រឿងសំខាន់ៗ ដែលចំណាយលុយច្រើនប៉ុណ្ណា ក៏មិនអត់ប្រយោជន៍!
ការចំណាយលុយ គឺត្រូវតែប្រយ័ត្នជាដាច់ខាត ព្រោះបើមិនដូច្នោះទេ នឹងត្រូវខាតបង់ធ្ងន់ធ្ងរមិនខាន។ ប៉ុន្តែចំពោះកិច្ចការមួយចំនួន អ្នកមិនគួររិះថាំពេកនោះទេ ក្នុងការចំណាយ ព្រោះវាពិតជាមានប្រយោជន៍ខ្លាំងសម្រាប់ជីវិត៖
១) ចំណាយលើការអប់រំ៖ ការអប់រំពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ដូច្នេះហើយបើមានលទ្ធភាព អ្នកមិនគួរអល់អែកក្នុងការចំណាយលើការអប់រំឡើយ ដើម្បីទទួលបានចំណេះដឹងច្រើន សម្រាប់ជាប្រយោជន៍ក្នុងជីវិត។
២) ចំណាយលើសេវាធានារ៉ាប់រង៖ ក្នុងប្រទេសក្រីក្រ សេវាធានារ៉ាប់រងហាក់ដូចជា មិនសូវពេញនិយមឡើយព្រោះប្រជាជនមានជីវភាពខ្សត់ខ្សោយពេក ប៉ុន្តែសម្រាប់ប្រទេសជឿនលឿនវិញ គឺប្រជាជនពិតជាត្រូវការការធានារ៉ាប់រងនេះខ្លាំងណាស់។ ដូច្នេះហើយ បើអ្នកមានលទ្ធភាពគ្រប់គ្រាន់ អ្នកមិនគួរមើលរំលង លើការចំណាយផ្នែកសេវាធានារ៉ាប់រងនោះឡើយ ព្រោះវាអាចជួយអ្នកវិញបាន នៅពេលមានបញ្ហានៅថ្ងៃណាមួយ។
៣) ចំណាយលើពិនិត្យសុខភាព៖ សុខភាពពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះថា កាលណាសុខភាពចុះខ្សោយខ្លាំងមែនទែនហើយ ទោះមានលុយច្រើនប៉ុណ្ណាក៏អត់ប្រយោជន៍។ ដូច្នេះហើយ ត្រូវតែ ទៅពិនិត្យសុខភាពជាប្រចាំ ដើម្បីតាមដានអំពីសុខភាពរបស់អ្នកថា តើមានបញ្ហាអ្វីខ្លះដើម្បីងាយស្រួលដោះស្រាយ៕
ដោយ៖ រតនា វិចិត្រ