ភាពជោគជ័យអាចមិននៅឆ្ងាយពីអ្នកដូចដែលអ្នកគិតនោះឡើយ​



ប្រហែល​ជា​មាន​រឿង​តែ​ម្យ៉ាង​គត់ ដែល​មនុស្ស​គ្រប់​គ្នា​ចង់​ដឹង​ពី​បុគ្គល​ជោគជ័យ​នោះ​គឺ តើ​ពួកគេ​មាន​វិធីសាស្ត្រ​រៀន​សូត្រ​ដូចម្ដេច ? តើ​ពួកគេ​អាច​បង្កើន​ចំណេះដឹង​របស់​ខ្លួន​ឲ្យ​មក​ដល់​ចំណុច​កំពូល​ខ្ពស់​មួយ​តាម​របៀប​ណា ? ចម្លើយ​ក៏​ប្រហែល​ជា​យ៉ាង​សាមញ្ញ​បំផុត​និង​មាន​តែ​មួយ​ដូច​គ្នា​នោះ​គឺ បុគ្គល​ជោគជ័យ​ជឿជាក់​លើ​ខ្លួនឯង ជឿ​ថា​ពួកគេ​នឹង​ជោគជ័យ ពួកគេ​នឹង​អាច​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ដទៃ​រួម​ទាំង​ពួកគេ​ខ្លួនឯង​ធ្លាប់​គិត​មក​លើ​ខ្លួនឯង​ថា​មិន​អាច​ទៅ​រួច​សោះ​ឡើយ។

ជឿជាក់​យ៉ាង​ដូចម្ដេច ? ជឿជាក់​ជា​ភាព​សុទិដ្ឋិនិយម ជា​ការ​មើល​ឃើញ​អ្វីៗ​នៅ​ក្នុង​ផ្លូវ​វិជ្ជមាន តែ​ពុំ​មែន​វិជ្ជមាន​បែប​ជឿជាក់​ថា​ខ្លួនឯង​នឹង​អាច​ហោះហើរ​បាន​នៅ​លើ​អាកាស​ដូច​សត្វ​ស្លាប​នោះ​ឡើយ បើ​មិន​ដូច្នោះ​ទេ​អ្នក​នឹង​បាក់​ក​ស្លាប់​មិនខាន។ តែ​ជា​ការ​ជឿជាក់​មួយ​ដែល​អាច​ឲ្យ​អ្នក​នៅ​តែ​សម្លឹង​មើល​ឃើញ​អ្វីៗ​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​របស់​ខ្លួនឯង កណ្ដាប់​ដៃ​ខ្លួនឯង ឬ​មាន​តែ​អ្នក​តែ​ម្នាក់​គត់​ដែល​ជា​ម្ចាស់​កំណត់​លើ​ជោគវាសនា​ជីវិត​របស់​ខ្លួន​ថា​ជោគជ័យ​ឬ​បរាជ័យ។ ជា​ការ​ជឿជាក់​ដែល​អាច​ឲ្យ​អ្នក​ច្នៃប្រឌិត​នឹក​គិត​ទៅ​ដល់​ការ​បង្កើត​យន្តហោះ​ដែល​អាច​ហោះហើរ​ដូច​សត្វ​ស្លាប​បាន​នេះ​ឯង។ អ្នក​មាន​កម្លាំង​ចិត្ត​និង​ថាមពល​និង​ឆន្ទៈ​ដ៏​ពុះ​កញ្ជ្រោល​ជឿជាក់​បែប​នេះ​បាន លុះត្រាតែ​វា​ជា​អ្វី​ដែល​អ្នក​ចង់​បាន​បំផុត អ្វី​ដែល​អ្នក​ស្រឡាញ់​ពេញចិត្ត​បំផុត ជា​កិច្ចការ​ដែល​អ្នក​ភ្លេច​បាយ​ទឹក​ដោយសារ​តែ​សេចក្ដី​ស្រឡាញ់​ចង់​ធ្វើ​វា​មិន​ចេះ​ធុញថប់ ឬ​ហត់នឿយ​កាយ​និង​ចិត្ត​នេះ​ឯង។ ដូច្នេះ​ហើយ​ទើប​បុគ្គល​ជោគជ័យ​ណា​ក៏​មិន​ដែល​ភ្លេច​ផ្ដល់​ដំបូន្មាន​ដល់​អ្នក​ជំនាន់​ក្រោយ​ឲ្យ​រក​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​បេះដូង​របស់​អ្នក​ទាមទារ​ចង់​បាន អ្វី​ដែល​អ្នក​ស្រឡាញ់​ពិត​ប្រាកដ ដែល​ជា​គោលដៅ​ឬ​សំណួរ​ដែល​អ្នក​ត្រូវ​ស្វែងរក​ចម្លើយ​នៅ​ក្នុង​ដំណើរ​ជីវិត​របស់​អ្នក។ នៅ​ពេល​អ្នក​រក​ឃើញ​អ្វី​ដែល​អ្នក​ស្រឡាញ់​ហើយ អ្នក​ប្រាកដ​ជា​ព្យាយាម​ស្វែងរក​វិធីសាស្ត្រ​បែប​ណា​ទើប​អាច​បង្កើន​ចំណេះដឹង​របស់​ខ្លួន​ក្នុង​ផ្នែក​មួយ​នោះ​ឲ្យ​បាន​ស៊ីជម្រៅ។ មនុស្ស​ម្នាក់ៗ​មាន​វិធីសាស្ត្រ​រៀន​សូត្រ​ខុស​ប្លែក​ពី​គ្នា ត្រង់​ចំណុច​នេះ​មាន​តែ​អ្នក​ខ្លួនឯង​ទេ​ដែល​ស្គាល់​ខ្លួនឯង​ច្បាស់​ជាង​អ្នក​ណាៗ​ទាំងអស់។

អ្នក​ណា​ក៏​អាច​ក្លាយ​ជា​មនុស្ស​អស្ចារ្យ​បាន​ដែរ នៅ​ពេល​ដែល​ពួកគេ​រៀន​តាម​របៀប​ដ៏​ត្រឹមត្រូវ​សម្រាប់​ពួកគេ។ ប៉ុន្តែ​បើ​ទោះ​ជា​វិធីសាស្ត្រ​រៀន​សូត្រ​អាច​ខុសៗ​គ្នា​មែន ការ​ទន្ទេញ​ពុំ​អាច​ជា​វិធីសាស្ត្រ​ល្អ​នោះ​ឡើយ ទោះ​សម្រាប់​អ្នក​ណា​ក៏​ដោយ។ ហេតុអ្វី ? បើ​មិន​ទន្ទេញ​ធ្វើ​ម្ដេច​អាច​ចងចាំ​អ្វីៗ​បាន មិន​ថា​ដូច្នេះ​ឬ ? ពិត​មែន​ហើយ ប៉ុន្តែ​មុន​នឹង​ទន្ទេញ អ្នក​ត្រូវ​ប្រាកដ​ចិត្ត​សិន​ថា​អ្នក​បាន​យល់​វា​ជាក់​ច្បាស់​ហើយ។ ហេតុអ្វី​ការ​យល់​សំខាន់​សម្រាប់​ចំណេះដឹង ? បើ​អ្នក​ទន្ទេញ​ដោយ​ការ​ងងឹតងងល់ ដោយ​ការ​មិន​យល់​ច្បាស់​ថា​អ្វី​ដែល​អ្នក​កំពុង​ព្យាយាម​ចងចាំ​នេះ​មាន​អត្ថន័យ​ដូចម្ដេច នោះ​ចំណេះដឹង​ដែល​បាន​ដោយ​ការ​ទន្ទេញ​នឹង​ក្លាយ​ជា​ឥត​ប្រយោជន៍​នៅ​ពេល​ចុងក្រោយ។ ដោយ​គ្មាន​ការ​យល់​ច្បាស់លាស់ អ្នក​នឹង​ងាយ​ត្រូវ​បាន​គេ​បោក ហើយ​បើ​គេ​គ្រាន់តែ​បន្លប់​សាក​សួរ​អ្នក​ចេញ​ពី​ចំណុច​ណា​ផ្សេង​បែប​ប្រយោល​វិញ អ្នក​ប្រាកដ​ជា​ជាប់​គាំង​មួយ​កន្លែង ដោយ​មិន​ដឹង​ឆ្លើយ​ដូចម្ដេច​ទាំង​ដែល​អ្នក​ធ្លាប់​រៀន​វា​រួច​មក​ហើយ។ យ៉ាងណាមិញ បើ​អ្នក​យល់​វា​ជ្រួតជ្រាប​ហើយ ទោះ​គេ​ចង់​បន្លប់​អ្នក​យ៉ាង​ណា​ក៏​អ្នក​នៅ​តែ​អាច​ឆ្លើយ​បាន​ដែរ ព្រោះ​អ្នក​យល់​ពី​គោល​គំនិត​ដែល​ជា​ឫសគល់​របស់​វា ប៉ុន្តែ​វា​ក៏​អាស្រ័យ​ទៅលើ​ថា​តើ​អ្នក​ចង់​ចេះ​វា​ខ្លាំង​ប៉ុណ្ណា ចង់​បាន​ចំណេះដឹង​នោះ​ប៉ុណ្ណា​ដែរ។ ទោះជាយ៉ាងណាក៏ដោយ ឧបសគ្គ​ទាំង​កើត​មាន​ជានិច្ច នៅ​ពេល​អ្នក​ចាប់ផ្ដើម​ធ្វើ​អ្វី​ថ្មី។ អ្នក​អាច​នឹង​ជួប​នូវ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​របស់​ខ្លួនឯង ដែល​តម្រូវ​ឲ្យ​អ្នក​មាន​ភាព​អត់ធ្មត់​និង​មិន​បោះបង់ និង​ទុក​ពេលវេលា​ឲ្យ​ខ្លួនឯង​រៀន​សូត្រ​ដោយ​សន្សឹមៗ។

ទោះ​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ក៏​ដោយ នៅ​ពេល​អ្នក​មិន​ខ្វាយខ្វល់​អ្វី​ទាំងអស់ ហើយ​ជឿជាក់​តែ​ម្យ៉ាង​ទៅលើ​ខួរក្បាល​របស់​ខ្លួនឯង ថា​អ្នក​ប្រាកដ​ជា​អាច​ឆ្លង​ហួស​រំលង​ពី​ដែន​កំណត់​របស់​ខ្លួន ហើយ​ផ្ចង់​អារម្មណ៍​ធ្វើ​កិច្ចការ​របស់​អ្នក នោះ​អ្នក​ប្រាកដ​ជា​សម្រេច​វា​បាន។ អ្នក​មិន​ត្រូវ​ឲ្យ​គំនិត​អ្នកដទៃ​មក​រំខាន​អ្នក​នោះ​ឡើយ ហើយ​សូម្បី​តែ​គំនិត​មួយ​ដែល​មនុស្ស​ភាគច្រើន​តែង​ឲ្យ​តម្លៃ​ទៅលើ​ការ​បំពេញ​ការងារ​ច្រើន​ក្នុង​ពេល​តែ​មួយ​ក៏​ដោយ។ វា​មិន​អាច​ទៅ​រួច​នោះ​ឡើយ​ដែល​មនុស្ស​ម្នាក់​អាច​សម្រេច​កិច្ចការ​ណាមួយ​ប្រកប​ដោយ​គុណភាព​ខ្ពស់​បាន ដោយ​ខួរក្បាល​តែ​មួយ​របស់​គេ​ដណ្ដើម​កិច្ចការ​ងារ​គ្នា​ធ្វើ​នោះ។ ចុងក្រោយ​ការងារ​ទាំងអស់​ប្រាកដ​ជា​សម្រេច​តាម​របៀប​នេះ ប៉ុន្តែ​ការងារ​ដែល​មាន​គុណភាព​ខ្ពស់​មិន​អាច​សម្រេច​បាន​ដោយ​របៀប​នេះ​ឡើយ វា​ត្រូវការ​ការ​ផ្ចង់​អារម្មណ៍ និង​ការ​តម្រង់​ស្មារតី​របស់​អ្នក​ទៅលើ​រឿង​តែ​មួយ​ក្នុង​ពេល​តែ​មួយ។ Henry Ford និយាយ​ថា៖ "បើ​ទោះ​ជា​អ្នក​គិត​ថា​អ្នក​អាច​ធ្វើ​វា​បាន​ឬ​ក៏​មិន​អាច​ក៏​ដោយ អ្នក​នៅ​តែ​ត្រូវ​ដូច​គ្នា"

ដោយ៖ ស្រីពៅ

X
5s