តើមានវិធីបែបណាខ្លះដែលអ្នកអាចគាស់គំនិតក្រៅប្រអប់របស់អ្នកបាន ?
នៅពេលគោលដៅរបស់អ្នកមិនបានសម្រេច អ្នកមិនមែនផ្លាស់ប្ដូរគោលដៅនោះឡើយ តែត្រូវផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់អ្នក។ ផ្លូវAមិនដំណើរការណ៍ ត្រូវប្ដូរទៅដើរលើផ្លូវBវិញ បើផ្លូវBមិនអាចដំណើរការណ៍ទៀត ប្ដូរផ្លូវដើររហូតទាល់តែទៅដល់គោលដៅជាចក្ខុវិស័យដែលអ្នកបានដៅទុក។ ប៉ុន្តែ ពេលខ្លះយើងក៏មកដល់ត្រង់ចំណុចមួយដែលនៅជាប់គាំងមួយកន្លែង មិនដឹងថាត្រូវផ្លាស់ប្ដូរបង្វែរទិសដៅទៅខាងណាវិញ ឬយុទ្ធសាស្ត្រអ្វីដែលត្រូវអនុវត្ត។ មកដល់ចំណុចនេះហើយទើបយើងដឹងថា តើការចេះសម្លឹងមើលក្រៅប្រអប់មានសារៈសំខាន់កម្រិតណាមកលើដំណើរផ្សងព្រេងរបស់អ្នក។
តើមានវិធីបែបណាខ្លះដែលអ្នកអាចគាស់គំនិតច្នៃប្រឌិត ឬការគិតបែបវិធីថ្មីរបស់អ្នកចេញមកបាន ?
១) រៀនជំនាញថ្មីៗ៖ យុទ្ធសាស្ត្រដែលធ្លាប់តែបម្រើអ្នកទៅកាន់ភាពជោគជ័យបំពេញបំណងអ្នកពីមុនបាន មិនប្រាកដថាយុទ្ធសាស្ត្រដដែលនេះនឹងនៅតែដំណើរការណ៍នៅក្នុងកាលៈទេសៈផ្លាស់ប្ដូរផ្សេងពីនេះនោះទេ។ ដូច្នេះ ដើម្បីអាចបត់បែនផ្លាស់ប្ដូរទៅតាមស្ថានការណ៍បាន វាទាមទារឲ្យអ្នកចេះគិតចេញពីជ្រុងថ្មីមួយខុសពីជ្រុងដែលអ្នកធ្លាប់តែផ្អែកទៅលើកន្លងមក។ ការរៀនជំនាញថ្មីឬក៏អាចជាការសិក្សាពីជំនឿរបស់សាសនាផ្សេងៗ នោះវានឹងបើកឱកាសមួយនេះដល់អ្នក ដែលអាចឲ្យអ្នកសម្លឹងមើលឃើញបញ្ហាក្នុងវិធីថ្មីប្លែកពីមុន។
២) សុំយោបល់ពីកូនក្មេង៖ កូនក្មេងគឺជាវ័យមួយដែលពោរពេញដោយការច្នៃប្រឌិតនិងគំនិតប្លែកៗ ដែលវ័យជំទង់មិនធ្លាប់គិតដល់។ នេះជាវ័យមួយដែលចាប់អារម្មណ៍នឹងរឿងរ៉ាវដែលកើតឡើងជុំវិញខ្លួនច្រើន ឆ្ងល់ច្រើន ផ្សារភ្ជាប់ទំនាក់ទំនងប្លែកៗរវាងគំនិតមួយទៅគំនិតមួយទៀត ដែលមនុស្សវ័យជំទង់ច្រើនបន្ទោសការច្នៃប្រឌិតនេះថាជារឿងឆ្កួតឡប់នេះឯង។ ថ្វីត្បិតតែពួកគេមិនទាន់លូតលាស់មានគំនិតយល់ដឹងស៊ីជម្រៅច្រើន ប៉ុន្តែរបៀបនៃការសម្លឹងមើលឃើញពិភពជុំវិញរបស់ពួកគេ អាចក្លាយជាទុនគំនិតមួយដែលអាចឲ្យអ្នកបម្លែងនិងច្នៃវាយកមកប្រើប្រាស់នៅក្នុងគោលដៅដោះស្រាយបញ្ហារបស់អ្នកបាន។
៣) សាងសង់បញ្ហារបស់អ្នកឡើងវិញ៖ វាគឺជាវិធីនៃការគិតត្រឡប់ថយក្រោយមួយ ដែលអាចឲ្យអ្នកនឹកដល់គំនិតថ្មីមួយក្នុងពេលមួយរំពេចនោះបាន។ អ្នកអាចចាប់ផ្ដើមដោយនឹកឡើងវិញនូវមូលហេតុដែលនាំទៅរកស្ថានការណ៍ដែលអ្នកកំពុងប្រឈមក្នុងខណៈពេលនេះក្នុងទម្រង់ដើមរបស់វា។ បន្ទាប់មកអ្នកអាចចាប់ផ្ដើមដោយសាកល្បងចេញពីជ្រុងផ្សេងពីទម្រង់ដើម ដោយនឹកគិតថាតើឫសគល់យ៉ាងដូចម្ដេចខ្លះ ដែលនឹងអាចនាំទៅរកស្ថានការណ៍ដូចគ្នាដែលអ្នកកំពុងជាប់គាំងនេះ។ សាកល្បងស្រមៃមើលរូបភាពចេញពីជ្រុងផ្សេងៗ ដើម្បីសាងសង់បញ្ហាឡើងវិញ។ តាមរបៀបនេះ អ្នកនឹងអាចទទួលបានគំនិតថ្មី ដែលអាចឲ្យអ្នកយកទៅដោះស្រាយបញ្ហាបាន៕
ដោយ៖ ស្រីពៅ