ដំណើរជីវិតរបស់លោក វូឌ្រូ វីលសុន (Woodrow Wilson)ប្រធានាធិបតីទី២៨របស់អាមេរិក
លោក វូឌ្រូ វីលសុន(Woodrow Wilson) ប្រធានាធិបតីទី២៨ ដ៏ល្បីល្បាញ់របស់អាមេរិក និង បានកាន់តំណែងជាប្រធានាធិបតីចំនួនពីរអណត្តិ។ ក្រោមការដឹកនាំរបស់លោក បញ្ហាស្មុគស្មាញរបស់អាមេរិកជាច្រើនត្រូវបានដោះស្រាយជាបន្តបន្ទាប់។
ការចាប់កំណើត និង បញ្ហាសុខភាព៖ Woodrow Wilson កើតនៅថ្ងៃទី ២៨ ខែធ្នូឆ្នាំ ១៨៥៦ ក្នុងទីក្រុង Staunton នៃរដ្ឋ Virginia សហរដ្ឋអាមេរិក។ លោក គឺជាកូនទី៣ ក្នុងចំណោមបងប្អូន៤នាក់ ដែលមានឪពុកឈ្មោះJoseph Ruggles Wilson ដែលជាអ្នកកាន់សាសនាយ៉ាងជាប់លាប់ និង ម្តាយមានឈ្មោះថា Jessie Janet Woodrow។
ក្រោយមក គ្រួសាររបស់លោកទាំងមូលក៏បានផ្លាស់ទីលំនៅទៅកាន់ទីក្រុងColumbia នៃរដ្ឋ Carolina។ បើនិយាយអំពី Woodrow Wilson តាំងពីវ័យក្មេងមកម្ល៉េះ លោកត្រូវបានឪពុកម្ដាយមានការបារម្ភយ៉ាងខ្លាំងព្រោះតែបញ្ហាសុខភាព។ សុខភាពរបស់ Woodrow Wilson មានលក្ខណៈអន់ខ្សោយយ៉ាងខ្លាំងបើប្រៀបធៀបនឹងក្មេងដទៃដែលមានវ័យប្រហាក់ប្រហែលគ្នា។
មិនមានឱកាសទទួលបានការអប់រំច្រើនពីសាលា តែខិតខំសិក្សាដោយខ្លួនឯង៖ បើនិយាយអំពីការអប់រំវិញ គាត់មិនបានចូលសាលារៀនពីក្មេងនោះទេ ពោលគឺនៅអាយុជាង១០ឆ្នាំទៅហើយ នៅមិនទាន់អាចអានអក្សរបាននៅឡើយ។ តែក្រោយមក លោកក៏បានព្យាយាមសិក្សា ពោលគឺការសិក្សា ភាគច្រើនកើតចេញពីការព្យាយាមរៀនសូត្រ និង អានសៀវភៅដោយខ្លួនឯងនៅផ្ទះហើយក៏មានការណែរនាំខ្លះៗពីក្រុមគ្រួសារ។
ប្រការនេះបានធ្វើឲ្យលោក ប្រឈមនឹងបញ្ហាក្នុងការទទួលបានចំណេះដឹងផងដែរ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី អ្វីៗក៏បានប្រសើរឡើងវិញតាមរយៈការបន្តព្យាយាមសិក្សារៀនសូត្រ ក៏ដូចហាត់ពត់លត់ដំចំណេះដឹងដោយខ្លួនឯងនោះ។ ក្រោយមកទៀតទើបអាចមានឪកាសចូលសិក្សាទំាងអាយុច្រើនទៅហើយនៅក្នុងសាលារៀនតូចមួយ។ អ្វីដែលជាការកត់ បើទោះបីជា លោកមិនធ្លាប់បានចូលសិក្សានៅសាលាផ្លូវការដូចសិស្សដទៃទៀតក៏ដោយ តែការសិក្សារបស់លោកមិនចាញ់សិស្សដទៃឡើយ។
មានឱកាសចូលសិក្សានៅសាកលវិទ្យាល័យ តែប្រឈមបញ្ហាសុខភាព៖ នៅឆ្នាំ ១៨៧៣ លោក ក៏បានចូលសិក្សានៅមហាវិទ្យាល័យ Davidson នៅភាគខាងជើងរដ្ឋCarolina ប៉ុន្តែការសិក្សានេះបានត្រឹមតែឆ្នាំទីមួយប៉ុណ្ណោះដោយសារតែបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលតម្រូវឲ្យបោះបង់ចោលការសិក្សា ដើម្បីសម្រាកព្យាបាលជម្ងឺ។
បន្ទាប់ពីបានប្រសើរឡើងវិញពីស្ថានភាពជម្ងឺ Woodrow Wilson ក៏បានចូលសិក្សាជាថ្មី ដោយទៅសិក្សានៅសាកលវិទ្យាល័យ Princeton ។ នៅពេលសិក្សានោះ លោក មានការចាប់អារម្មណ៍និង ពេញចិត្តយ៉ាងខ្លាំងទៅលើការសិក្សាផ្នែកទស្សននយោបាយ និងប្រវត្តិសាស្រ្តផងដែរ។ លោក ក៏បានបានក្លាយទៅជាសិស្សដ៏សកម្មក្នុងការសិក្សានៅសាកលវិទ្យាល័យផងដែរ។
នៅឆ្នាំ ១៨៧៩ Woodrow Wilson ក៏បានចូលសិក្សាច្បាប់នៅសាកលវិទ្យាល័យ Virginiaរយៈពេល១ឆ្នាំ។ ប៉ុន្តែមិនបានបញ្ចប់ការសិក្សានោះទេ។ ការណ៍ដែលមិនបានបញ្ចប់ការសិក្សានេះ ក៏ដោយសារតែមូលហេតុដូចមុនដែរ ពោលគឺសុខភាពរបស់លោកបានធ្លាក់ដុនដាបជាថ្មីម្តងទៀត ។ ក្រោយពីបានធូរស្បើយពីជម្ងឺ លោកក៏បានចូលសិក្សាជាថ្មីទៀត។ នៅឆ្នាំ១៨៨២ Woodrow Wilson ក៏បានចូលប្រឡងធ្វើមេធាវី ដោយការប្រឡងនោះលោក បានទទួលជោគជ័យយ៉ាងងាយបំផុតដែលនឹកស្មានមិនដល់។
ប៉ុន្តែយ៉ាងណាក៏ដោយ អាជីពជា មេធាវីមិនបានបម្រើដល់ក្តីសុបិនរបស់លោកពេញលេញនោះទេ ព្រោះអ្វីដែលពេញចិត្តពិតប្រាកដនោះ គឺជាកិច្ចការនយោបាយទៅវិញទេ។ បន្ទាប់មក ក៏បានបោះបង់អាជីពជាមេធាវី ហើយក៏បានដាក់ពាក្យចូលសិក្សានៅសាលកវិទ្យាល័ Johns Hopkins ដោយសិក្សាទៅលើផ្នែកវិទ្យាសាស្រ្តនយបាយ។ នៅឆ្នាំ ១៨៩០ Woodrow Wilson ក៏បានក្លាយជាសាស្រ្តាចារ្យប្រចាំនៅសាកលវិទ្យាល័យ Princeton។ ហើយលោក ក៏តែងតែត្រូវបានគេបោះឆ្នោតក្នុងនាមជាសាស្ត្រាចារ្យពូកែ និង ល្បីល្បាញប្រចាំសាកលវិទ្យាល័យ។
ចូលប្រឡូកក្នុងឆាកនយោបាយ ក្រោយធូរស្រាលពីជម្ងឺដាច់សរសៃឈាម៖ នៅក្នុងឆ្នាំ ១៩០៦ Woodrow Wilson វិះបាត់បង់ជីវិតដោយសារតែជម្ងឺដាច់សរសៃឈាមទៅហើយ ដោយបញ្ហានេះក៏បានធ្វើឲ្យលោក សម្រាកព្យាបាលជម្ងឺអស់រយៈពេលយ៉ាងយូរផងដែរ។ ក្រោយពីបានធូរស្រាលពីស្ថានភាពជម្ងឺ លោកក៏បានចូលប្រឡូកនៅក្នុងឆាក់នយោបាយដែលជាការងារនៃក្តីសុបិនរបស់លោក ដោយបន្ទាប់មកបានបញ្ចេញសកម្មភាពក្នុងសង្គមជាច្រើន។ នៅឆ្នាំ១៩១១ លោក ក៏បានឈរឈ្មោះប្រកួតប្រជែងក្នុងតំណែងជាអភិបាលនៃរដ្ឋ New Jersey។ ក្នុងរយៈពេលនៃការធ្វើជាប្រមុខដឹកនាំកិច្ចការក្នុងរដ្ឋNew Jersey នេះប្រជាប្រិយភាពរបស់លោក បានកើនឡើងយ៉ាងខ្លាំង ដោយសារតែសមត្ថភាព និង ភាពប៉ិនប្រសព្វរបស់លោក។
ក្លាយជាប្រធានាធិបតី៖ លោក Woodrow Wilson ក្រោយពីបានទទួលជោគជ័យក្នុងកាដឹកនាំរដ្ឋNew Jerseyរួចមក ក៏បានបន្តឈរឈ្មោះប្រកួតប្រជែងក្នុងតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកវិញម្តង។ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ១៩១៣ លោក ក៏បានក្លាយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកទី២៨។
ក្រោយពីបានកាន់តំណែងអស់រយៈពេល១អណត្តិរួចមក Woodrow Wilson លោកក៏បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនៅអាណត្តិទី២ជាបន្ត។ ក្នុងរយៈពេល២អាណត្តិនៃការកាន់តំណែងជាប្រធានាធិបតីអាមេរិកនេះ លោក បានដោះស្រាយបញ្ហាស្មុគស្មាញជាច្រើនក្នុងសហរដ្ឋអាមេរិក ដូចជាបញ្ហាសេដ្ឋកិច្ច ក៏ដូចជាការរក្សាប្រទេសឲ្យគេចផុតពីសង្គ្រាមលោក ដែលកំពុងតែផ្ទុះឡើងនាពេលនោះ។
ជីវិតគ្រួសារ៖ បើនិយាយអំពីជីវិតអាពាហ៍ពិពាហ៍វិញ លោកមានប្រពន្ធចំនួន២រូប។ ប្រពន្ធទីមួយមានឈ្មោះថា Ellen Louise Axson។ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍នេះ គឺមានរយៈពេលខ្លីតែប៉ុណ្ណោះ ពោលគឺនៅឆ្នាំ ១៩១៣ Ellen Louise Axson ក៏បានស្លាប់ដោយសារតែជម្ងឺនៅក្នុងពេលដែល Woodrow Wilson ទើបតែបានឡើងកាន់តំណែងជាប្រធានាធិបតីឆ្នាំដំបូង ដោយបន្សល់ទុកកូនចំនួន៣នាក់។ មិនយូរប៉ុន្មាន ក្រោយពីប្រពន្ធទី១បានស្លាប់ លោក ក៏បានចាប់ចិត្តស្រឡាញ់នារីម្នាក់ទៀតឈ្មោះថា Edith Bolling Galt ហើយក៏បានរៀបការនៅឆ្នាំ ១៩១៥។
ប្រពន្ធទី២របស់លោក Woodrow Wilson បានជួយសម្រាលការងារយ៉ាងច្រើន។ ពោលគឺ Edith Bolling Galt ត្រូវបាន Woodrow Wilson ទុកចិត្តយ៉ាងខ្លាំងដោយបានប្រគល់ការងារសំខាន់ៗជាច្រើនដែលទាក់ទងនឹងកិច្ចការនយោបាយដើម្បីជួយសម្រាលបន្ទុក។
សុខភាពកាន់តែខ្សោយខ្លាំង និង អវសាននៃជីវិត៖ នៅក្នុងអាណត្តិទី២នៃជីវិតប្រធានាធិបតី លោក Woodrow Wilson បានប្រឈមនឹងបញ្ហាសុខភាពជាច្រើនលើក ដូច្នេះរាល់ការងារសំខាន់ៗជាច្រើនត្រូវបានធ្លាក់ទៅលើប្រពន្ធទី២រូបនេះ។ ជាពិសេសនោះនៅឆ្នាំ១៩១៩ ជម្ងឺដាច់សរសៃឈាមបានយាយីជីវិតរបស់គាត់ជាថ្មី។
បន្ទាប់ពីបានចាក់ចេញពីតំណែងនៅឆ្នាំ ១៩២១ ប្តីប្រពន្ធអ្នកទាំងពីរក៏បានទៅរស់នៅភាគពាយព្យនៃទីក្រុង Washington, D.C.។ រហូតដល់ឆ្នាំ ១៩២៤ Woodrow Wilson ដែលស្ថិតក្នុងអាយុ ៦៧ឆ្នាំ ក៏បានស្លាប់ ដោយសារតែជម្ងឺ៕
ដោយ៖ អ៊ុន រស្មី