខុស​គ្នា នៅ​ពេល​ចំនួន​ណឺត្រុង​ខុស​គ្នា​ចំពោះ​ធាតុគីមី​ប្រភេទ​ដូច​គ្នា​បែប​នេះ គេ​ហៅ​វា​ថា "អ៊ីសូតូប"។ ឧទាហរណ៍ កាបូន​មាន​អ៊ីសូតូប​ចំនួន២ គឺ​កាបូន-១២ និង​កាបូន-១៦ មានន័យ​ថា​លេខ​អាតូម​និង​ចំនួន​ប្រូតុង​មាន​៦​ដូច​គ្នា តែ​មួយ​មាន​ចំនួន​ណឺត្រុង​៦ មួយ​ទៀត​៨។ វិទ្យុសកម្ម​កើតឡើង​នៅ​ពេល​ណា​ដែល​អាតូម​នៃ​ធាតុគីមី​មួយ​ឆ្លងកាត់​ដំណើរការណ៍​ពុក​ផុយ​នៃ​វិទ្យុសកម្ម។ តើ​អ្វី​ជា​ដំណើរការណ៍​ពុក​ផុយ​នៃ​វិទ្យុសកម្ម ?

ដំណើរការណ៍​នេះ​កើតឡើង​នៅ​ក្នុង​ណ្វៃយ៉ូ​អាតូម​ដែល​មិន​នឹងន។ ណ្វៃយ៉ូ​អាតូម​មិន​នឹងន នៅ​ពេល​ដែល​ប្រូតុង​ឬ​ណឺត្រុង​ត្រូវ​បាន​បន្ថែម​ចូល​ទៅ​ក្នុង​ណ្វៃយ៉ូ​អាតូម​មួយ ដែល​មិន​អាច​ធ្វើឲ្យ​វា​នៅ​ជាប់​គ្នា​បាន ហើយ​វា​ក៏​បែក​ខ្ញែក​ចេញ​ពី​គ្នា និង​រំភាយ​ចេញ​នូវ​ថាមពល​ដ៏​អនេក​ដែល​ជា​វិទ្យុសកម្ម កម្ដៅ និង​ភាគល្អិត​តូចៗ​ផង​ដែរ។ គំនិត​នេះ​ហើយ​ដែល​គេ​អាច​បន្ថែម​ប្រូតុង​ចូល​ទៅ​ណ្វៃយ៉ូ​អាតូម​នៃ​ធាតុ​មួយ ហើយ​បង្កើត​ជា​ដំណើរការណ៍​ក្នុង​រោងចក្រ​ផលិត​ថាមពល​នុយក្លេអ៊ែរ​បាន។ ប៉ុន្តែ​ដំណើរការណ៍​នេះ​ក៏​កើត​មាន​នៅ​ក្នុង​ធម្មជាតិ​ដោយ​ខ្លួន​វា​ផង​ដែរ គ្រាន់តែ​រយៈពេល​នៃ​ដំណើរការណ៍​ពុក​ផុយ​នៃ​វិទ្យុសកម្ម​នេះ​ចំណាយ​ពេល​យូរ ដែល​អាច​យូរ​រហូត​ដល់​ទៅ​រាប់​លាន​ឆ្នាំ​ឯណោះ។

នៅ​ពេល​ដែល​ណ្វៃយ៉ូ​អាតូម​នៃ​ធាតុគីមី​មួយ​ឆ្លងកាត់​ដំណើរការណ៍​ពុក​ផុយ​នៃ​វិទ្យុសកម្ម ដែល​នាំឲ្យ​អាតូម​ក្លាយ​ជា​មិន​នឹងន ហើយ​រំភាយ​ចេញ​នូវ​ជាតិ​វិទ្យុសកម្ម កម្ដៅ​និង​ភាគល្អិត​តូចៗ ភាគល្អិត​តូចៗ​ទាំងនេះ​អាច​ជា​ប្រភេទ​មួយ​ក្នុង​ចំណោម​ប្រភេទ​ចំនួន៣។ គេ​អាច​ដឹង​ថា​វា​ជា​ភាគល្អិត​អាល់ហ្វា គឺ​នៅ​ក្រោយ​ពេល​ដែល​អាតូម​បំបែក​ចេញ​ពី​គ្នា ប្រូតុង​ចំនួន​១គូ​និង​ណឺត្រុង​ចំនួន​១គូ​ត្រូវ​បាន​ផ្គុំ​បញ្ចូល​គ្នា។ ភាគល្អិត​អាល់ហ្វា​បញ្ចេញ​ថាមពល​យ៉ាង​អនេក ប៉ុន្តែ​ដោយសារ​តែ​ល្បឿន​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​វា​យឺត ស្បែក​របស់​យើង​និង​ក្រដាស​ស្ដើង​មួយ​សន្លឹក​អាច​ទប់ស្កាត់​ផល​ប៉ះពាល់​របស់​វា​មក​កាន់​យើង​បាន។

បើ​ជា​ភាគល្អិត​បេតា គឺ​នៅ​ពេល​ដែល​ណឺត្រុង​នៅ​ក្នុង​ណ្វៃយ៉ូ​ត្រូវ​បាន​ប្ដូរ​ជា​ប្រូតុង​វិញ។ ប្រៀប​នឹង​អាល់ហ្វា បេតា​មាន​ថាមពល​ខ្លាំង​ជាង​និង​មាន​ល្បឿន​លឿន​ជាង ដែល​អាច​ជ្រាប​ចូល​ពី​១​ទៅ​២​សង់ទីម៉ែត្រ​ក្នុង​ជម្រៅ​ទឹក​និង​សាច់​មនុស្ស ប៉ុន្តែ​គេ​អាច​ការពារ​បាន​ដោយ​ប្រើ​សន្លឹក​អាលុយមីញ៉ូម​កម្រាស់​៣​ទៅ​៤​មីលីម៉ែត្រ ឬ​សន្លឹក​សំណ​ប្រមាណ​៣​សង់ទីម៉ែត្រ ឬ​អាច​ជា​ផ្ទាំង​កញ្ចក់​ឬ​ដុំ​ឈើ។ បើ​វា​បញ្ចេញ​កាំរស្មី​ហ្កាម៉ា​វិញ ពុំ​មាន​ចំនួន​ប្រូតុង​ឬ​ណឺត្រុង​ណាមួយ​នៅ​ក្នុង​ណ្វៃយ៉ូ​អាតូម​ត្រូវ​បាន​ផ្លាស់ប្ដូរ​ឡើយ ប៉ុន្តែ​រចនាសម្ព័ន្ធ​របស់​ប្រូតុង​និង​ណឺត្រុង​នៅ​ក្នុង​ណ្វៃយ៉ូ​អាតូម​អាច​ផ្លាស់ប្ដូរ ដែល​ប្ដូរ​ពី​ថាមពល​ខ្ពស់​ទៅ​ជា​ថាមពល​ទាប​ជាង​មុន ប៉ុន្តែ​វា​នឹង​បញ្ចេញ​ភាគល្អិត​តូចៗ ហៅថា photon ដែល​មាន​ថាមពល​ខ្លាំងក្លា ហៅ​ថា កាំរស្មី​ហ្កាម៉ា​នេះ​ឯង។ អ្វី​ដែល​ធ្វើឲ្យ​កាំរស្មី​ហ្កាម៉ា​បញ្ចេញ​វិទ្យុសកម្ម​ដែល​មាន​គ្រោះថ្នាក់​ជាង​គេ គឺ​ដោយសារ​តែ​ល្បឿន​ដ៏​លឿន​ដែល​អាច​ធ្វើ​ដំណើរ​នៅ​រយៈពេល​ល្បឿន​នៃ​ពន្លឺ ហើយ​photon​នេះ​អាច​ជ្រាប​ចូល​សម្ភារៈ​របាំង​ការពារ​ផ្សេងៗ​សូម្បីតែ​លោហៈ និង​បំផ្លាញ​DNA​នៅ​ក្នុង​ជាលិកា​មាន​ជីវិត​បាន។ ប៉ុន្តែ​ជាមួយ​របាំង​ការពារ​ក្រាស់ៗ​គេ​អាច​ការពារ​ពី​ផល​ប៉ះពាល់​របស់​វា​បាន៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ world-nuclear & khanacademy & education.seattlepi

X
5s