ហេតុអ្វីព័ត៌មានត្រូវបានបញ្ជូនទៅកាន់ខួរក្បាលក្នុងទម្រង់ជាសញ្ញាណអគ្គិសនី ? តើរាងកាយមនុស្សបង្កើតអគ្គិសនីយ៉ាងដូចម្ដេច ?​



នៅ​ពេល​អ្នក​កំពុង​តែ​ចិត​ផ្លែឈើ ហើយ​ក៏​ស្រាប់តែ​មុត​ដៃ ណឺរ៉ូន​នៅ​ក្នុង​កោសិកា​ដៃ​របស់​អ្នក​នឹង​បញ្ជូន​ព័ត៌មាន​ក្រោម​រូបរាង​ជា​សញ្ញាណ​អគ្គិសនី​ទៅ​កាន់​ខួរក្បាល​អ្នក ដែល​ប្រាប់​អ្នក​ឲ្យ​ទទួល​ដឹង​នូវ​អារម្មណ៍​ឈឺចាប់។ សកម្មភាព​បញ្ជូន​ព័ត៌មាន​ទៅវិញ​ទៅមក​ពី​សរីរាង្គ​មួយ​ទៅ​សរីរាង្គ​មួយ​ទៀត​យ៉ាង​សកម្ម​នៅ​ក្នុង​សារពាង្គកាយ​របស់​អ្នក​ទាំងមូល​សុទ្ធតែ​ត្រូវ​ពឹងផ្អែក​ទៅលើ​សញ្ញាណ​អគ្គិសនី​នេះ​ទាំងអស់ បើ​ពុំ​ដូច្នោះ​ទេ​អ្នក​ប្រាកដ​ជា​ស្លាប់​បាត់បង់​ជីវិត​ដោយ​ពុំ​មាន​អ្វី​បញ្ជូន​ព័ត៌មាន​ឲ្យ​ខួរក្បាល​ប្រាប់​អ្នក​ឲ្យ​ស្វែងរក​សុវត្ថិភាព នៅ​ពេល​អ្នក​ជួប​គ្រោះថ្នាក់​នោះ​ឡើយ។ ប៉ុន្តែ បើ​យើង​សាក​ពិចារណា​បន្តិច ធម្មជាតិ​បាន​ផ្ដល់​ឲ្យ​មនុស្ស​នូវ​ឧបករណ៍​ដ៏​ឈ្លាសវៃ​ក្នុង​ដៃ​ជាច្រើន ដែល​មនុស្ស​យើង​តែង​មិន​សូវ​ចាប់​អារម្មណ៍​និង​ឲ្យ​តម្លៃ​ទៅលើ​របស់​ស្រាប់ៗ​ទាំងនោះ។ ហេតុអ្វី​ព័ត៌មាន​ទាំងឡាយ​ដែល​បញ្ជូន​ទៅ​កាន់​សរីរាង្គ​ខួរក្បាល ស្ថិត​នៅ​ក្រោម​ទម្រង់​ជា​សញ្ញាណ​អគ្គិសនី ? តើ​មនុស្ស​យើង​បង្កើត​ថាមពល​អគ្គិសនី​ទាំងនោះ​នៅ​ក្នុង​រាងកាយ​យ៉ាង​ដូចម្ដេច ? តើ​វា​មាន​ដំណើរការណ៍​តាម​របៀប​ណា​ដែរ ? [caption id="attachment_43277" align="aligncenter" width="600"] www.dailymail.co.uk[/caption] ចម្លើយ​ដ៏​ខ្លី​តែ​មួយ​គត់ គឺ​វា​មាន​ឫសគល់​មក​ពី​ម៉ូលេគុល​អាតូម ជា​ដំណើរការណ៍​ម៉ូលេគុល​អាតូម​ក្នុង​សារពាង្គកាយ​របស់​អ្នក​ដែល​ទ្រទ្រង់​ជីវិត​អ្នក តែ​អ្នក​មិន​អាច​មើល​ឃើញ​បាន​នេះ​ឯង។ ដើម្បី​យល់​ពី​ដំណើរការណ៍​ដែល​ម៉ូលេគុល​អាតូម​អាច​បង្កើត​ថាមពល​អគ្គិសនី ដែល​អាច​បញ្ជូន​ព័ត៌មាន​ទៅ​កាន់​ខួរក្បាល​ដែល​អាច​ឲ្យ​យើង​ទទួល​អារម្មណ៍​ថា​ភ័យខ្លាច សប្បាយ​រីករាយ ឬ​កើត​ទុក្ខ​ជាដើម យើង​គួរ​យក​បណ្ដុំ​នៃ​គំនិត​ដ៏​ធំ​មួយ​មក​បក​ជា​ស្រទាប់​មួយៗ។ អ្វីៗ​ទាំងអស់​សុទ្ធតែ​បង្ក​ឡើង​ពី​អាតូម។ នៅ​ក្នុង​អាតូម​នេះ​ទៅ​ទៀត បង្ក​ឡើង​ដោយ​ភាគ​ល្អិត​តូចៗ​ដែល​មាន​ដូចជា ប្រូតុង (មាន​បន្ទុក​វិជ្ជមាន) ណឺត្រុង (គ្មាន​បន្ទុក​ឬ​ណឺត) និង​អេឡិចត្រុង (មាន​បន្ទុក​អវិជ្ជមាន)។ ភាគល្អិត​៣​ប្រភេទ​នេះ​តម្រៀប​គ្នា​នៅ​ក្នុង​អាតូម​ទៅ​តាម​ទម្រង់​មួយ​ដែល​មាន​ប្រូតុង​និង​ណឺត្រុង​នៅ​ចំ​កណ្ដាល​ណ្វៃយ៉ូ​របស់​អាតូម​មួយ រីឯ​អេឡិចត្រុង​មាន​ចលនា​វិល​ជុំវិញ​ណ្វៃយ៉ូ​អាតូម។ អាតូម​ភាគច្រើន​តែង​មាន​ចំនួន​ប្រូតុង​ស្មើ​គ្នា​នឹង​ចំនួន​របស់​អេឡិចត្រុង ឬ​បន្ទុក-​ស្មើ​នឹង​បន្ទុក+។ នៅ​ក្នុង​តារាង​ខួប​នៃ​ធាតុ​គីមី បើ​អ្នក​សង្កេត​មើល​អាតូម​អ៊ីដ្រូហ្សែន (H) អ្នក​នឹង​ឃើញ​ថា​វា​ស្ថិត​នៅ​លំដាប់​ទី​១​ដំបូង​គេ​បង្អស់។ មូលហេតុ​ដែល​វា​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១ នេះ​ក៏​ព្រោះ​តែ​អាតូម​របស់​អ៊ីដ្រូហ្សែន មាន​ចំនួន​ប្រូតុង​១ ហើយ​ដោយសារ​តែ​ចំនួន​ប្រូតុង​ស្មើ​ចំនួន​អេឡិចត្រុង នោះ​អេឡិចត្រុង​ក៏​មាន​ចំនួន​១​ដូច​គ្នា​ដែរ។ អេឡិចត្រុង​នឹង​តម្រៀប​គ្នា​ជា​ស្រទាប់​នៅ​ខាងក្រៅ​ណ្វៃយ៉ូ​អាតូម ប៉ុន្តែ​ដោយសារ​តែ​អេឡិចត្រុង​អ៊ីដ្រូហ្សែន​មាន​តែ​១ ដូចនេះ​ស្រទាប់​របស់​វា​ក៏​មាន​១​ដូច​គ្នា​ដែរ។ [caption id="attachment_43280" align="aligncenter" width="600"] hudsonvalleygeologist.blogspot.com[/caption] មូលហេតុ​ដែល​វា​ចាំបាច់​ក្នុង​ការ​យល់​ដឹង​ពី​ស្រទាប់​របស់​អេឡិចត្រុង​ដែល​មាន​នៅ​ក្នុង​អាតូម​នីមួយៗ នេះ​ក៏​ព្រោះ​តែ​អេឡិចត្រុង​ដែល​នៅ​ស្រទាប់​ខាងក្រៅ​បង្អស់ ជា​អេឡិចត្រុង​សេរី សេរី​មានន័យ​ថា​បន្ទុក-​នេះ​ងាយ​នឹង​ហើរ​ទៅ​រក​ណ្វៃយ៉ូ​អាតូម​ដទៃ​ទៀត​ដែល​នៅ​ក្បែរ​វា។ អ្នក​ដឹង​មក​ហើយ​ថា អាតូម​ភាគច្រើន​មាន​ចំនួន​បន្ទុក+​ស្មើនឹង​បន្ទុក-​ស្មើគ្នា ដូចនេះ​នៅ​ពេល​ដែល​អេឡិចត្រុង​សេរី​នៅ​ស្រទាប់​ក្រៅ​បង្អស់​របស់​ណ្វៃយ៉ូ​អាតូម ហើរ​ដោយ​សេរី​ទៅ​រក​ណ្វៃយ៉ូ​អាតូម​ដទៃ​ទៀត​ដែល​នៅ​ក្បែរ​វា នោះ​ណ្វៃយ៉ូ​អាតូម​ដែល​អេឡិចត្រុង​ស្រទាប់​ក្រៅ​របស់​វា​ហើរ​ទៅ​រក​ណ្វៃយ៉ូ​អាតូម​ដទៃ​នេះ​នឹង​មាន​បន្ទុក-​តិច​ជាង​បន្ទុក+។ ជាទូទៅ​ឥរិយាបថ​របស់​ណ្វៃយ៉ូ​អាតូម នឹង​ព្យាយាម​ធ្វើ​បែប​ណា​ដើម្បី​ឲ្យ​បន្ទុក+​និង​បន្ទុក-​មាន​ភាព​ស្មើគ្នា។ តាម​របៀប​នេះ ដើម្បី​ឲ្យ​វា​ស្មើ​គ្នា អេឡិចត្រុង​ស្រទាប់​ក្រៅ​បង្អស់​របស់​ណ្វៃយ៉ូ​មួយ​ផ្សេង​ទៀត​នឹង​ហើរ​ដោយ​សេរី​មក​រក​ណ្វៃយ៉ូ​អាតូម​ដែល​ខ្វះ​អេឡិចត្រុង​នេះ។ ដំណើរការណ៍​បែប​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រហូត ដែល​គេ​ហៅ​ថា​លំហូរ​អេឡិចត្រុង។ ត្រង់​ភាព​មិន​ស្មើ​គ្នា​រវាង​បន្ទុក-​និង​បន្ទុក+​នេះ​ហើយ ដែល​បង្ក​ជា​អគ្គិសនី។ ប៉ុន្តែ បើ​គ្មាន​ថាមពល​អ្វី​ពី​ខាងក្រៅ​មក​ជំរុញ​វា​ទេ នោះ​អេឡិចត្រុង​ស្រទាប់​ក្រៅ​ក៏​មិន​ហើរ​ចេញ​ពី​ណ្វៃយ៉ូ​អាតូម​របស់​ខ្លួន​បែប​នេះ​ដែរ ហើយ​អគ្គិសនី​ក៏​មិន​អាច​កើត​មាន​ដែរ។ ដូច្នេះ​តើ​អគ្គិសនី​ក្នុង​រាងកាយ​អ្នក ទទួល​ថាមពល​មក​ពី​ណា ? នេះ​គឺជា​មូលហេតុ​ដែល​មនុស្ស​ត្រូវ​ទទួលទាន​អាហារ។ អ្នក​ដឹង​ហើយ​ថា​អាតូម​មាន​នៅ​ក្នុង​អ្វីៗ​ទាំងអស់ ដូច្នេះ​នៅ​ក្នុង​អាហារ​ដែល​អ្នក​ទទួលទាន​រាល់ថ្ងៃ​ក៏​ដូច​គ្នា​ដែរ។ នេះ​ហើយ​គឺជា​ប្រភព​នៃ​ការ​បង្កើត​អគ្គិសនី​នៅ​ក្នុង​រាងកាយ​អ្នក។ អាតូម​ធំៗ​ពី​អាហារ​នឹង​ត្រូវ​បាន​បំបែក​ជា​ម៉ូលេគុល​អាតូម​តូចៗ​ដោយ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក។ ម៉ូលេគុល​អាតូម​ពី​អាហារ​ទាំងនោះ​ច្រើន​តែ​ជា​អាតូម​សូដ្យូម កាល់ស្យូម ប៉ូតាស្យូម និង​អុកស៊ីហ្សែន​ដែល​អ្នក​ដក​ដង្ហើម។ ជាទូទៅ​អាតូម​ប៉ូតាស្យូម​តែង​នៅ​ក្នុង​កោសិកា​របស់​អ្នក រីឯ​អាតូម​សូដ្យូម​ស្ថិត​នៅ​ផ្នែក​ខាងក្រៅ​នៃ​កោសិកា។ នៅ​ពេល​ត្រូវ​បញ្ជូន​ព័ត៌មាន​អ្វី​ប្រាប់​ទៅ​កាន់​ខួរក្បាល កោសិកា​ផ្នែក​ណាមួយ​នេះ​នឹង​បើក​ផ្លូវ​របស់​វា។ នៅ​ពេល​បើក​ផ្លូវ វា​នឹង​ផ្លាស់ប្ដូរ​គ្នា​ដោយ​អ៊ីយ៉ុង​វិជ្ជមាន​របស់​សូដ្យូម​នឹង​ចូល​ទៅ​ក្នុង​កោសិកា​ច្រើន​ជាង​អ៊ីយ៉ុង​អវិជ្ជមាន​របស់​ប៉ូតាស្យូម​ចេញ​មក​ក្រៅ​វិញ ជាហេតុ​នាំឲ្យ​ក្នុង​កោសិកា​មាន​បន្ទុក+​ច្រើន​ជាង​បន្ទុក-។ ដូច្នេះ​ដើម្បី​ព្យាយាម​ធ្វើឲ្យ​បន្ទុក+​ស្មើ​បន្ទុក- នោះ​ដំណើរការណ៍​លំហូរ​អេឡិចត្រុង​នឹង​ប្រព្រឹត្ត​ឡើង ដែល​នាំឲ្យ​មាន​អគ្គិសនី​បង្កើត​ឡើង​មក។ អគ្គិសនី​នេះ​នឹង​ផ្ដុំ​គ្នា​ហើយ​ជំរុញ​ឲ្យ​កោសិកា​ដែល​វា​ត្រូវ​ឆ្លងកាត់​បើក​ច្រក​ផ្លូវ​សម្រាប់​បញ្ជូន​ព័ត៌មាន​ទៅ​កាន់​ខួរក្បាល។ [caption id="attachment_43279" align="aligncenter" width="600"] www.businessinsider.com[/caption] សិក្សា​យ៉ាង​លម្អិត ដំណើរការណ៍​នេះ​ហាក់​ដូចជា​ចំណាយ​ពេល​យូរ តែ​នេះ​ពុំ​មែន​ឡើយ។ បើ​មិន​ដូច្នោះ​ទេ អ្នក​ប្រាកដ​ជា​មិន​អាច​គេច​ពី​ឡាន​ដែល​កៀក​នឹង​មក​បុក​អ្នក​នៅ​នឹង​មុខ​ត្រឹម​តែ​ប៉ុន្មាន​វិនាទី​បាន​ទាន់​ពេល​នោះ​ឡើយ។ ឧទាហរណ៍​ការ​បញ្ជូន​ព័ត៌មាន​របស់​ផ្នែក​សាច់ដុំ​ធ្វើ​ដំណើរ​បាន​១១៩​ម៉ែត្រ​ក្នុង​១វិនាទី ការ​ឈឺចាប់​ធ្វើ​ដំណើរ​យឺត​ជាង​បាន​០.៦១​ម៉ែត្រ​ក្នុង​១​វិនាទី និង​ការ​ប៉ះពាល់​បាន​ចម្ងាយ​៧៦.២​ម៉ែត្រ​ក្នុង​១​វិនាទី៕ ដោយ៖ ស្រីពៅ
X
5s