ការរកឃើញទម្រង់DNA ដែលបានឈ្នះពានរង្វាន់ណូបែលនិងផ្លាស់ប្ដូរពិភពលោកទាំងមូល
ខណៈពេលដែលមនុស្សយើងរាល់គ្នាចាប់កំណើតនៅលើភពផែនដីដ៏ធំធេងនិងហ៊ុមព័ទ្ធទៅដោយចក្រវាលដែលពោរពេញដោយអាថ៌កំបាំងឥតមានដែនកំណត់នេះ យើងបើកភ្នែកមកក៏សម្លឹងមើលឃើញអ្វីៗនៅជុំវិញខ្លួននៅនឹងមុខភ្នែករបស់ខ្លួនស្រាប់ទៅហើយ។ អ្វីៗនៅនឹងមុខយើងស្រាប់រាល់វិនាទីនៅពេញមួយឆាកជីវិតរបស់អ្នកបែបនេះ វាក៏ធ្វើឲ្យយើងចេះតែគិតថាធម្មជាតិជាអ្នកបង្កើតជីវិតគ្រប់យ៉ាងឲ្យក្លាយជារបៀបនេះមក ហើយក៏កប់ខ្លួនឯងទៅក្នុងទីងងឹតដោយមិនឆ្ងល់និងស្វែងរកចម្លើយថាតើហេតុអ្វីក៏អ្វីៗក្លាយជាបែបនេះ ហើយវាដំណើរការណ៍យ៉ាងដូចម្ដេច។
ធម្មជាតិគឺជាហេតុនិងផល បើកាលណាមានផល នោះក៏មានហេតុដែលបង្កវាឡើងមកដែរ។ ក្នុងចំណោមរបកគំហើញដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ នៅក្នុងនោះការរកឃើញមួយដែលបានផ្លាស់ប្ដូរពិភពលោកទាំងមូលគឺជាការរកឃើញមួយដែលបានឈ្នះពានរង្វាន់ណូបែលក្នុងឆ្នាំ១៩៦២ ដោយ James Watson, Francis Crick និង Maurice Wilkins ដែលបកស្រាយពីទម្រង់ម៉ូលេគុលDNA ដែលជាមូលដ្ឋានគ្រឹះបង្កឡើងឲ្យមានជីវិតអ្នកនិងខ្ញុំនិងមនុស្សជាតិទាំងអស់ និងសរីរាង្គមានជីវិតដទៃទៀតផងដែរ។
[caption id="attachment_43012" align="aligncenter" width="600"] sandwalk.blogspot.com[/caption]
ពាក្យថាDNA នរណាម្នាក់ក៏ធ្លាប់ឮពីពាក្យនេះដែរ ប៉ុន្តែតើអ្វីទៅគឺជាអត្ថន័យរបស់DNAពិតប្រាកដ ? បើគេពន្លាម៉ូលេគុលDNAទាំងអស់នៅក្នុងរាងកាយមនុស្សទាំងមូល ម៉ូលេគុលទាំងអស់នោះអាចតម្រៀបគ្នាពីផែនដីទៅព្រះអាទិត្យទៅវិញទៅមកបាន៦០០ត្រឡប់។ អ្នកអាចស្រមៃថាតើម៉ូលេគុលDNAនៅក្នុងរាងកាយអ្នកមានច្រើនមហិមាប៉ុណ្ណា បើពីផែនដីទៅព្រះអាទិត្យមានចម្ងាយ៩២ពាន់លានម៉ៃល៍ឯណោះ។
ទម្រង់របស់DNA ប្រៀបដូចនឹងជណ្ដើរបញ្ឈរពីរដែលវេចត្របាញ់ចូលគ្នា ឬអាចនិយាយថាខ្សែច្រវាក់ពីរវេចត្របាញ់ចូលគ្នាក៏បាន។ DNAបង្កឡើងដោយប៉ូលីនុយក្លេអូទីត ដែលមានពាក្យប៉ូលីសំដៅលើពហុឬច្រើន ដូច្នេះវាមានន័យថានុយក្លេអូទីតប្រភេទតែមួយផ្សំចូលគ្នាច្រើនបង្កជាDNA។ ដើម្បីបង្កើតជានុយក្លេអូទីតមួយឡើង ធាតុផ្សំសំខាន់ចំនួន៣បានចូលធ្វើប្រតិកម្មជាមួយគ្នា ដែលមានម៉ូលេគុលស្ករ អាស៊ីតហ្វូស្វ័រិច និងបាសអាសូត។ នៅពេលធាតុទាំង៣នេះមានប្រតិកម្មជាមួយគ្នា ប្រតិកម្មរបស់វានឹងផលិតបានជាពីរម៉ូលេគុលទឹក។
DNAជាប៉ូលីនុយក្លេអូទីត នេះមានន័យថានុយក្លេអូទីតមួយបានចងសម្ព័ន្ធជាមួយនុយក្លេអូទីតមួយទៀត។ នុយក្លេអូទីតមានបាសអាសូត ដែលបាសអាសូតបង្កឡើងពីបាសចំនួន៤មាន អាដេនីន (តាងដោយA) ទីមីន (តាងដោយT) ស៊ីតូស៊ីន (តាងដោយC) និងកានីន (តាងដោយG)។ បាសប្រភេទនីមួយៗមានទំនាក់ទំនងឬចងសម្ព័ន្ធជាមួយបាសប្រភេទមួយទៀត ដោយមានច្បាប់ជាក់លាក់របស់វា។ បាសAតែងតែចងសម្ព័ន្ធជាមួយបាសT ឯបាសCជាមួយបាសGជានិច្ច នេះក៏ដោយសារតែបាសAស្មើនឹងបាសT ហើយបាសCតែងតែស្មើជាមួយបាសG ដែលគេហៅចំណងនេះថា "គូបាសបំពេញគ្នា"។
សម្ព័ន្ធអ៊ីដ្រូហ្សែនជាអ្នកដើរតួដ៏សំខាន់ ដែលជាអាជ្ញាកណ្ដាលផ្សារភ្ជាប់ចំណងពីបាសប្រភេទមួយទៅបាសប្រភេទមួយទៀតឲ្យចងភ្ជាប់ជាមួយគ្នាបាន។ ឯចំណងរវាងបាសនេះប្រៀបបានទៅនឹងកាំជណ្ដើរដែលអ្នកឡើងពីមួយកាំទៅមួយកាំដូច្នោះ។ មិនត្រឹមតែប៉ុននេះនោះទេ ម៉ូលេគុលស្ករនិងអាស៊ីតហ្វូស្វ័រិចដែលមាននៅក្នុងម៉ូលេគុលនុយក្លេអូទីតនីមួយៗ ក៏ចងសម្ព័ន្ធជាមួយចំណងរវាងបាសដែរ ហើយវាប្រៀបបាននឹងជើងជណ្ដើរបញ្ឈរសងខាងកាំនីមួយៗ។
[caption id="attachment_43013" align="aligncenter" width="450"] www.daviddarling.info[/caption]
ហេតុអ្វីDNAសំខាន់ ? នេះទាល់តែអ្នកយល់ពីទំនាក់ទំនងរវាងDNAជាមួយប្រូតេអ៊ីននៅក្នុងរាងកាយអ្នក។ ប្រូតេអ៊ីនគឺជាម៉ូលេគុលសំខាន់បំផុតដែលអាចបង្កឲ្យសក់ឬក្រចកអ្នកលូតលាស់បាន វាមានតួនាទីចម្បងក្នុងដំណើរការណ៍ក្នុងសារពាង្គកាយរបស់អ្នក។ ដើម្បីអាចបំពេញតួនាទីរបស់វាបាន ប្រូតេអ៊ីនត្រូវការទិន្នន័យណែនាំប្រាប់ពីតួនាទីរបស់វានៅក្នុងរាងកាយ។ ដូច្នេះហើយទើបហ្សែនដែលនៅក្នុងDNAរបស់អ្នក គឺជាអ្នកផ្ទុកនូវព័ត៌មានទាំងនេះ។ ព័ត៌មានទាំងនេះត្រូវបានសរសេរទុកនៅក្នុងហ្សែនក្នុងទម្រង់ជាកូដ ហើយម៉ូលេគុលនៅក្នុងហ្សែននឹងដឹកនាំកូដព័ត៌មានទាំងនេះទៅកាន់កោសិកាដើម្បីឲ្យវាបំពេញតួនាទីជាក់លាក់របស់វា។
[caption id="attachment_43011" align="aligncenter" width="600"] ខាងឆ្វេងជាលោក James Watson ខាងស្ដាំជាលោក Francis Crick[/caption]
ប៉ុន្តែដើម្បីឲ្យកោសិកាបំពេញតួនាទីវាបាន លុះត្រាតែវាអាចយល់ពីអ្វីដែលការណែនាំទាំងនោះចង់ប្រាប់វាសិន។ ដូច្នេះហើយទើបរីបូសូមនៅក្នុងកោសិកា ដើរតួជាអ្នកបកប្រែព័ត៌មានឬការណែនាំក្នុងទម្រង់ជាកូដទៅជាទម្រង់ប្រូតេអ៊ីន បន្ទាប់មកទើបប្រូតេអ៊ីនធ្វើដំណើរទៅតាមផ្នែកផ្សេងៗនៃកោសិកាដើម្បីបំពេញតួនាទីជាក់លាក់របស់វា ដែលអាចទ្រទ្រង់អ្នកឲ្យមានជីវិតរស់នៅបាន៕
ដោយ៖ ស្រីពៅ