ហេតុអ្វីកាតារ អាចក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសមានកប់ក្ដោងនៅលើលោក?
ប្រទេសកាតារ (Qatar) គឺជារដ្ឋឯករាជ្យដ៏តូចមួយ ជាមួយនឹងផ្ទៃដីដែលមានត្រឹមតែ១១,៥៨៦គីឡូម៉ែត្រការ៉េ និងមានភូមិសាស្ត្រទឹកដីជាឈូងសមុទ្រ ស្ថិតនៅមជ្ឈិមបូព៌ា ដែលមានអារ៉ាប៊ីសាអ៊ូឌីតជាប្រទេសជិតខាង។ កាតារ ដែលធ្លាប់ជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រជាប្រទេសដ៏ក្រីក្របំផុតមួយ ដែលដង្ហើមសេដ្ឋកិច្ចរបស់ពួកគេពឹងផ្អែកជាចម្បងទៅលើឧស្សាហកម្មផលិតគជ់ខ្យងនិងនេសាទត្រី រយៈពេលត្រឹមតែមួយពព្រិចភ្នែកក្រោយមក រដ្ឋដ៏ក្រីក្រតោកយ៉ាកមួយនេះត្រូវបានគេចារឈ្មោះទុកក្នុងប្រវត្តិសាស្ត្រចូលក្នុងចំណោមប្រទេសដ៏មានជាងគេបំផុតនៅលើពិភពលោក។
ប្រទេសដែលកាន់សាសនាឥស្លាមជាផ្លូវការមួយនេះ មានជនជាតិដើមរបស់កាតារប្រមាណតែ១៥%នៃប្រជាជនសរុបដែលមានរហូតដល់ទៅ២.៣លាននាក់ (គិតត្រឹមឆ្នាំ២០១៧) ប៉ុណ្ណោះ ក្រៅពីនោះសុទ្ធតែជាជនអន្តោប្រវេសន៍រកការងារធ្វើ។ កាតារ ដែលប្រព័ន្ធគ្រប់គ្រងទើបនឹងបានកំណែទម្រង់ទៅរកលក្ខណៈប្រជាធិបតេយ្យខ្លះៗនៅក្នុងឆ្នាំ២០០៥នេះ ត្រូវបានគ្រប់គ្រងដោយត្រកូល Al Thany ចាប់តាំងពីអំឡុងទសវត្សឆ្នាំ១៩៩០មកម្ល៉េះ និងបច្ចុប្បន្នដោយជំនាន់ក្រោយរបស់ត្រកូល Al Thany គឺ Sheikh Tamim bin Hamad al-Thani ក្រោយការផ្ទេរដំណែងពីបិតាSheikh Hamad bin Khalifa Al-Thani កាលពីខែមិថុនា២០១៣។
[caption id="attachment_42464" align="aligncenter" width="600"] theiranproject[/caption]
យោងតាមរបាយការណ៍របស់ IMF (International Monetary Fund) កាលពីឆ្នាំ២០១០ កាតារបានផ្ដួលប្រទេសលុចហ្សំបួរ ក្នុងដំណែងជាប្រទេសដែលមានជាងគេបំផុតនៅលើពិភពលោក ជាមួយនឹង ចំណូលរបស់ប្រជាជនសរុបគិតជាមធ្យមប្រមាណ ៨៨,២២១ដុល្លារ។
[caption id="attachment_42465" align="aligncenter" width="600"] pk212.blogspot.com[/caption]
តើពួកគេអាងទៅលើអ្វីទើបធ្វើឲ្យរដ្ឋឈូងសមុទ្រដ៏តូចមួយនេះឆាប់ក្លាយជាអ្នកមានរបស់ពិភពលោកម្ល៉េះ ? ចម្លើយគឺជាធនធានប្រេងកាត ឧស្ម័នធម្មជាតិ និងការវិនិយោគទុននៅជុំវិញពិភពលោក ដែលជាសសរគ្រឹះសំខាន់ៗដែលទ្រទ្រង់សេដ្ឋកិច្ចរបស់កាតារឲ្យរីកចម្រើនហួសពីការស្មានត្រឹមរយៈពេលដ៏ខ្លីបែបនេះ។
ឆ្នាំ១៩៣៩ជាឆ្នាំដែលកាតារបានរុករកឃើញនូវធនធានប្រេងកាតរបស់ខ្លួនជាលើកដំបូង នៅឯតំបន់ Dukhan។ ក្នុងឆ្នាំ១៩៥១ កាតារផលិតប្រេងកាតចំនួន៤៦,៥០០បារ៉ែលក្នុង១ថ្ងៃ ជាមួយនឹងប្រាក់ចំណូល៤.២លានដុល្លារមកវិញ និងកើនឡើងរហូតដល់ទៅ២៣៣,០០០បារ៉ែលក្នុង១ថ្ងៃ នៅពេលធនធានប្រេងកាតត្រូវបានរុករកឃើញជាបន្តបន្ទាប់មកទៀត។ បច្ចុប្បន្នពួកគេផលិតបាន១.២៧លានបារ៉ែលក្នុង១ថ្ងៃ។
[caption id="attachment_42466" align="aligncenter" width="600"] www.hydrocarbons-technology.com[/caption]
ឆ្នាំ១៩៧១ជាឆ្នាំដែលកាតារទាមទារបានឯករាជ្យរបស់ខ្លួនពេញលេញពីអង់គ្លេសមកវិញ ហើយក៏ជាឆ្នាំដែលនឹងផ្លាស់ប្ដូរប្រវត្តិសាស្ត្រសេដ្ឋកិច្ចរបស់កាតារឲ្យក្លាយមកជាអ្នកមានបំផុតនៅលើពិភពលោកដូចពេលបច្ចុប្បន្ននេះដែរ ដែលជាការរុករកឃើញដំបូងរបស់ពួកគេនូវប្រភពឧស្ម័នធម្មជាតិ។ ជាមួយនឹងការប៉ាន់ស្មានចំពោះប្រភពធនធានឧស្ម័នធម្មជាតិដែលមានរហូតដល់ទៅ៨៩៦គុណនឹង១០ចំនួន១២ដងគិតជាហ្វ៊ីតគីប (cubic feet) ប្រភពឧស្ម័នធម្មជាតិមួយនេះបានក្លាយជាតំបន់មួយដែលធំជាងគេបង្អស់បន្ទាប់ពីរុស្ស៊ី និងអ៊ីរ៉ង់។
[caption id="attachment_42467" align="aligncenter" width="600"] www.shell.com[/caption]
ក្នុងឆ្នាំ២០០៥ កាតារបានបង្កើតនូវ The Qatar Investment Authority ហើយវាបានក្លាយជាភាគហ៊ុនដ៏ធំជាងគេមួយនៅក្នុងចំណោមភាគហ៊ុនដទៃទៀតទៅលើអចលនទ្រព្យជាច្រើននៅក្នុងទីក្រុងឡុងដុង។ កាលពីខែធ្នូ២០១០ កាតារបានក្លាយជាប្រទេសនៅក្នុងតំបន់អារ៉ាបដំបូង ដែលបានជ្រើសតាំងជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡា FIFA World Cup របស់ពិភពលោកនាឆ្នាំ២០២២ ដែលពួកគេគ្រោងនឹងចំណាយ៦៥ពាន់លានដុល្លារសម្រាប់ការតុបតែង ដែលរួមមានទាំងអគារ និងម៉ាស៊ីនត្រជាក់ទំនើបថ្មីៗជាច្រើនផងដែរ៕
ដោយ៖ ស្រីពៅ