មេរៀន ៣យ៉ាងដែលអ្នកគួររៀនអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance)
ក្នុងជីវិតប្រចាំថ្ងៃ យើងខិតខំធ្វើការរកលុយ តែទន្ទឹមនឹងនេះ យើងក៏ចាយលុយដូចគ្នាសម្រាប់ទិញទំនិញប្រើប្រាស់ អាហារសម្រាប់បរិភោគឬទិញឧបករណ៍សម្រាប់បំពេញតម្រូវចិត្តខ្លួនឯងជាដើម។ ប្រសិនជាយើងចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនបានល្អ យើងនឹងសល់លុយទៅថ្ងៃអនាគត។ បើមិនដូច្នេះទេ មិនថាអ្នករកចំណូលបានប៉ុន្មាននោះទេ អ្នកគ្មានថ្ងៃសល់លុយឡើយ។ ការចេះទុកដាក់លុយកាក់នឹងជួយឲ្យអ្នកមានអនាគតនឹងនរ គ្មានការបារម្ហ។ ខាងក្រោមនេះគឺជាមេរៀនហិរញ្ញវត្ថុទាំង៣យ៉ាងដែលអ្នកគួរដឹងយល់៖
១) ចាយតិចជាងចំណូល៖ អ្នកប្រហែលជាធ្លាប់ឭសុភាសិតមួយនេះហើយដែលថា«ចាយតិចជាងចំណូល»។ ជាការពិតណាស់ ប្រសិនជាអ្នកចាយលើសពីចំណូល នោះមានន័យថា អ្នកមិនត្រឹមតែមិនសល់លុយនោះទេថែមទាំងជំពាក់លុយគេថែមទៀតផង។ តែប្រសិនបើជាអ្នក ចាយតិចជាងអ្វីដែលអ្នកអាចរកបានទៅវិញនោះ មិនថាតិចឬច្រើននោះទេ យូរៗទៅអ្នកនឹងភ្ញាក់ផ្អើលនូវចំនួនលុយដែលបានសន្សំទុក។
២) ចាំ៣០ថ្ងៃក្រោយ៖ មានពេលខ្លះអ្នកចង់ទិញទំនិញអ្វីមួយ ហើយជាច្រើនលើកច្រើនសារ អ្នកស្តាយក្រោយព្រោះវាមិនមែនជាអ្វីដែលអ្នកចង់បានឬត្រូវការទៀតទេ។ ដូច្នេះហើយ ដំណោះស្រាយដ៏ល្អសម្រាប់បញ្ហានេះគឺប្រសិនជាអ្នកចង់ទិញមួយអ្វីលើកក្រោយ អ្នកគួរតែរក្សាលុយនោះទុករយៈពេល៣០ថ្ងៃសិន។ ចាំ៣០ថ្ងៃក្រោយ ប្រសិនជាអ្នកនៅតែចង់បាន ចាំអ្នកទិញវាចុះ នេះជាវិធីមួយសម្រាប់ជួយអ្នកចាយលុយបានត្រឹមត្រូវជាងមុន។
៣) ចំណេះដឹងគឺជាលុយ៖ ប្រសិនជាអ្នកចាប់អារម្មណ៍លើប្រធានបទណាមួយ អ្នកគួរតែធ្វើការស្រាវជ្រាវសិក្សាពីវា បង្កើនចំណេះឲ្យទូលំទូលាយជាងមុន។ ម៉្យាងវិញទៀត អ្នកក៏អាចសិក្សាបន្ថែមនាពេលល្ងាចដើម្បីបង្កើនចំណេះដឹងឬរៀនជំនាញថ្មីមួយបន្ថែម។ ការវិនិយោគលើខ្លួនឯងនឹងជួយអ្នករកការងារបានល្អជាងមុននិងរកប្រាក់ចំណូលបានច្រើនជាងមុន៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ asianentrepeneur.org