គឺជាចំនួនណឺរ៉ូន១៦ពាន់លាននៅក្នុងផ្នែកCerebral Cortex ដែលធ្វើឲ្យមនុស្សមានប្រាជ្ញាលើសពីសត្វដទៃ
នៅក្នុងធម្មជាតិតែមួយ តើអ្វីទៅដែលធ្វើឲ្យមនុស្សមានសមត្ថភាពលើសពីសត្វដទៃ ? ហេតុអ្វីមនុស្សអាចដោះស្រាយចំណោទបញ្ហាដ៏ស្មុគស្មាញក្នុងជីវិត អាចរកឃើញចម្លើយទៅលើការកកើតនៃចក្រវាល អាចសញ្ជឹងគិតទៅលើអ្វីដែលខ្លួនឯងកំពុងតែគិតក្នុងខណៈនេះបាន ឬអាចឆ្ងល់ថាតើវត្តមានរបស់ពួកគេជាមនុស្សលោកនេះ កើតឡើងយ៉ាងដូចម្ដេច ? ហេតុអ្វីខួរក្បាលមនុស្សមានលក្ខណៈពិសេសនិងជាចំណោទដ៏អាថ៌កំបាំងបំផុតក្នុងការស្វែងយល់ពីធម្មជាតិរបស់វាម្ល៉េះ ?
អ្នកប្រហែលជាអាចយល់ថា ខួរក្បាលរបស់ថនិកសត្វទាំងអស់រួមទាំងមនុស្សផងដែរ សុទ្ធតែត្រូវបានបង្កើតឡើងមកក្នុងទម្រង់ដូចៗគ្នាទាំងអស់ ឬចង់សំដៅដល់អត្ថន័យថាចំនួនណឺរ៉ូននៅក្នុងខួរក្បាលរបស់សត្វលោកមានទំនាក់ទំនងគ្នាអាស្រ័យនឹងទំហំខួរក្បាលរបស់ពួកគេ។ បើគំនិតនេះពិតជាត្រឹមត្រូវមែន យើងនឹងអាចសន្និដ្ឋានបានថាដោយឃើញទំហំខួរក្បាលរបស់ប្រភេទសត្វណាមួយកាន់តែធំ នោះចំនួនណឺរ៉ូននៅក្នុងខួរក្បាលរបស់ពួកគេក៏មានច្រើនដូចគ្នាដែរ បើកាលណាណឺរ៉ូនមានច្រើន នោះខួរក្បាលរបស់សត្វមួយនោះក៏មានប្រាជ្ញាលើសពីប្រភេទសត្វដទៃដែរ ក៏ព្រោះតែណឺរ៉ូនគឺជាអ្នកបញ្ជូនព័ត៌មាននៅក្នុងខួរក្បាលអ្នក និងជាអ្វីដែលអាចឲ្យអ្នកដោះស្រាយបញ្ហាស្មុគស្មាញក្នុងលោកនេះបាន។ យ៉ាងណាមិញ រវាងសត្វគោនិងសត្វស្វា ដែលខួរក្បាលមានទម្ងន់៤០០ក្រាមដូចគ្នា ចុះហេតុអ្វីគោជាចំណីរបស់មនុស្ស ហើយស្វាជាសត្វរហ័សរហួននិងឈ្លាសវៃជាងដូច្នោះ ? ការពិតនេះបង្ហាញថា វាមិនសំខាន់នៅត្រង់ថាខួរក្បាលនោះមានទំហំប៉ុណ្ណានោះទេ តែអ្វីដែលសំខាន់គឺស្ថិតនៅត្រង់ចំនួនណឺរ៉ូនដែលមាននៅក្នុងខួរក្បាលរបស់ប្រភេទសត្វនីមួយៗទៅវិញទេ។ ទំហំខួរក្បាលដូចគ្នាមិនប្រាកដថាចំនួនណឺរ៉ូនមានស្មើគ្នាដែរនោះទេ។ ទំហំខួរក្បាលត្រូវបានបង្កើតឡើងមកអាស្រ័យនឹងទំហំរាងកាយរបស់សត្វប៉ុណ្ណោះ ដោយមិនជាប់ពាក់ព័ន្ធនឹងចំនួនណឺរ៉ូននោះឡើយ ហើយណឺរ៉ូននេះឯងដែលបំពេញការងារបញ្ជូនព័ត៌មានទៅវិញទៅមកទៅផ្នែកផ្សេងៗ ដែលអាចឲ្យប្រភេទសត្វមួយឈ្លាសវៃជាងប្រភេទសត្វផ្សេងទៀតបាន។ ទំហំខួរក្បាលធំមិនអាចបញ្ជាក់ថាសត្វមួយនោះមានប្រាជ្ញាខ្ពស់ទៅតាមទំហំខួរក្បាលដែលវាមាននោះឡើយ។ តួយ៉ាង សត្វដំរីដែលខួរក្បាលមានទម្ងន់ចន្លោះពី៤ទៅ៥គីឡូ ប្រៀបនឹងមនុស្សក្នុងចន្លោះពី១.២ដល់១.៥គីឡូ ប៉ុន្តែសត្វមនុស្សបែរជាក្លាយជាកំពូលសត្វដ៏ឈ្លាសវៃជាងគេទៅវិញ។
អ្នកវិទ្យាសាស្ត្រប្រព័ន្ធប្រសាទជនជាតិប្រេស៊ីល លោកស្រី Suzana Herculano-Houzel បានផ្លាស់ប្ដូរការយល់ឃើញជាទូទៅក្នុងចំណោមអ្នកសិក្សាភាគច្រើនចំពោះគំនិតដែលថាណឺរ៉ូននៅក្នុងខួរក្បាលមនុស្សមានចំនួន១០០ពាន់លាន ជាមួយនឹងការពិសោធន៍ដ៏ថ្មីនិងមានភាពប្រាកដជាក់លាក់របស់គាត់ និងរកឃើញថានៅក្នុងខួរក្បាលបុរសទាំង៤នាក់ដែលមានអាយុផ្សេងៗពីគ្នា គ្មានខួរក្បាលបុរសណាមួយដែលមានណឺរ៉ូនរហូតដល់ទៅ១០០ពាន់លាននោះឡើយ។ ចំនួនដ៏ជាក់លាក់មួយថ្មីគឺមានត្រឹមតែ៨៤ពាន់លាន ប៉ុន្តែអ្វីដែលសំខាន់បំផុត ជាអ្វីដែលធ្វើឲ្យមនុស្សឈ្លាសវៃជាងសត្វដទៃ គឺជាផ្នែកcerebral cortex នៃខួរក្បាលមនុស្ស ដែលមានសមត្ថភាពដោះស្រាយបញ្ហាស្មុគស្មាញ និងគិតហេតុផល ដែលនៅក្នុងចំណោមណឺរ៉ូនសរុប៨៤ពាន់លានផ្នែកនេះមានចំនួនណឺរ៉ូន១៦ពាន់លាន ជាចំនួនដ៏ច្រើនលើសពីសត្វណាៗទាំងអស់។ អ្វីដែលរឹតតែអស្ចារ្យនោះគឺ ខួរក្បាលមនុស្សមានចំណែកតែ២%នៃទម្ងន់សរុបរបស់មនុស្សប៉ុណ្ណោះ ប៉ុន្តែដើម្បីដំណើរការណ៍វាបាន វាបានទាញយកថាមពលពីអាហារដែលអ្នកបរិភោគជារៀងរាល់ថ្ងៃអស់២៥% ជាថាមពលដ៏ច្រើនបើប្រៀបនឹងសត្វធំៗដទៃទៀត។ ប្រភេទសត្វស្វាធំៗដូចជាgorilla ចំណាយពេល៨ម៉ោងកន្លះក្នុង១ថ្ងៃដើម្បីអាចចិញ្ចឹមណឺរ៉ូន៣០ពាន់លានរបស់វា ប៉ុន្តែមនុស្សដែលមានទម្ងន់ជាមធ្យម៦០ទៅ៧០គីឡូ បរិភោគតែអាហារ៣ពេលក្នុង១ថ្ងៃដើម្បីចិញ្ចឹមណឺរ៉ូនរហូតដល់ទៅ៨៦ពាន់លាន។ ចំនួនណឺរ៉ូនដ៏ច្រើនបែបនេះ រួមផ្សំនឹងទំហំរាងកាយដ៏តូចបែបនេះ មនុស្សគួរតែចំណាយពេលអាចលើសពី៩ម៉ោងក្នុង១ថ្ងៃទៅលើអាហារ ប៉ុន្តែហេតុអ្វីមនុស្សលោកអាចរស់ដោយរបៀបនេះបាន ? នេះក៏ដោយសារតែក្នុងចំណោមពពួកសត្វទាំងអស់ គឺមានតែសត្វមនុស្សតែមួយគត់ដែលប្រើប្រាស់ភ្លើងដើម្បីចម្អិនអាហាររបស់ពួកគេ ដែលការវិវត្តបែបនេះបានកាត់បន្ថយពេលវេលារបស់មនុស្សពីការគិតគូរទៅលើអាហារទៅគិតគូរអ្វីផ្សេងដែលមានប្រយោជន៍ជាង។ ម្យ៉ាងទៀតបើប្រៀបនឹងអាហារឆៅរបស់សត្វ អាហាររបស់មនុស្សមានជីវជាតិបំប៉នច្រើនជាងនិងផ្ដល់ថាមពលច្រើនជាង។ បើគ្មានការវិវត្តពីបុព្វបុរសដែលអាចឲ្យមនុស្សចេះចម្អិនអាហារទេនោះ ពុំនោះទេការចំណាយពេលត្រឹមតែ៣ពេលក្នុង១ថ្ងៃមិនអាចទ្រាំទ្រជាមួយដំណើរការណ៍យ៉ាងសកម្មនិងឈ្លាសវៃរបស់ណឺរ៉ូនចំនួន៨៦ពាន់លានរបស់ខួរក្បាលមនុស្សនេះបានឡើយ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ TED