នេះអាចជាសំណួរឆ្កួតឡប់ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ឬអត់ថាលំហអាកាសមានទម្ងន់ប៉ុន្មាន ?​



អ្វី​ដែល​មិន​អាច​មើល​ឃើញ​បាន​ដោយ​ភ្នែក មិន​ប្រាកដ​ថា​វា​មិន​មាន​វត្តមាន​នៅ​ទីនេះ​នោះ​ទេ។ តើ​លំហ​អាកាស​នៅ​លើ​ផែនដី​ពិត​ជា​លំហ​ទទេ​ស្អាត​ឬ ? តើ​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ទេ​ថា​លំហ​អាកាស​ដែល​អ្នក​មើល​ឃើញ​តែ​ចន្លោះ​ទទេ​ស្អាត​នេះ មាន​ទម្ងន់​ឬ​អត់ ? ឬក៏​អត់​មាន​ទម្ងន់​អ្វី​ទេ ? ចុះ​បើ​មាន តើ​ទម្ងន់​របស់​វា​ស្មើ​នឹង​ប៉ុន្មាន ? ថ្វីត្បិតតែ​អ្នក​មើល​មិន​ឃើញ​ខ្យល់​ដែល​តែងតែ​ធ្វើ​ចលនា​មក​ប៉ះ​ទង្គិច​នឹង​រាងកាយ​អ្នក​ក៏​ដោយ ប៉ុន្តែ​វា​នៅ​គ្រប់​ទី​កន្លែង​ទាំងអស់។ លំហ​អាកាស​គឺ​ផ្សំ​ឡើង​ដោយ​ខ្យល់ ខ្យល់​មាន​ទម្ងន់​ព្រោះ​វា​មាន​ម៉ាស។ ខ្យល់​មាន​ម៉ាស​ក៏​ដោយសារ​តែ​វា​បង្ក​ឡើង​ដោយ​ម៉ូលេគុល​ឧស្ម័ន​ជាច្រើន​ប្រភេទ​ចូល​ផ្សំ​គ្នា។ បើ​កាលណា​ខ្យល់​ជា​ម៉ាស ដែល​មាន​ទម្ងន់ ដូច្នេះ​តើ​លំហ​អាកាស​ដែល​អ្នក​រស់នៅ​ក្រោម​វា​រាល់ថ្ងៃ​និង​មិន​ចាប់​អារម្មណ៍​ពី​វត្តមាន​របស់​វា​នេះ មាន​ទម្ងន់​ប៉ុន្មាន​ទៅ ? អ្នក​វិទ្យាសាស្ត្រ​បាន​គណនា​ឃើញ​ថា ទម្ងន់​របស់​លំហ​អាកាស ឬ​យើង​អាច​និយាយ​ដូច​គ្នា​បាន​ថា​ម៉ាស​សរុប​របស់​បរិយាកាស​ភព​ផែនដី មាន​ទម្ងន់​ស្មើ​នឹង​១​ភាគ​១​លាន​នៃ​ទម្ងន់​របស់​ភព​ផែនដី​ទាំងមូល ហើយ​ផែនដី​មាន​ទម្ងន់​ស្មើនឹង​៦​គុណ​នឹង​១០​ស្វ័យ​គុណ​២៤​គីឡូក្រាម (៦,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០)។ លំហ​អាកាស​ដែល​ទទេ​ស្អាត​នេះ មិនមែន​គ្រាន់តែ​ជា​ចន្លោះ​ទទេ​ដូច​អ្នក​គិត​នោះ​ទេ។ បើ​គេ​យក​ដំរី​ឥណ្ឌា​ជំទង់​មក​ប្រៀប​ធៀប គេ​ត្រូវ​យក​ដំរី​ឥណ្ឌា​ជំទង់​ចំនួន​៥៧​គុណ​នឹង​១០​ស្វ័យ​គុណ​១៣​ក្បាល (៥៧០,០០០,០០០,០០០,០០០) ទើប​អាច​ស្មើនឹង​ម៉ាស​សរុប​របស់​បរិយាកាស​ភព​ផែនដី​បាន។ ខ្យល់​នៅ​ក្នុង​បរិយាកាស​ផែនដី​តែងតែ​មាន​ចលនា​មក​ប៉ះ​ទង្គិច​អ្នក និង​អ្វីៗ​ទាំងឡាយ​ដែល​វា​ប៉ះ។ ចលនា​ប៉ះ​ទង្គិច​នេះ​កើតឡើង​ដោយសារ​ទំនាញ​របស់​ផែនដី​ស្រូប​ទាញ​យក​ខ្យល់​ទាំងនោះ​មក​កាន់​ផែនដី ដែល​គេ​ហៅ​កម្លាំង​នេះ​ថា សម្ពាធ​នៃ​ខ្យល់។ សម្ពាធ​នៃ​ខ្យល់​កាន់តែ​ចុះ​ទាប នៅ​តំបន់​ដែល​មាន​រយៈ​កម្ពស់​កាន់តែ​ខ្ពស់។ ផ្ទុយ​មក​វិញ សម្ពាធ​នៃ​ខ្យល់​នឹង​កាន់តែ​កើន​ឡើង នៅ​ក្នុង​តំបន់​ដែល​មាន​រយៈ​កម្ពស់​ទាប។ នៅ​ពេល​សម្ពាធ​ខ្យល់​កាន់តែ​ទាប អុកស៊ីហ្សែន​នៅ​ទី​ខ្ពស់​ក៏​ចុះ​ថយ​ដែរ។ មូលហេតុ​នេះ​ហើយ​ទើប​បាន​ជា អ្នក​ឡើង​ភ្នំ​ត្រូវការ​ដប​អុកស៊ីហ្សែន​បន្ថែម​នៅ​ពេល​ឡើង​ទៅ​កំពូល​ភ្នំ​ម្ដងៗ។ ដូច​គ្នា​ចំពោះ​យន្តហោះ​ហោះហើរ​នៅ​លើ​អាកាស​ដែរ ដែល​សម្ពាធ​ខ្យល់​សិប្បនិម្មិត​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​សម្រួល​ការ​ដក​ដង្ហើម​របស់​អ្នក​ដំណើរ​នៅ​ក្នុង​យន្តហោះ​ឲ្យ​មាន​ភាព​ងាយស្រួល។ ប៉ុន្តែ​តើ​ហេតុអ្វី​បានជា​ផែនដី​អាច​ទ្រាំទ្រ​ជាមួយ​នឹង​លំហ​អាកាស​ដែល​មាន​ម៉ាស​ដ៏​ធំ​បែប​នេះ​បាន ? នេះ​ក៏​ព្រោះ​តែ​ខ្យល់​មិនមែន​នៅ​នឹង​មួយ​កន្លែង​គ្រប​ដណ្ដប់​នៅ​លើ​ភព​ផែនដី​នោះ​ទេ។ វា​ងាយ​នឹង​ធ្វើ​ចលនា​ទៅវិញ​ទៅមក ឡើង​ចុះ ផ្លាស់ប្ដូរ​ទិសដៅ​ទៅ​តាម​ទី​តំបន់​ផ្សេងៗ និង​ទៅ​ក្នុង​លំហ ពុំ​នោះ​ទេ​មនុស្ស​យើង​មិន​អាច​ទប់ទល់​នឹង​កម្លាំង​សម្ពាធ​ខ្យល់​ដែល​បុក​មក​និង​មាន​ជីវិត​រស់នៅ​បាន​ឡើយ។ ក៏​ដោយសារ​តែ​ខ្យល់​មាន​ទម្ងន់ ហើយ​អេល្យូម​ជា​ឧស្ម័ន​ស្រាល​ជាង​ខ្យល់ ទើប​គេ​អាច​បង្ហោះ​ប៉េងប៉ោង​ដែល​មាន​ផ្ទុក​ខ្យល់​អេល្យូម​ខាងក្នុង​ឲ្យ​បណ្ដែត​នៅ​លើ​អាកាស​បាន៕

ដោយ៖ ស្រីពៅ

X
5s