ហេតុអ្វីក៏មិនមែនជាប៉ូលដូចគ្នា តែជាប៉ូលផ្ទុយគ្នារវាងរបារមេដែកពីរ ដែលនាំឲ្យមានកម្លាំងឆក់ទាញគ្នា ?
ហេតុអ្វីក៏របារមេដែកមួយឆក់ជាមួយរបារមេដែកមួយទៀតបាន ? តើអ្វីទៅដែលធ្វើឲ្យមានកម្លាំងឆក់ទាញរវាងមេដែកទាំងពីរនេះ ? តើមានអ្វីកើតឡើងនៅខាងក្នុងរបារមេដែក ដែលយើងមិនអាចមើលឃើញដោយភ្នែកទទេ នៅពេលរបារមេដែកទាញគ្នាចូល ?
ប៉ុន្តែ ហេតុអ្វីត្រូវចាប់ផ្ដើមជាមួយនឹងរបារមេដែក តែមិនមែនជាឧបករណ៍អេឡិចត្រូនិកផ្សេងៗទៅវិញទៅ ? បើទោះជាឧបករណ៍អេឡិចត្រូនិកមិនថាជាអំពូលភ្លើង ឬម៉ូតូដែលអ្នកជិះរៀងរាល់ថ្ងៃក៏ដោយ ដំណើរការណ៍របស់វាសុទ្ធតែប្រព្រឹត្តទៅតាមគោលការណ៍តែមួយដូចគ្នាទាំងអស់។ ដូច្នេះនៅពេលអ្នកយល់អំពីហេតុដែលបង្កជាផលនៃកម្លាំងឆក់ទាញរវាងរបារមេដែកពីរបាន នោះផលិតផលផ្សេងៗទៀតដែលឆ្លងកាត់ដំណើរការណ៍ស្រដៀងគ្នានេះ ក៏មានឫសគល់ចេញមកពីគោលការណ៍តែមួយដូចគ្នាដែរ។ នៅក្នុងរបារមេដែកទាំងអស់តែងតែមានប៉ូលពីរនៅចុងសងខាងរបារនីមួយៗ គឺជាប៉ូលខាងជើងនិងប៉ូលខាងត្បូង និងមានដែនម៉ាញេទិចរបស់វារៀងៗខ្លួន។
ប៉ុន្តែ តើអ្វីទៅដែលធ្វើឲ្យរបារមេដែកមានប៉ូលនិងដែនម៉ាញេទិចរបស់វា ? នេះគឺជាចលនារបស់ភាគល្អិតតូចៗដែលមើលមិនឃើញដោយភ្នែកទទេរបស់អ្នក ដែលបង្កើតឲ្យមានលក្ខណៈនេះរបស់មេដែក។ ភាគល្អិតតូចៗនេះគឺចង់សំដៅទៅលើចលនារបស់អេឡិចត្រុង ដែលធ្វើចលនាវិលជុំវិញណ្វៃយ៉ូរបស់អាតូមមេដែក។ នៅក្នុងណ្វៃយ៉ូអាតូម ដែលបង្កឡើងដោយប្រូតុងគឺជាបន្ទុកវិជ្ជមាន និងណឺត្រុងគ្មានបន្ទុក អេឡិចត្រុងគឺជាបន្ទុកអវិជ្ជមានដែលវិលជុំវិញណ្វៃយ៉ូអាតូម។ បន្ទុកអវិជ្ជមាននេះតែងនាំមកជាមួយវានូវអគ្គិសនី ឬមានន័យថាចលនារបស់អេឡិចត្រុងអាចបង្កើតជាចរន្តអគ្គិសនី។ ដូច្នេះ ចលនារបស់អេឡិចត្រុងនៅក្នុងរបារមេដែកនឹងបង្កើតជាចរន្តអគ្គិសនី ហើយអគ្គិសនីនេះនឹងធ្វើចលនានៅក្នុងរបារមេដែក បង្កើតបានជាប៉ូលពីរ ដែលជាប៉ូលខាងជើងនិងប៉ូលខាងត្បូង និងដែនម៉ាញេទិចរបស់វានេះឯង។ ចលនាអគ្គិសនីនេះនឹងចូលទៅតាមប៉ូលខាងត្បូងនិងចេញទៅវិញទៅតាមទិសខាងជើង។ មេដែកពីរអាចឆក់ទាញគ្នាចូលបាន លុះត្រាតែប៉ូលទាំងពីររបស់មេដែកគឺជាប៉ូលផ្ទុយគ្នា។
បើអ្នកដាក់ប៉ូលខាងជើងនឹងខាងជើងរបស់មេដែកពីរនៅជិតគ្នា ឬត្បូងនឹងត្បូង នោះមេដែកទាំងពីរនេះនឹងច្រានគ្នាចេញ។ ផ្ទុយទៅវិញ បើអ្នកដាក់ប៉ូលខាងត្បូងរបស់មេដែកមួយនិងប៉ូលខាងជើងរបស់មេដែកមួយទៀតនៅជិតគ្នា នោះកម្លាំងម៉ាញេទិចនឹងឆក់ទាញវាឲ្យមកនៅជាប់គ្នា។ មូលហេតុដែលប៉ូលផ្ទុយគ្នាឆក់ទាញគ្នាចូល គឺដោយសារតែលក្ខណៈរបស់មេដែកដែលចលនារបស់អគ្គិសនីចូលតាមត្បូងចេញទៅវិញតាមជើងនេះឯង។ បើប៉ូលជើងនឹងជើងជួបគ្នា អគ្គិសនីនៅក្នុងមេដែកទាំងពីរនឹងទង្គិចប៉ះគ្នា ហើយបើប៉ូលត្បូងនឹងត្បូងជួបគ្នា អគ្គិសនីនឹងចូលទៅក្នុងមេដែករបស់វារៀងខ្លួន។ យ៉ាងណាមិញ នៅពេលប៉ូលជើងជួបប៉ូលត្បូង អគ្គិសនីរបស់មេដែកប៉ូលខាងត្បូងនឹងរត់ចេញទៅតាមប៉ូលខាងជើងរបស់មេដែកមួយទៀត ហើយក៏បង្កើតបានជាមេដែកថ្មីមួយទៀត នៅពេលវាឆក់ទាញគ្នានេះឯង៕
ដោយ៖ ស្រីពៅ