តើអ្នកវិទ្យាសាស្ត្រមានការបកស្រាយបែបណាចំពោះគុណប្រយោជន៍ពីការតាំងសមាធិចិត្តរបស់ព្រះពុទ្ធ ?
ព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់សម្ដែងថា ការគិតគឺជាអ្វីៗគ្រប់យ៉ាង អ្នកគិតបែបណា អ្នកនឹងទទួលបានបែបនោះ។ មេរៀនដែលទ្រង់បានអប់រំទូន្មានសម្រាប់ជាផ្លូវត្រួសត្រាយជីវិតដ៏ខ្ពង់ខ្ពស់ថ្លៃថ្លាដល់យើងទាំងអស់គ្នាមានច្រើនដែលសុទ្ធតែមិនអាចកាត់ថ្លៃបាន ប៉ុន្តែទោះជាមានការអប់រំទូន្មានច្រើនពីទ្រង់ក៏ដោយ ចំណុចរួមមួយបង្កប់នៅក្នុងមេរៀនជីវិតទាំងអស់ដែលព្រះពុទ្ធទ្រង់បានសម្ដែងនោះគឺដើម្បីយកឈ្នះទៅលើសេចក្ដីទុក្ខទាំងឡាយ យើងត្រូវយកឈ្នះទៅលើខ្លួនឯងជាមុនសិន។ ការយកឈ្នះខ្លួនឯងគឺជាការផ្ដោតមកលើការសម្អាតចិត្តគំនិតខាងក្នុងរបស់ខ្លួន ជាជាងផ្ដោតទៅលើថាតើខាងក្រៅគេធ្វើបែបណាមកលើរូបអ្នកខ្លះ។
ព្រះពុទ្ធទ្រង់ក៏បានទូន្មានដែរថា ចាញ់ជាព្រះ ឈ្នះជាមារ។ អ្នកដែលមិនយល់ពីចំណុចស្នូលសំខាន់បង្កប់នូវក្នុងសម្ដីរបស់ទ្រង់ គេនឹងយល់ទាំងខុសឆ្គងថាសម្ដីនេះនឹងបង្រៀនមនុស្សឲ្យទន់ខ្សោយ។ ការយល់ឃើញរបស់មនុស្សម្នាក់ៗមិនដូចគ្នានោះទេ អ្វីដែលសំខាន់ស្ថិតនៅត្រង់ថាតើអ្នកយល់យ៉ាងណាចំពោះពាក្យអប់រំមួយឃ្លានេះ ? អ្នកដែលឈ្នះអ្នកដទៃទាំងដែលមិនអាចយកឈ្នះខ្លួនឯងបានផង នោះហើយជាមាររបស់ខ្លួនឯង។ រីឯអ្នកចាញ់ ចាញ់អ្នកដទៃនៅនឹងមុខពិត ប៉ុន្តែបុគ្គលនេះបានយកឈ្នះលើខ្លួនឯង បើកាលណាគេបានយកឈ្នះខ្លួនឯងហើយ នោះគេក៏ឈ្នះលើអ្នកផងទាំងពួងដែរ។
[caption id="attachment_44109" align="aligncenter" width="600"] www.youtube.com[/caption]
មនុស្សលោកច្រើនតែចូលចិត្តលម្អខាងក្រៅខ្លួនឲ្យល្អផូរផង់ ប៉ុន្តែមិនសូវដែលគិតគូរសម្អាតចិត្តគំនិតខាងក្នុងរបស់ខ្លួនឲ្យល្អផូរផង់ដូចខាងក្រៅដែរនោះទេ។ មនុស្សដែលអាចយកឈ្នះខ្លួនឯង គេនោះហើយគឺជាអ្នកដែលមានសិទ្ធិអំណាចជាម្ចាស់លើជោគវាសនាជីវិតរបស់ពួកគេ គឺបុគ្គលនេះឯងដែលអាចគ្រប់គ្រងការគិតរបស់ខ្លួនឯងបាន។ ខ្លឹមសារទាំងអស់នេះសរុបមកត្រឹមគោលដៅនៃការតាំងសមាធិចិត្តនេះឯង។ ថ្វីត្បិតតែការតាំងសមាធិមានឫសគល់ចេញមកពីជំនឿបែបសាសនា យ៉ាងណាមិញមកទល់ពេលបច្ចុប្បន្ននេះមានការសិក្សាបែបវិទ្យាសាស្ត្ររាប់មិនអស់កំពុងតែរកភស្តុតាងមកបញ្ជាក់មិនត្រឹមតែឥទ្ធិពលដែលវាមានចំពោះសេចក្ដីសុខផ្លូវចិត្តនោះទេ ថែមទាំងឥទ្ធិពលនៃការតាំងសមាធិមានទៅលើការផ្លាស់ប្ដូរទម្រង់ខួរក្បាលរបស់អ្នកទៀតផង។
ការតាំងសមាធិគឺជាការវិនិយោគរយៈពេលវែង។ គ្រាន់តែអង្គុយតាំងសមាធិត្រឹមតែពី១៥ទៅ២០នាទីជារៀងរាល់ថ្ងៃ អ្នកអាចផ្លាស់ប្ដូរជីវិតរបស់អ្នកនៅក្នុងកណ្ដាប់ដៃរបស់អ្នកបាន។ ការតាំងសមាធិ គឺជាការអង្គុយចុះនៅទីស្ងប់ស្ងាត់និងមានភាពងាយស្រួលសម្រាប់អ្នក ហើយតាំងចិត្តឲ្យស្ងប់ដោយការប្រមូលយកចិត្តរវើរវាយ ដែលធ្វើដំណើរយ៉ាងឥតសណ្ដាប់ធ្នាប់ពាសពេញខួរក្បាលអ្នក ឲ្យមកផ្ដោតគិតទៅលើរឿងតែមួយក្នុងពេលតែមួយ ខណៈពេលឥឡូវនេះ និងផ្ដោតទៅលើដង្ហើមចេញនិងចូលរបស់អ្នក។
[caption id="attachment_44110" align="aligncenter" width="600"] www.chopra.com[/caption]
ការសមាធិចិត្តគឺជាការវិនិយោគរយៈពេលវែង ដែលកាន់តែហ្វឹកហាត់ច្រើនប៉ុណ្ណានោះវាមានតែបង្កើនភាពខ្លាំងក្លារបស់វាមកលើជីវិតអ្នកប៉ុននោះឯង។ នៅពេលអ្នកអាចគ្រប់គ្រងទៅលើការគិតខាងក្នុងរបស់អ្នកហើយ មានន័យថាអ្នកក្លាយជាចៅហ្វាយរបស់ការគិតអ្នក នោះអ្នកនឹងអាចផ្ដោតមកខាងក្នុងរបស់អ្នកនិងផ្ចង់អារម្មណ៍ការគិតរបស់អ្នកឲ្យផ្ដោតទៅលើកិច្ចការសំខាន់តែម្យ៉ាងចំពោះមុខ នោះរឿងរ៉ាវរំខានខាងក្រៅមិនអាចមានឥទ្ធិពលអ្វីមកលើការគិតឬជីវិតអ្នកបានទៀតឡើយ។ មនុស្សដែលអាចយកឈ្នះអ្នកដទៃ និងអាចផ្លាស់ប្ដូរពិភពខាងក្រៅមកតាមអ្វីដែលខ្លួនចង់បាន គឺចំណុចចាប់ផ្ដើមរបស់អ្នកទាំងនោះសុទ្ធតែចេញពីការយកឈ្នះខ្លួនឯង និងផ្លាស់ប្ដូរខ្លួនឯងជាមុនសិននេះឯង។
មនុស្សដែលអាចគ្រប់គ្រងការគិតរបស់ខ្លួនឯងបានហើយ ក៏ជាមនុស្សដែលមើលឃើញការគិតរបស់គេក្នុងរូបភាពជាក់លាក់ច្បាស់លាស់ ដូច្នេះសមត្ថភាពក្នុងការចងចាំរបស់គេក៏មានភាពមុតស្រួចផងដែរ។ មនុស្សដែលមានភាពស្ងប់ក្នុងចិត្ត នោះកិច្ចការទាំងឡាយគឺស្ថិតក្នុងដែនកំណត់របស់ពួកគេហើយ។
[caption id="attachment_44111" align="aligncenter" width="600"] www.theodysseyonline.com[/caption]
ទំនាក់ទំនងរវាងការសមាធិចិត្តនឹងសេចក្ដីសុខជីវិតគឺជារឿងពីរដែលមិនអាចកាត់ផ្ដាច់ពីគ្នាបាន។ នៅក្នុងខួរក្បាលអ្នកមានផ្នែកមួយដែលអ្នកវិទ្យាសាស្ត្រគេឲ្យឈ្មោះថា មជ្ឈមណ្ឌលខ្ញុំ នេះក៏ព្រោះតែតំបន់មួយនេះទទួលខុសត្រូវទៅលើការគិតទាំងឡាយណាដែលពាក់ព័ន្ធជាមួយនឹងខ្លួនឯងនិងបទពិសោធន៍របស់ខ្លួនឯង។ តាមធម្មតាផ្លូវដែលទិន្នន័យធ្វើដំណើរឬស៊ីណែបពីតំបន់មជ្ឈមណ្ឌលខ្ញុំទៅកាន់ផ្នែកមួយដែលទទួលបន្ទុកលើភាពភ័យខ្លាចរបស់អ្នក មានសភាពក្រាស់។
ការតាំងសមាធិចិត្តអាចធ្វើឲ្យស៊ីណែបនេះស្ដើងជាងមុន ស្របពេលជាមួយគ្នានេះវានឹងបង្កើនកម្រាស់ស៊ីណែប ដែលជាផ្លូវធ្វើដំណើរពីតំបន់វិនិច្ឆ័យទៅកាន់តំបន់ភាពភ័យខ្លាចនេះវិញ។ ហេតុនេះនៅពេលអ្នកទទួលរងឥទ្ធិពលជំរុញពីខាងក្រៅដែលទាក់ទងជាមួយភាពភ័យខ្លាច ការព្រួយបារម្ភ ស្ត្រេស សេចក្ដីកើតទុក្ខជាដើម នោះការឆ្លើយតបរបស់អ្នកមិនដូចកាលពីមុនពេលសមាធិចិត្តនោះឡើយ។ ព្រោះតំបន់វិនិច្ឆ័យរបស់អ្នកមានភាពខ្លាំងក្លាជាងមុន ដូច្នេះអ្នកនឹងឆ្លើយតបជាមួយឥទ្ធិពលខាងក្រៅទាំងនោះជាមួយការត្រិះរិះហេតុផល និងថ្លឹងថ្លែងបានគ្រប់ជ្រុងជ្រោយ ជាជាងឆ្លើយតបដោយការគ្រប់គ្រងពីអារម្មណ៍។
ឈប់ព្យាយាមស្វែងរកសេចក្ដីសុខពីខាងក្រៅទៅ ព្រោះសេចក្ដីសុខមិននៅទីណាឆ្ងាយពីអ្នកនោះទេ វាកើតចេញពីខាងក្នុងនេះឯង ដរាបណាអ្នកអាចយកឈ្នះនិងគ្រប់គ្រងលើខ្លួនឯងបាន។ បើអ្នកមិនប្រគល់សេចក្ដីសុខអ្នកឲ្យអ្នកដទៃជាអ្នកកំណត់ទេ នោះគ្មានឥទ្ធិពលខាងក្រៅណាដែលអាចរំខានលើអ្នកបានឡើយ៕
ដោយ៖ ស្រីពៅ