មនុស្សចាស់តែងព្យាយាមធ្វើឲ្យក្មេងពូកែ តែមានដឹងទេថា ខ្លួនកំពុងប្រើប្រាស់វិធីត្រូវឬខុស?
មនុស្សយើងម្នាក់ៗសុទ្ធតែកើតមកជាអ្នកវិទ្យាសាស្ត្រ។ ការស្រមើស្រមៃដែលឥតមានដែនកំណត់និងភាពងឿងឆ្ងល់នៅក្នុងខួរក្បាលរបស់ក្មេង បាននាំពួកគេចោទឡើងនូវសំណួរដ៏គួរឲ្យធុញទ្រាន់ជាច្រើនរាប់មិនអស់ទៅកាន់មនុស្សជំទង់។ ហេតុអ្វីក៏មេឃមានពណ៌ខៀវ ? ហេតុអ្វីឥន្ទធនូមាន៧ពណ៌ដូចដែលយើងមើលឃើញ ? តើវាកើតឡើងយ៉ាងដូចម្ដេច ? បិតារូបវិទ្យាសម័យទំនើប អាញស្តាញ បាននិយាយថា៖ "ខ្ញុំមិនឆ្លាតវៃឬក៏មានធម្មជាតិពិសេសអ្វីពីកំណើតនោះដែរ ខ្ញុំគ្រាន់តែជាមនុស្សដែលពូកែឆ្ងល់ប៉ុណ្ណោះ"។ គួរឲ្យសោកស្ដាយ ខួរក្បាលដែលពោរពេញទៅដោយភាពងឿងឆ្ងល់ដែលបើកចំហសម្រាប់ចំណេះដឹងទាំងឡាយ បានបិទជិតឆឹងនៅពេលក្មេងទាំងនោះលូតលាស់នៅក្នុងសង្គម។
[caption id="attachment_44809" align="aligncenter" width="744"] www.linkedin.com[/caption]
អាញស្តាញ ដែលមិនត្រឹមតែជាបិតារូបវិទ្យាសម័យទំនើបនោះទេ ថែមទាំងត្រូវបានគេចាត់ទុកជាអ្នកប្រាជ្ញដ៏ឈ្លាសវៃបំផុតមួយរូបនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែរនោះ ត្រឹមតែជាមនុស្សសាមញ្ញធម្មតាដូចពួកយើងនោះទេ។ គាត់គ្រាន់តែជាក្មេងម្នាក់ដែលបរាជ័យនៅក្នុងជីវិតសិក្សាអប់រំក្នុងសាលា និងជាសិស្សកម្ជិលម្នាក់ដែលគ្មានគ្រូណាចូលចិត្ត ឬក៏សូម្បីតែគិតដល់ថាសិស្សកម្ជិលអាញស្តាញនឹងអាចជោគជ័យជាដុំកំភួនអ្វីនៅក្នុងជីវិតនោះដែរ។ យ៉ាងណាមិញ អ្វីដែលធ្វើឲ្យគាត់ពិសេស អស្ចារ្យហួសពីអ្វីដែលគេគ្រប់គ្នាមិនធ្លាប់នឹកស្មានដល់ និងក្លាយជាបណ្ឌិតអ្នកប្រាជ្ញបាន នោះគឺមកពីចំហេះភ្លើងនៃភាពងឿងឆ្ងល់របស់គាត់មិនចេះរលត់នេះហើយ។
ខួរក្បាលរបស់ក្មេងមានកំណប់ទ្រព្យភ្ជាប់មកពីធម្មជាតិ ដែលជាការងឿងឆ្ងល់អំពីអ្វីៗដែលនៅជុំវិញខ្លួនពួកគេ ពីពិភពលោកដែលពួកគេរស់នៅ។ ប៉ុន្តែ ចាប់ផ្ដើមពីសង្គមគ្រួសារ ដែលជាសាលាអប់រំដំបូងបង្អស់ដែលបណ្ដុះគ្រាប់ពូជដាំដុះក្មេងតូចៗដែលពោរពេញដោយសក្ដានុពលបង្កប់នៅក្នុងខ្លួនពិសេសពីគ្នាទាំងនោះ នៅពេលពួកគេចង់យល់ដឹងពីអ្វីៗនៅជុំវិញខ្លួនពួកគេ ហើយពួកគេក៏សាកល្បងធ្វើអ្វីថ្មីៗ ដែលនាំឲ្យគេប្រព្រឹត្តនូវកំហុស ប្រតិកម្មរបស់មនុស្សមនុស្សតែងតែជ្រើសរើសឆ្លើយតបជាមួយនឹងការបញ្ចេញកំហឹង ស្ដីបន្ទោស កុំធ្វើនេះកុំធ្វើនោះ។
[caption id="attachment_44810" align="aligncenter" width="600"] www.webmd.com[/caption]
នៅក្នុងសាលា វិធីនៃការអប់រំរបស់សាលានិងគ្រូបង្រៀន តែងតែរកវិធីសាស្ត្រណាមួយដែលយល់ថាអាចមានប្រសិទ្ធភាពចំពោះគ្រប់សិស្សទាំងអស់។ ដូច្នេះហើយទើបពួកគេព្យាយាមកំណត់រកស្តង់ដាសម្រាប់វិធីសាស្ត្រក្នុងការបង្រៀនរបស់ពួកគេ ដែលមានលក្ខណៈជាទូទៅសម្រាប់គ្រប់គ្នា។ ប៉ុន្តែ អ្វីដែលពួកគេមិនធ្លាប់គិតដល់នោះគឺ គ្មានខួរក្បាលមនុស្ស២នាក់ណាដែលដូចគ្នាទាំងស្រុងនោះឡើយ។ នេះមានន័យថាមនុស្សម្នាក់ៗក៏មិនមែនរៀនដូចគ្នានោះដែរ។ នេះហើយគឺជាបញ្ហាដ៏ចម្បងបំផុតរបស់ប្រព័ន្ធអប់រំបែបបុរាណ ដែលកំណត់យកអ្វីៗជារួមបែបស្តង់ដា។
គឺនៅក្នុងដំណាក់កាលបណ្ដុះកូនរុក្ខជាតិតូចៗទាំងនោះនៅក្នុងសាលានេះឯង ដែលការគិតរបស់ពួកគេចាប់ផ្ដើមបិទជិតឆឹងជាមួយនឹងជំនឿ។ ជំនឿនៅទីនេះមិនមែនសំដៅលើជំនឿសាសនានោះទេ តែជាជំនឿដែលទទួលបានមកពីការស្រាវជ្រាវរកឃើញទ្រឹស្ដីរបស់អ្នកវិទ្យាសាស្ត្រសម័យមុន។
ពិតណាស់ភស្តុតាងពីទិន្នន័យជាតួលេខ ការពិសោធន៍ស្រាវជ្រាវជាក់ស្ដែងជាដើម បានបញ្ជាក់ថាតើទ្រឹស្ដីរបស់អ្នកវិទ្យាសាស្ត្រណាម្នាក់អាចជឿទុកចិត្តប៉ុណ្ណា ប៉ុន្តែអ្នកត្រូវចាំថាចំណេះដឹងវិទ្យាសាស្ត្រតែងតែត្រូវបានរកឃើញថ្មីៗជារៀងរាល់ថ្ងៃ។ មានន័យថាទ្រឹស្ដីដែលគេអះអាងនិងជឿជាក់ថាជាការពិតនៅថ្ងៃនេះ នឹងត្រូវបានគេជំនួសដោយទ្រឹស្ដីថ្មីៗដែលត្រូវបានរកឃើញនៅឆ្នាំខាងមុខទៀត។
ចូរអ្នកកុំបិទគំនិតខ្លួនឯងជាមួយនឹងជំនឿណាមួយឲ្យសោះ តែចូរអ្នកបើកចំហគំនិតរបស់អ្នកជាមួយនឹងភាពងឿងឆ្ងល់ ការសង្ស័យ មិនថាជាពាក្យសម្ដីនោះត្រូវបានអះអាងដោយបណ្ឌិតអ្នកប្រាជ្ញណាក៏ដោយ ព្រោះតែនៅថ្ងៃណាមួយសម្ដីទាំងនោះគង់តែត្រូវបានកែសម្រួលជាមួយការរកឃើញថ្មីៗនោះទេ។
[caption id="attachment_44816" align="aligncenter" width="600"] e-courses4you.com[/caption]
យើងមិនអាចចេះតែរៀនវិទ្យាសាស្ត្រចាស់កម្រិលដែលបានរកឃើញតាំងពីរាប់សតវត្សឬទសវត្សមកហើយនោះទេ។ អ្នកអាចសាកស្រមៃបន្តិចទៅមើលថា តើវាជារឿងគ្រោះថ្នាក់ប៉ុណ្ណា បើអ្នកទៅផ្អែកលើដើមឈើមួយដើម្បីទប់លំនឹង ដោយមិនបានដឹងថាដើមឈើមួយនោះគ្មានឫសមាំនិងជិតដួលរលំទៅហើយ ? នៅពេលចំណេះដឹងមានមូលដ្ឋានគ្រឹះផ្អែកលើការយល់ឃើញខុសឆ្គងហើយមិនបានកែប្រែចេញ វាគឺជារឿងដ៏គួរឲ្យគ្រោះថ្នាក់បំផុត នៅពេលបុគ្គលនោះយកទៅប្រើប្រាស់ជាក់ស្ដែងនៅក្នុងជីវិត។
Russell ធ្លាប់បានលើកឡើងថា៖ "បញ្ហាទាំងមូលរបស់ពិភពលោកនេះគឺនៅពេលដែលមនុស្សល្ងង់ពោរពេញទៅដោយភាពប្រាកដប្រជានឹងខ្លួនឯង បុគ្គលបណ្ឌិតបែរជាពោរពេញទៅដោយការសង្ស័យនិងភាពងឿងឆ្ងល់ទៅវិញ"។ នេះគឺជាសំណួរដ៏សំខាន់បំផុតមួយ ដែលមនុស្សជំនាន់ក្រោយគួរតែនាំគ្នាគិតគូរថាតើប្រព័ន្ធអប់រំ ដែលជាគ្រឹះដ៏សំខាន់សម្រាប់បណ្ដុះទំពាំងដើម្បីស្នងឫស្សីនេះ គួរតែផ្លាស់ប្ដូរនិងកែប្រែរៀបចំវិធីដាំដុះទំពាំងទាំងនោះយ៉ាងដូចម្ដេចវិញ ?
សូក្រាត ជាទស្សនវិទូដ៏សំខាន់បំផុតមួយរូបរបស់ក្រិកបុរាណ បានពោលថា៖ "ការមានសតិដឹងខ្លួនអំពីភាពល្ងង់ខ្លៅរបស់ខ្លួនឯង នោះហើយគឺជាចំណុចចាប់ផ្ដើមនូវគតិបណ្ឌិតទាំងឡាយ"។ នៅពេលយើងស្គាល់ពីភាពល្ងង់ខ្លៅរបស់ខ្លួន យើងនឹងចេះឆ្ងល់សួរសំណួរ និងស្រាវជ្រាវស្វែងរកចម្លើយ ដែលត្រង់ចំណុចនេះហើយចំណេះដឹងចេះតែបង្កើនឡើង។
ហេតុអ្វីសង្គមគ្រួសារ និងសាលាមិនលើកទឹកចិត្តនូវកំណប់ទ្រព្យដ៏ពិសេសរបស់ក្មេងៗដែលជាភាពងឿងឆ្ងល់សួរនាំច្រើនរបស់ពួកគេទៅ ? តើវាមិនល្អទេឬ ដែលការងឿងឆ្ងល់សំណួរប្លែកថ្មីរបស់សិស្សនឹងនាំឲ្យគ្រូបានស្រាវជ្រាវ បង្កើនចំណេះដឹងរបស់ខ្លួនកាន់តែស៊ីជម្រៅ និងយកអ្វីដែលខ្លួនបានយល់មកពន្យល់សិស្ស ក្រៅពីអ្វីដែលមានចារទុកក្នុងសៀវភៅ ?
មានមនុស្សជាច្រើនតែងតែចង់ដឹងពីអាថ៌កំបាំងនៃភាពជោគជ័យរបស់បុគ្គលដែលបានផ្លាស់ប្ដូរពិភពលោកទាំងមូល ជាមួយនឹងគំនិតច្នៃប្រឌិតអស្ចារ្យរបស់ពួកគេដូចជា អ្នកបង្កើតស្មាតហ្វូន Apple លោក ស្ទីវចប អ្នកបង្កើតបណ្ដាញសង្គម Facebook លោក Mark Zuckerberg និងអ្នកបង្កើតក្រុមហ៊ុន Microsoft លោក ប៊ីលហ្គេត។ កំពូលអ្នកច្នៃប្រឌិតទាំង៣រូបនេះ គ្រាន់តែដើរតាមភាពងឿងឆ្ងល់ច្រើនរបស់ខ្លួន ដែលនាំទៅរកការស្រមើស្រមៃ និងបន្តទៅការច្នៃប្រឌិតដ៏អស្ចារ្យនេះឯង។
រូបវិទូ លោក Michio Kaku ក៏បាននិយាយដែរថា៖ "វិទ្យាសាស្ត្រមិនមែនជាការទន្ទេញឲ្យចាំនូវការពិតនោះទេ តែវាគឺជាការច្នៃប្រឌិតបង្កើតថ្មី ការងឿងឆ្ងល់ និងការស្រមើស្រមៃ"៕
ដោយ៖ ស្រីពៅ