ចំណេះដឹងពិតប្រាកដគឺជាការចេះសួរសំណួរត្រឹមត្រូវ មិនមែនការចេះឆ្លើយត្រឹមត្រូវនោះទេ​



វា​មិន​សំខាន់​នៅ​ត្រង់​ថា​អ្នក​ឯង​ចេះ​ប៉ុណ្ណា​នោះ​ទេ អ្វី​ដែល​សំខាន់​ស្ថិត​នៅ​ត្រង់​ថា​តើ​អ្នក​ឯង​ដឹង​ថា​ខ្លួនឯង​ល្ងង់​ប៉ុណ្ណា ទីនោះ​ហើយ​ជា​ចំណេះដឹង​ពិត​របស់​អ្នក។ ដូច​ពំនោល​របស់​សូក្រាត​មួយ​ថា៖ "គតិ​បណ្ឌិត​ពិត​ប្រាកដ​ស្ថិត​នៅ​ត្រង់​ការ​ដឹង​ថា​ខ្លួនឯង​មិន​ដឹង​អ្វី​ទាល់តែ​សោះ"។ នៅ​ពេល​មួយ​ដែល​អ្នក​ចាប់ផ្ដើម​បណ្ដុះ​ការ​ងឿង​ឆ្ងល់​របស់​ខ្លួន​ទៅលើ​ពិភពលោក​ដែល​អ្នក​កំពុង​រស់នៅ​នេះ ចម្លើយ​ទទួល​បាន​ច្រើន​ប៉ុណ្ណា ការ​ងឿងឆ្ងល់​និង​សំណួរ​នឹង​ចេះ​តែ​មាន​បន្តបន្ទាប់​មិន​ចេះ​ចប់​យ៉ាង​ដូច្នោះ។

គ្មាន​នរណា​ម្នាក់​ចេះ​អស់​នោះ​ទេ។ អ្នក​ដែល​អួត​ថា​ខ្លួនឯង​ចេះ​សព្វ​គ្រប់​យ៉ាង តាម​ពិត​ជា​មនុស្ស​ដែល​ល្ងង់​បំផុត​ទៅវិញ​ទេ។ តើ​អ្នក​អាច​ដឹង​ដូចម្ដេច​បាន​ថា​អ្វី​ដែល​អ្នក​ជឿជាក់​ថា​ជា​អ្វី​ដែល​ខ្លួនឯង​ដឹង​ឬ​ចេះ​នោះ​គឺជា​ការ​ពិត ? តើ​អ្នក​មាន​អ្វី​មក​អះអាង​ឬ​មាន​ភស្តុតាង​អ្វី​យក​មក​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​របស់​វា ? ពេល​ខ្លះ​បើ​គិត​ចូល​ទៅ​ឲ្យ​ដល់​ជម្រៅ​នៃ​បញ្ហា​ទៅ មនុស្ស​ដែល​ចាត់​ទុក​ជា​សត្វ​ដែល​មាន​វិចារណញ្ញាណ​និង​មាន​ប្រាជ្ញា​លើស​ពី​សត្វ​ដទៃ​នេះ ក៏​មិន​ខុស​អ្វី​ពី​សត្វ​កង្កែប​នៅ​ក្នុង​អណ្ដូង​នោះ​ដែរ។ តើ​យើង​អាច​ដឹង​ដូចម្ដេច​បាន​ថា​ពិភព​ដែល​យើង​កំពុង​រស់នៅ​គឺជា​ការ​ពិត ? ពណ៌​និង​ពន្លឺ​ដែល​អ្នក​អាច​សម្គាល់​និង​ហៅ​បាន​ថា​ជា​ពណ៌​បៃតង លឿង ឬ​ក្រហម គ្រាន់តែ​ជា​ពន្លឺ​កាំរស្មី​អេឡិចត្រូម៉ាញេទិច​របស់​ព្រះអាទិត្យ​ដែល​ជះ​ត្រឡប់​មក​ភព​ផែនដី ហើយ​មនុស្ស​យើង​ពឹងផ្អែក​លើ​ចក្ខុប្រសាទ​រៀងៗ​ខ្លួន​ប៉ុណ្ណោះ ដែល​ធ្វើការ​បម្លែង​ពន្លឺ​និង​រូបភាព​ដែល​ចាំង​ចូល​មក​ភ្នែក​ទៅ​ជា​ព័ត៌មាន​នៅ​ក្នុង​ទម្រង់​ជា​សញ្ញាណ​អគ្គិសនី​ហើយ​បញ្ជូន​ទៅ​កាន់​ខួរក្បាល​អ្នក ទើប​ចុងក្រោយ​អាច​ឲ្យ​អ្នក​ដឹង​ថា​អ្វី​ដែល​នៅ​នឹង​មុខ​អ្នក​គឺជា​អ្វី។ តើ​ចក្ខុប្រសាទ​របស់​អ្នក​គួរ​ឲ្យ​ទុកចិត្ត​កម្រិត​ណា​ទៅ ? តើ​ការ​ពិត​មាន​ពន្លឺ​ដែរ​ឬ​ទេ ? ឬ​គ្រាន់តែ​ជា​រូបភាព​ងងឹត​គ្មាន​ពន្លឺ ? តើ​ការ​ពិត​គឺជា​អ្វី ? បើ​ភាព​មិន​ប្រក្រតី​កើត​មាន​ឡើង​នៅ​ផ្នែក​ណាមួយ​ក្នុង​ខួរក្បាល​មនុស្ស នោះ​វា​នឹង​ផ្លាស់ប្ដូរ​ពិភព​ដែល​ពួកគេ​រស់នៅ ហើយ​បើ​សិន​ជា​គេ​កើត​មក​ដោយ​ធម្មជាតិ​ជាមួយ​បញ្ហា​ខួរក្បាល​បែប​នេះ ហើយ​គ្មាន​នរណា​ម្នាក់​ប្រាប់​ពួកគេ​ថា​អ្វី​ដែល​ពួកគេ​មើល​ឃើញ​ខុស​ពី​មនុស្ស​ធម្មតា​មើល​ឃើញ នោះ​ពួកគេ​ក៏​មិន​ដឹង​ដែរ​ថា​ពិភព​ដែល​ពួកគេ​កំពុង​រស់នៅ​គ្រាន់តែ​ជា​រូបភាព​បំភ័ន្ត​ភ្នែក។ តែ​ភាព​ខុស​គ្នា​ពី​មនុស្ស​ទូទៅ​ភាគច្រើន ក៏​មិន​ប្រាកដ​ថា​អ្វី​ដែល​មនុស្ស​ទូទៅ​ភាគច្រើន​មើល​ឃើញ​នេះ​គឺជា​ការ​ពិត​នោះ​ដែរ។ តើ​យើង​មាន​អ្វី​មក​អះអាង ?

បើ​យើង​គ្រប់​គ្នា​សុទ្ធតែ​ប្រើប្រាស់​ខួរក្បាល​ដើម្បី​មាន​ជីវិត​រស់នៅ​បាន​និង​ដឹង​ពី​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​ទាំងអស់​នោះ ? ដូច្នេះ​ហើយ​ទើប​សូក្រាត​និយាយ​ថា គតិ​បណ្ឌិត​ពិត​ប្រាកដ​ស្ថិត​នៅ​ត្រង់​ការ​ដឹង​ថា​ខ្លួនឯង​មិន​ចេះ​អ្វី​ទាល់តែ​សោះ។ ការ​ងឿងឆ្ងល់ ការ​សួរ​សំណួរ​មាន​គុណ​តម្លៃ​សំខាន់​បំផុត ព្រោះ​ការ​ដែល​ទទួល​ស្គាល់​ថា​ខ្លួនឯង​មិន​ចេះ និង​ការ​ដែល​ចេះ​ងឿងឆ្ងល់​និង​សួរ​សំណួរ គឺជា​ផ្លូវ​តែ​មួយ​គត់​ដែល​អាច​ដឹកនាំ​អ្នក​ឆ្ពោះ​ទៅ​រក​ការ​ពិត​បាន។ ការ​សួរ​សំណួរ​ត្រឹមត្រូវ​កាន់តែ​ជា​រឿង​សំខាន់​ទៅ​ទៀត ព្រោះ​វា​នឹង​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ឲ្យ​សម្លឹង​និង​ដើរ​ទៅ​រក​ទិសដៅ​ត្រឹមត្រូវ​ដើម្បី​បំផុស​គន្លឹះ​អ្វីមួយ​ដែល​ជា​ចម្លើយ​បកស្រាយ​ទៅ​កាន់​ការ​ពិត​ដែល​អ្នក​កំពុង​ស្វែងរក​បាន។ អ្នក​ត្រូវ​ចាំ​ថា​សំណួរ​ត្រឹមត្រូវ ពេល​ខ្លះ​គឺជា​សំណួរ​របស់​កូន​ក្មេង​មិន​ដឹង​អី ដែល​មនុស្ស​ធំ​យល់​ថា​ឆ្កួត​ឡប់ តែ​ឆ្លើយ​មិន​ចេញ​ខ្លួនឯង​នេះ​ហើយ។ ការ​ចេះ​ឆ្លើយ​ត្រឹមត្រូវ មិន​សំខាន់​ដូច​ដែល​ការ​ចេះ​សួរ​សំណួរ​ត្រឹមត្រូវ​នោះ​ឡើយ។ ការ​ដែល​អ្នក​ឆ្លើយ​ត្រូវ​មានន័យ​ថា​អ្នក​បាន​ដឹង​វា​ហើយ ដូច្នេះ​ការ​ចេះ​ដឹង​របស់​អ្នក​នឹង​អាច​បញ្ឈប់​នៅ​ត្រង់​នេះ ទាល់តែ​អ្នក​ជជីក​រក​ឫសគល់​សួរ​បន្ត​ទៀត ស្រប​ពេល​ដែល​ចំណេះដឹង​របស់​អ្នក​កាន់តែ​កើន នោះ​អ្នក​នឹង​រក​ឃើញ​ថា​អ្នក​ក៏​នឹង​ត្រូវ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​អ្នក​ត្រូវ​រៀន​សូត្រ​ពី​ពិភពលោក​នេះ​ដែរ៕

ដោយ៖ ស្រីពៅ

X
5s