ប្រសិនជាមេរបស់អ្នកមាននូវចំណុចខាងក្រោមនេះ នោះបញ្ជាក់ថាអ្នកមានមេដ៏ល្អម្នាក់
ប្រសិនអ្នកអាចរកបានការងារមួយដែលមានប្រាក់ខែខ្ពស់ នេះគឺជារឿងដែលល្អមួយ។ ប៉ុន្តែ ប្រសិនជាអ្នករកមេមួយដែលល្អទៀតនោះអ្នកពិតជាសំណាងខ្លាំងណាស់។ មេល្អមិនងាយរកបាននោះទេ។ តាមការស្រាវជ្រាវបានរកឃើញថា បុគ្គលិកជាង៧០ភាគរយមិនពេញចិត្តនឹងអ្នកដឹកនាំរបស់ពួកគេ ឡើយ។ ដូច្នេះហើយ ប្រសិនជាមេរបស់អ្នកមាននូវចំណុចខាងក្រោមនេះ នោះបញ្ជាក់ថាអ្នកមានអ្នកដឹកនាំដ៏ល្អម្នាក់៖
១) គិតពីការអភិវឌ្ឍន៍បុគ្គលិក៖ មេដែលល្អមិនកំណាញ់នឹងការចែករំលែកចំណេះដឹងនិងជំនាញឡើយ។ លើសពីនេះទៅទៀត មេល្អនឹងព្យាយាមបណ្ដុះបណ្ដាលសមត្ថភាពបុគ្គលិកឲ្យពូកែ ដែលជួយឲ្យបុគ្គលិកក្លាយជាអ្នកដឹកនាំនាថ្ងៃអនាគតបាន។ ប្រសិនជាអ្នកមានមេមួយដែលចំណាយពេលវេលាមកពង្រឹងសមត្ថភាពឬជំនាញបន្ថែមដល់អ្នក នោះគាត់ជាមេដ៏ល្អមួយ។
២) ភាពស្មោះត្រង់នឹងបុគ្គលិក៖ ប្រសិនមេរបស់អ្នកប្រាប់អ្នកពីបញ្ហាហើយបង្ហាញអ្នកពីវិធិដោះស្រាយនឹងបញ្ហាដែរនោះ គាត់ក៏ចាត់ទុកជាមេដ៏ល្អម្នាក់ផងដែរពីព្រោះថាមេដែលល្អគឺត្រូវមានភាពស្មោះត្រង់នឹងបុគ្គលិក ទៀងត្រង់និងមានចិត្តចង់ជួយបុគ្គលិកពិតប្រាកដ។ ឧទាហរណ៍ថា ការងាររបស់អ្នកបច្ចុប្បន្នដូចជាមិនសូវមានផ្លែផ្កាដូចពីមុនទេ អ្នកបាក់ទឹកចិត្តឬលែងចង់ធ្វើការ មេដែលល្អមិនឈរមើលអ្នកដើរលើផ្លូវខុសនោះទេ ផ្ទុយទៅវិញ គាត់នឹងប្រាប់អ្នកតាមត្រង់ពីបញ្ហា ហើយលើកទឹកចិត្តអ្នក រកដំណោះស្រាយនិងផ្តល់ឱកាសដល់អ្នកក្នុងការកែប្រែ។
៣) អាចពិភាក្សាបាន៖ មេខ្លះមិនត្រឹមតែមានភាពឆេវឆាវនោះទេថែមទាំងចិត្តអាក្រក់ទៀតផង។ ប្រសិនអ្នកមានមេម្នាក់ដែលអ្នកអាចនិយាយពីបញ្ហាការងារឬបញ្ហាផ្ទាល់ខ្លួន ហើយគាត់ជាមនុស្សម្នាក់ដែលចំណាយពេលមកស្តាប់បញ្ហានិងជួយរកដំណោះស្រាយដល់អ្នកនោះ គាត់គឺជាមេដ៏ល្អម្នាក់ ដូចដែលយើងដឹងហើយថាមេមានភាពមមាញឹកនឹងការងារណាស់ ដូច្នេះហើយ ប្រសិនជាគាត់នៅលៃលកពេលវេលាសម្រាប់អ្នក គាត់គឺជាមេដ៏ល្អណាស់។
៤) ចែករំលែកនូវភាពជោគជ័យ៖ ភាពជោគជ័យក្នុងក្រុមហ៊ុននឹងមិនអាចកើតមានឡើងនោះទេ ប្រសិនបុគ្គលិកមិនខិតខំធ្វើការ។ រាល់ភាពជោគជ័យកើតមានដោយសារតែការខិតខំរបស់បុគ្គលិក។ ហើយបុគ្គលិករឹតតែមានកម្លាំងចិត្តនៅពេលដែលដឹងថាការងាររបស់ពួកគេបានជួយដល់ក្រុមហ៊ុន ម៉្យាងវិញទៀត មេក៏ផ្តល់តម្លៃដល់ការងាររបស់ពួកគេនិងចែករំលែកភាពរីករាយជាមួយគ្នាប្រៀបបានដូចជាគ្រួសារតែមួយ។ មេដែលល្អមិនយកគុណសម្បត្តិតែម្នាក់ឯងនោះទេ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ lifehack.org