កូនរុក្ខជាតិតូចមួយដើម បើអ្នកចេះដាំដុះវាបានត្រឹមត្រូវ វាមិនត្រឹមតែអាចមានជីវិតនោះទេ តែអាចចេញផ្លែផ្កាល្អទៀតផង
កូនរុក្ខជាតិតូចមួយដើម បើអ្នកជាអ្នកដាំ គ្រាន់តែដាក់វានៅលើដីដែលអាចដាំដុះបាន និងស្រោចទឹកវាជាប្រចាំ នោះវាក៏នឹងអាចមានជីវិតលូតលាស់ដូចបណ្ដារុក្ខជាតិប្រភេទដទៃផ្សេងទៀតដែរ។ យ៉ាងណាមិញ ប្រសិនជាអ្នកស្វែងយល់និងស្គាល់ច្បាស់ថារុក្ខជាតិប្រភេទមួយនេះត្រូវការលក្ខខណ្ឌអាកាសធាតុត្រជាក់ និងក្រោមម្លប់ផុតពីកម្ដៅព្រះអាទិត្យទើបវាអាចមានជីវិតបាន នោះវាមិនត្រឹមតែអាចមានជីវិតរស់រានបាននោះទេ គឺវានឹងលូតលាស់ក្លាយជាដើមឈើដ៏រឹងមាំ មានផ្លែផ្កា មានជីវជាតិល្អ និងធន់នឹងគ្រោះធម្មជាតិផ្សេងៗថែមទៀតផង។ វាក៏មិនខុសគ្នាដែរពីសង្គមសាលានិងគ្រួសារ ដែលជាកន្លែងអប់រំនិងផ្ដល់ចំណេះដឹងដំបូងបង្អស់សម្រាប់ជួយជ្រោមជ្រែងក្មេងតូចៗដែលទន់ជ្រាយដោយខ្លួនឯងទាំងនោះ ដើម្បីឲ្យពួកគេលូតលាស់ក្លាយជាបុគ្គលដ៏អស្ចារ្យមួយរូបសម្រាប់សង្គមរបស់ពួកគេ។ ប៉ុន្តែ ខួរក្បាលទម្ងន់៣ផោនរបស់មនុស្សនេះ មិនមែន១០ដូចគ្នាទាំង១០នោះទេ។ ពុំមានឡើយខួរក្បាលមនុស្ស២នាក់ដែលទទួលយកចំណេះដឹងតាមរបៀបដូចគ្នានិងក្នុងទីកន្លែងដូចគ្នានោះ។ រចនាសម្ព័ន្ធនៅខាងក្នុងខួរក្បាលរបស់មនុស្សម្នាក់ៗមិនដូចគ្នានោះឡើយ ដោយអាស្រ័យទៅលើកត្តាធម្មជាតិកំណត់មកពីហ្សែន កត្តាបទពិសោធន៍ក្នុងជីវិតបុគ្គលផ្ទាល់ខ្លួន កត្តាសង្គម ជំនឿនិងមានរឿងផ្សេងៗជាច្រើនទៀតដែលឆ្លាក់ច្នៃរចនាសម្ព័ន្ធខួរក្បាលរបស់បុគ្គលម្នាក់ៗឲ្យមានភាពខុសប្លែករបស់ពួកគេរៀងៗខ្លួន។ នៅក្នុងសាលា គ្រូបង្រៀនតែងរំពឹងទុកថាវិធីសាស្ត្រតែមួយរបស់គាត់ គឺអាចប្រើការមានប្រសិទ្ធភាពបានចំពោះគ្រប់សិស្សទាំងអស់ដែលនៅក្នុងថ្នាក់រៀនជាមួយគ្នា។ នៅពេលគាត់កាន់តែព្យាយាមជឿជាក់និងជំរុញសិស្សគ្រប់គ្នាឲ្យសម្របជាមួយនឹងវិធីសាស្ត្ររបស់គាត់ខ្លាំងប៉ុណ្ណា វានឹងកាន់តែទាញសិស្សដែលមិនអាចសម្របជាមួយគាត់ឲ្យកាន់តែឆ្ងាយពីគ្រូ សិស្សដទៃទៀត រហូតដល់គ្រួសារនិងអ្នកជុំវិញខ្លួនរបស់ពួកគេខ្លាំងប៉ុននោះដែរ។ វាប្រៀបដូចជាអ្នកបានយករុក្ខជាតិមួយប្រភេទដែលត្រូវការអាកាសធាតុត្រជាក់ដើម្បីរស់ ទៅដាក់នៅក្នុងអាកាសធាតុដ៏ក្ដៅហួតហែងដូច្នោះ។ តើម្ដេចនឹងគ្នាអាចលូតលាស់ដូចដើមឈើដទៃបាន ? មិនមែនជាបញ្ហារបស់IQដែលកំណត់មកពីធម្មជាតិនោះឡើយ ព្រោះគ្រប់គ្នាសុទ្ធតែអាចក្លាយជាបុគ្គលអស្ចារ្យ នៅពេលពួកគេរៀនសូត្រតាមវិធីសាស្ត្រដែលត្រឹមត្រូវសម្រាប់ពួកគេ។ សង្គមសាលាតែងមានទំនោរដាក់សម្ពាធឲ្យសិស្សប្រកួតប្រជែងគ្នាទៅលើចំណាត់ថ្នាក់និងពិន្ទុ តែពុំសង្កត់ធ្ងន់និងឲ្យតម្លៃទៅលើជំនាញនិងចំណេះដឹងពិតប្រាកដ និងការដែលធ្វើឲ្យខ្លួនក្លាយជាមនុស្សដែលមានតម្លៃជាជាងមនុស្សជោគជ័យ ព្រោះភាពជោគជ័យនិងតម្លៃគឺជារបស់ពីរផ្សេងគ្នា។ មនុស្សជោគជ័យមិនប្រាកដថាជាមនុស្សមានតម្លៃនោះឡើយ តែមនុស្សដែលមានតម្លៃគឺជាមនុស្សជោគជ័យហើយ។ ខួរក្បាលរបស់ក្មេងដែលស្ថិតនៅក្រោមសម្ពាធបែបនេះពុំអាចប្រគល់ភាពជោគជ័យដែលជាទីពេញចិត្តឲ្យអ្នកបាននោះឡើយ។ ខួរក្បាលមនុស្សនឹងមិនអាចចងចាំទិន្នន័យណាដែលក្រៀមក្រំ គ្មានភាពទាក់ទាញអ្វីនោះឡើយ។ បើទិន្នន័យទាំងនោះមិនបំផុសនូវចំណាប់អារម្មណ៍ពួកគេ មិនមែនជាអ្វីដែលពួកគេជក់ចិត្តទៅលើ នោះវាក៏នឹងពិបាកឲ្យពួកគេហៅការចងចាំទាំងនោះត្រឡប់មកវិញ នៅពេលត្រូវការប្រើការវាវិញនោះដែរ។ វាជាការប្រសើរបំផុត បើអ្នកបង្រៀនអ្វីមួយដល់ពួកគេដោយបន្ថែមជារូបភាពដែលបំផុសនូវចំណាប់អារម្មណ៍ និងអាចជាក្រាប ឬតារាងជាដើម និងកាន់តែប្រសើរទៅទៀតបើអ្នកអាចបន្ថែមនូវក្លិន លើសពីអក្សរជាជួរៗពេញមួយសន្លឹកក្រដាសដ៏ក្រៀមក្រោះបែបនេះ។ នៅពេលពួកគេប្រើប្រាស់ញាណបានច្រើនយ៉ាងក្នុងពេលតែមួយដើម្បីចាប់យកទិន្នន័យ នោះទិន្នន័យទាំងនោះនឹងកាន់តែផ្ដល់ភាពងាយស្រួលដល់ពួកគេក្នុងការចងចាំនិងនៅពេលត្រូវការយកមកប្រើប្រាស់វិញផងដែរ។ ទោះជាវិធីសាស្ត្របែបណាក៏ដោយ វាជាការចាំបាច់បំផុតដែលអ្នកត្រូវដឹងថាមនុស្សម្នាក់មិនដូចគ្នានោះទេ ហើយគ្រប់គ្នាសុទ្ធតែអាចក្លាយជាមនុស្សអស្ចារ្យបានទាំងអស់ អ្វីដែលសំខាន់គឺជាការស្គាល់ច្បាស់អំពីខ្លួនឯង៕
ដោយ៖ ស្រីពៅ