តើសុបិនអាចជួយស្វែងរកចម្លើយដោះស្រាយបញ្ហាមែនឬ ?​



ហេតុអ្វី​បានជា​មនុស្ស​សុបិន ? បើ​សុបិន​គឺជា​ការ​វិវត្ត​របស់​មនុស្ស​ពី​ធម្មជាតិ ដូច្នេះ​តើ​អ្វី​ទៅ​ជា​គោលដៅ​ដែល​ធម្មជាតិ​បង្កើត​ឲ្យ​មនុស្ស​អាច​សុបិន ? ជា​ច្រើន​សតវត្ស​កន្លង​មក​ហើយ ដែល​អ្នក​វិទ្យាសាស្ត្រ​ឬ​អ្នក​សិក្សា​អំពី​សុបិន​បាន​បង្កើត​ជា​ទ្រឹស្ដី​ជាច្រើន​ដែល​បកស្រាយ​ទៅលើ​មូលហេតុ​ដែល​មនុស្ស​សុបិន ដោយ​ផ្អែក​ទៅលើ​បទពិសោធន៍​និង​ការ​យល់​ឃើញ​របស់​ពួកគេ​រៀងៗ​ខ្លួន។ រហូត​មក​ដល់​ពេល​នេះ​ហើយ​ក៏​ដោយ អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​ពុំ​អាច​ព្រមព្រៀង​គ្នា​បាន​ថា​ហេតុអ្វី​បាន​ជា​មនុស្ស​សុបិន​នោះ​ដែរ និង​អ្វី​ជា​មូលហេតុ​នៃ​ការ​សុបិន។ សុបិន​គឺជា​អាថ៌កំបាំង​មួយ​អំពី​ធម្មជាតិ​របស់​មនុស្ស នៅ​ក្នុង​ចំណោម​ចំណោទ​ស្មុគស្មាញ​ដទៃ​ទៀត​ដែល​អ្នក​វិទ្យាសាស្ត្រ​ព្យាយាម​ស្វែងរក​ការ​ពិត​អំពី​វា។ សុបិន​កើត​ឡើង​នៅ​ក្នុង​ទម្រង់​ជាច្រើន​ចំពោះ​បុគ្គល​ផ្ទាល់ខ្លួន​ដែល​បាន​សុបិន មាន​ទាំង​ជា​សុបិន​អាក្រក់ ដូចជា​ឃើញ​អំពើ​ឃាតកម្ម​ឬ​ចោរ​លួច​ទ្រព្យ​ជាដើម សុបិន​ក៏​មាន​ល្អ ដូចជា​ឃើញ​មនុស្ស​ជាទី​ស្រឡាញ់​ឬ​អ្វី​ដែល​ខ្លួន​តែង​ប្រាថ្នា​ចង់​បាន ហើយ​ក៏​មាន​សុបិន​ខ្លះ​ទៀត​ដែល​បាន​ជួយ​ម្ចាស់​សុបិន​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​និង​ជីវិត​ការងារ​ផង​ដែរ។ នៅ​ក្នុង​នោះ​ក៏​មាន​ភស្តុតាង​ជាច្រើន​ដែល​បញ្ជាក់​ពី​ការ​រក​ឃើញ​គំនិត​ដ៏​អស្ចារ្យ​របស់​អ្នក​វិទ្យាសាស្ត្រ​ល្បីៗ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ដែល​មាន​ឥទ្ធិពល​ប្រៀប​បាន​នឹង​ក្រឡាប់​ផែនដី​ទាំងមូល​ដូច្នោះ។ តើ​អ្នក​ធ្លាប់​ប្រើប្រាស់​តារាង​ខួប​នៃ​ធាតុ​គីមី ដែល​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ធាតុ​គីមី​មួយ​ទៅ​នឹង​ធាតុ​គីមី​មួយ​ទៀត​ទេ ? ធាតុ​គីមី​នីមួយៗ​ត្រូវ​បាន​សរសេរ​នៅ​លើ​តារាង​ខួប​ដោយ​មាន​លំដាប់​លេខ​រៀង​របស់​វា ឬ​ជា​លេខ​អាតូម​របស់​ធាតុ​នីមួយៗ ពុំ​មែន​ចេះ​តែ​ដាក់​តាម​ចិត្ត​នឹក​ឃើញ​នោះ​ឡើយ។ ធាតុ​គីមី​នីមួយៗ​មាន​មូលហេតុ​ជាក់លាក់​របស់​វា​ដែល​បណ្ដាល​ឲ្យ​វា​មក​ស្ថិត​នៅ​លំដាប់​លេខ​រៀង​របស់​វា។ ហេតុនេះ​អ្នក​អាច​ដឹង​បាន​ហើយ​ថា តើ​ការ​រៀបចំ​ធាតុ​គីមី​នីមួយៗ​នៅ​ក្នុង​តារាង​ខួប​មាន​ភាព​ស្មុគស្មាញ​ប៉ុណ្ណា។ ប៉ុន្តែ​នេះ​ជា​ខួរក្បាល​របស់​មនុស្ស ដែល​ជា​អ្នក​រក​ឃើញ​របក​គំហើញ​ដ៏​ឈ្លាសវៃ​មួយ​នេះ។ បើ​អ្នក​ស្គាល់​ដល់​តារាង​ខួប​នៃ​ធាតុ​គីមី​ហើយ អ្នក​ប្រាកដ​ជា​ស្គាល់​ដល់​អ្នក​រក​ឃើញ​វា​ដូច​គ្នា​ដែរ​នោះ​គឺ គីមីវិទូ លោក ​ឌីមេទ្រី មិនដេលេយេវ (១៨៣៤ដល់១៩០៧)។ តើ​គាត់​អាច​ក្លាយ​ជា​បិតា​នៃ​គីមីវិទ្យា ដែល​បាន​សាង​មូលដ្ឋាន​សម្រាប់​គីមីវិទ្យា​សម័យ​ទំនើប​ដោយសារ​ការ​រក​ឃើញ​ដ៏​អស្ចារ្យ​មួយ​នេះ ដោយ​របៀប​ណា ? គាត់​ធ្លាប់​លើកឡើង​ថា នៅ​ពេល​មួយ​នោះ​ក្នុង​សុបិន​របស់​គាត់ គាត់​ឃើញ​ធាតុ​គីមី​នីមួយៗ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ទៅវិញ​ទៅមក នៅ​ក្នុង​របៀប​មួយ​ដែល​អាច​ប្រដូច​បាន​ទៅ​នឹង​ចង្វាក់​ភ្លេង​ដែល​ប្រគំ​ទៅ​យ៉ាង​រណ្ដំ​គ្នា​ដូច្នោះ។ [caption id="attachment_43217" align="aligncenter" width="600"] www.telegraph.co.uk[/caption] បិតា​រូបវិទ្យា អាល់ប៊ឺត អាញស្តាញ និង​ជា​អ្នក​ប្រាជ្ញ​រូបវិទ្យា​ដែល​គេ​ស្គាល់​តាមរយៈ​ទ្រឹស្ដី​ដ៏​ល្បី​បំផុត​និង​សំខាន់​បំផុត​មួយ​សម្រាប់​ជា​ទុន​គំនិត​របស់​រូបវិទ្យា​បច្ចុប្បន្ន ដែល​ជា​ទ្រឹស្ដី Theory of Relativity ក៏​មាន​ឫសគល់​ចេញ​មក​ពី​សុបិន​ដែល​អាញស្តាញ​ឃើញ​ថា គាត់​កំពុង​តែ​ជិះ​លើ​ក្ដារ​រអិល​ចុះ​ពី​ភ្នំ មើល​ឃើញ​ទីតាំង​របស់​ផ្កាយ​ដែល​ផ្លាស់ប្ដូរ​ធៀប​ទៅ​នឹង​ល្បឿន​របស់​គាត់។ [caption id="attachment_43218" align="aligncenter" width="600"] www.pbs.org[/caption] ភស្តុតាង​ខាងលើ​នេះ​ហាក់​បី​ដូចជា​បាន​ផ្ដល់​មុខ​សញ្ញា​អំពី​មូលហេតុ​ដែល​មនុស្ស​សុបិន។ សាស្ត្រាចារ្យ​ពី​សាកលវិទ្យាល័យ​ហាវើដ​មួយ​រូប និង​ជា​អ្នក​និពន្ធ​សៀវភៅ The Committee of Sleep: How Artists, Scientists and Athletes Use Dreams For Creative Problem-Solving- And How You Can, Too លោក Deirdre Barrett បាន​ស្រាវជ្រាវ​និង​រក​ឃើញ​ថា អ្នក​អាច​ផ្លាស់ប្ដូរ​ការ​សុបិន​របស់​អ្នក​បាន ហើយ​ប្រសិន​ជា​អ្នក​ចង់​ឲ្យ​សុបិន​របស់​អ្នក​ដោះស្រាយ​បញ្ហា​ឲ្យ ដូច្នេះ​អ្នក​ត្រូវ​នឹក​រលឹក​គិត​ពី​បញ្ហា​នោះ​ជាប្រចាំ ដិត​ជាប់​នឹង​ការ​គិត​របស់​អ្នក នៅ​មុន​ពេល​គេង​រហូត​ដល់​អ្នក​លង់លក់​ស្កប់ស្កល់​ទៅ។ លុះ​សុបិន​នឹង​ជួយ​ដោះស្រាយ​បញ្ហា ដែល​តែង​ដក់​ជាប់​ក្នុង​ការ​គិត​របស់​អ្នក​នៅ​ក្នុង​ជីវិត​ជាក់ស្ដែង​មិនខាន៕ ដោយ៖ ស្រីពៅ
X
5s