វិធីសាស្ត្រដែលគ្រូបង្រៀនក្នុងថ្នាក់មិនត្រូវនឹងអ្នក មិនមែនមានន័យអ្វីៗគឺចប់ហើយនោះ​ទេ​



គ្រប់​គ្នា​តែងតែ​ចង់​បាន​ចម្លើយ​ថា តើ​ពួកគេ​គួរ​រៀន​បែប​ណា​ទើប​រៀន​ឆាប់​ចេះ ចងចាំ​បាន​យូរ ឬ​និយាយ​ឲ្យ​ចំ​គឺ​មាន​ប្រសិទ្ធភាព។ យើង​ម្នាក់ៗ​តែងតែ​ចង់​បាន​ចម្លើយ​នេះ​ពី​មនុស្ស​ពូកែ ដែល​ភស្តុតាង​ពី​លទ្ធផល​ល្អ​ដែល​ពួកគេ​ទទួល​បាន ធ្វើឲ្យ​យើង​ជឿ​ទុកចិត្ត​ថា​បើ​បាន​ដឹង​ថា​ពី​របៀប​ដែល​ពួកគេ​រៀន នោះ​អ្នក​នឹង​អាច​រៀន​ពូកែ​ដូច​ពួកគេ​ដែរ​មិនខាន។ តាម​ពិត​ទៅ មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​អ្នក​ត្រូវ​ទៅ​រក​ចម្លើយ​ទៅ​កាន់​សំណួរ​នេះ​មុន​អ្នក​ណាៗ​ទាំងអស់ ដែល​នោះ​គឺ​គ្មាន​នរណា​ក្រៅ​ពី​ខ្លួនឯង​នោះ​ឡើយ។ ការ​ពិត​មួយ​ដែល​អ្នក​ត្រូវ​តែ​ចងចាំ​ជានិច្ច​នោះ​គឺ ខួរក្បាល​អ្នក​និង​ខួរក្បាល​មិត្តភ័ក្ដិ​របស់​អ្នក​គឺ​មិន​ដូច​គ្នា​នោះ​ឡើយ ហើយ​ក៏​មិន​ដូច​គ្នា​ជាមួយ​ខួរក្បាល​មនុស្ស​ជាង​៧​ពាន់​លាន​នាក់​ទៀត​ដែរ។ ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ណឺរ៉ូន​មួយ​ទៅ​ណឺរ៉ូន​មួយ​ទៀត ដែល​គេ​ហៅ​ទំនាក់ទំនង​ដែល​វា​ភ្ជាប់​បាន​នេះ​ថា ស៊ីណែប ដែល​ស៊ីណែប​នេះ​ហើយ​គឺជា​ផ្លូវ​ដែល​ទិន្នន័យ​ពី​ខាងក្រៅ​ដែល​អ្នក​បញ្ជូន​មក​ដោយ​ការ​រៀន​សូត្រ​ជាដើម មាន​រហូត​ដល់​ទៅ​រាប់​ពាន់​លាន​ចំណង។ ដូចនេះ វា​មិន​អាច​ទៅ​រួច​នោះ​ឡើយ ដែល​ការ​បង្កើត​ទំនាក់ទំនង​រវាង​ណឺរ៉ូន​នៅ​ក្នុង​ខួរក្បាល​មនុស្ស​ម្នាក់ៗ​គឺ​ដូច​គ្នា​ទាំងស្រុង​នោះ។ នេះ​មានន័យ​ថា របៀប​ដែល​ខួរក្បាល​របស់​មនុស្ស​ម្នាក់ៗ​ទទួល​យក​ទិន្នន័យ​បញ្ចូល​មក​ទុក​ក្នុង​ការ​ចងចាំ​ក៏​មិន​ដូច​គ្នា​ដែរ។ វា​គឺជា​ហេតុផល​ដ៏​សំខាន់​បំផុត ដែល​អ្នក​គួរ​សួរ​ខ្លួនឯង​ថា​តើ​រៀន​បែប​ណា​ទើប​ឆាប់​ចេះ​និង​មាន​ប្រសិទ្ធភាព​នោះ។ មនុស្ស​ខ្លះ​ត្រូវការ​គ្រូ​ឬ​មិត្តភ័ក្ដិ​ជួយ​ប្រាប់​និង​ពន្យល់​ណែនាំ​ផ្លូវ ទើប​ពួកគេ​ឲ្យ​ដើរ​ខ្លួនឯង​ទៅ​មុខ​បាន​ជា​ក្រោយ។ ដោយឡែក​អ្នក​ខ្លះ​វិញ ទាល់តែ​អង្គុយ​ស្រាវជ្រាវ​រៀន​សូត្រ​ដោយ​ខ្លួនឯង​ទើប​ពួកគេ​រៀន​ចេះ​និង​យល់​ស៊ីជម្រៅ​បាន។ នៅ​ពេល​មេរៀន​ដដែល​នេះ​ត្រូវ​បាន​អ្នកដទៃ​ពន្យល់​ណែនាំ​ប្រាប់​ពួកគេ ពួកគេ​បែរ​ជា​យល់​ថា​ធុញទ្រាន់ ច្របូកច្របល់ ភ័ន្ត​ច្រឡំ​រញ៉េរញ៉ៃ​ទៅវិញ និង​មាន​តែ​ធ្វើឲ្យ​ការ​រៀន​សូត្រ​របស់​ពួកគេ​កាន់តែ​យឺតយ៉ាវ​ជាង​មុន​ទៅ​ទៀត។ យ៉ាងណាមិញ បើ​អ្នក​មិន​អាច​ស្វែងយល់​ពី​ចំណុច​នេះ​ដោយ​ខ្លួនឯង​ទេ ដូច្នេះ​អ្នក​គួរ​ស្វែងរក​ដំបូន្មាន​ពី​អ្នក​ជុំវិញ​ខ្លួន​ពី​វិធីសាស្ត្រ​ក្នុង​ការ​រៀន​របស់​ពួកគេ​ហើយ។ ប៉ុន្តែ​បើ​វិធីសាស្ត្រ​នោះ​មិន​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក អ្នក​ក៏​ត្រូវ​ផ្លាស់ប្ដូរ​វា​ចេញ​ទៅ។ ដើម្បី​ទៅ​ឲ្យ​ដល់​គោលដៅ​មួយ មិនមែន​មាន​តែ​ផ្លូវ​ដើរ​មួយ​នោះ​ឡើយ។ ដូច​គ្នា​ដែរ វិធីសាស្ត្រ​មាន​ច្រើន​រាប់​មិន​អស់ ដូច្នេះ​អ្នក​មិន​គួរ​បោះបង់​ចោល​នោះ​ឡើយ នៅ​ពេល​វិធីសាស្ត្រ​ណាមួយ​មិន​ត្រូវ​អ្នក។ ត្រង់​ចំណុច​នេះ​ក៏​ចង់​បញ្ជាក់​ដែរ​ថា បើ​អ្នក​រៀន​មិន​ចេះ​មេរៀន​នៅ​ក្នុង​ថ្នាក់​ដែល​គ្រូ​បង្រៀន​ទេ​នោះ នោះ​ក៏​មិនមែន​មានន័យ​ថា​អ្វីៗ​គឺ​បញ្ចប់​នៅ​ត្រង់​នេះ​ដែរ។ នេះ​គឺជា​មូលហេតុ​ដែល​បច្ចេកវិទ្យា​ទំនើប​បាន​បង្កើត​ឡើង​មក​ដើម្បី​ផ្ដល់​ប្រយោជន៍​ច្រើន​លើសលប់​សម្រាប់​អ្នក​ដែល​ចេះ​ប្រើប្រាស់​វា​បាន​ត្រឹមត្រូវ។ នៅ​ក្នុង​អ៊ីនធឺណិត មាន​ការ​បង្រៀន​តាម​អនឡាញ​ជាច្រើន​ដែល​អម​ជាមួយ​នឹង​រូបភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​និង​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត ថែមទាំង​មាន​ការ​ពិសោធន៍​ជាក់ស្ដែង​ដែល​នៅ​ក្នុង​សាលា​អ្នក​អាច​ខ្វះខាត​ឧបករណ៍​ពិសោធន៍​ទាំងនោះ ទើប​បង្ក​ជា​ការ​លំបាក​សម្រាប់​អ្នក​ដែល​ត្រូវ​ស្រមើស្រមៃ​ទៅ​តាម​តែ​ទ្រឹស្ដី​ដែល​គេ​ថា ដោយ​ខ្វះ​នូវ​ការ​មើល​ឃើញ​ជាក់ស្ដែង។ មនុស្ស​យើង​នឹង​ឆាប់​ចងចាំ​នូវ​ទិន្នន័យ​អ្វី​មួយ នៅ​ពេល​ទិន្នន័យ​នោះ​មាន​នូវ​អ្វី​ដែល​អូសទាញ​ចំណាប់​អារម្មណ៍​ពួកគេ។ ចុងក្រោយ​អ្នក​ត្រូវ​ចាំ​ថា មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​អាច​ក្លាយ​ជា​មនុស្ស​អស្ចារ្យ នៅ​ពេល​ពួកគេ​រៀន​តាម​វិធីសាស្ត្រ​ដែល​ត្រឹមត្រូវ​សម្រាប់​ខ្លួនឯងដោយ៖ ស្រីពៅ  
X
5s