នៅពេលអ្នកមិនប្រុងប្រយ័ត្ននឹងការគិតរបស់ខ្លួនឯង ជោគវាសនាអ្នកក៏មិនខុសពីជោគវាសនារបស់កប៉ាល់ទីតានិកដែរ
តើអ្នកដឹងថាមូលហេតុអ្វីបានជាកប៉ាល់យក្សទីតានិកដ៏ធំជាងគេបំផុតនៅក្នុងសម័យកាលរបស់វា ចុងក្រោយនៅតែអាចលិចបាន ? កប៉ាល់ដែលមិនចេះលិចមួយនេះ បែរជាមកចាញ់ត្រង់ផ្ទាំងទឹកកកiceberg ដែលមើលឃើញតែផ្ទៃតូចខាងលើរបស់វា ដោយមិននឹកស្មានដល់ជម្រៅដ៏ជ្រៅរបស់ផ្ទាំងទឹកកកដែលកប់ទៅក្នុងជម្រៅមហាសមុទ្រ ដែលជាផ្នែកមើលមិនឃើញរបស់វា។ រឿងរ៉ាវរបស់កប៉ាល់ទីតានិកនិងផ្ទាំងទឹកកក ក៏មិនខុសគ្នាពីរឿងរ៉ាវក្នុងជីវិតរបស់មនុស្សយើងដែរ។
រាល់ការសម្រេចចិត្តជារៀងរាល់ថ្ងៃរបស់អ្នក ផ្នែកសតិដឹងខ្លួនមានចំណែកតែពី២ទៅ៤ភាគរយប៉ុណ្ណោះ រីឯ៩៦ទៅ៩៨ភាគរយដែលនៅសល់គឺជាផ្នែកសតិឥតដឹងខ្លួន ដែលគ្រប់គ្រងទៅលើជីវិតរបស់អ្នកនេះឯង។
អ្នកអាចស្រមៃដល់អំឡុងពេលដំបូង ដែលអ្នកចាប់ផ្ដើមរៀនជិះកង់។ ពេលចាប់ផ្ដើមដំបូង អ្នកត្រូវរៀនថាតើត្រូវដាក់ដៃដូចម្ដេច ជើងដូចម្ដេច ហើយផ្នែកសតិដឹងខ្លួនរបស់អ្នកធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការទាញចំណាប់អារម្មណ៍របស់អ្នកទាំងអស់ឲ្យមកផ្ដោតយកចិត្តទុកដាក់សម្លឹងមើលទៅផ្លូវខាងមុខ និងសកម្មភាពធាក់កង់។
ប៉ុន្តែ ឆ្លងកាត់ការហ្វឹកហាត់អស់ច្រើនដងរួចមក សកម្មភាពជិះកង់ក៏បានអភិវឌ្ឍបន្តបន្ទាប់ រហូតដល់ពេលអ្នកស្ទាត់ជំនាញ គឺជាពេលដែលសកម្មភាពមួយនេះត្រូវបានទទួលដឹងនិងសរសេរទុកក្នុងផ្នែកសតិឥតដឹងខ្លួន។ ក្រោយមកទៀត នៅពេលអ្នកត្រូវការជិះកង់ អ្នកក៏បានយកកម្មវិធីដែលសរសេរទុកនៅក្នុងផ្នែកសតិឥតដឹងខ្លួនមកប្រើប្រាស់ ហើយកម្មវិធីនេះក៏ដំណើរការណ៍ស្វ័យប្រវត្តិដោយខ្លួនវា។ ដូច្នេះ សតិដឹងខ្លួនរបស់អ្នកមិនចាំបាច់ត្រូវរួមចំណែកក្នុងសកម្មភាពជិះកង់នេះដូចកាលពីរៀនដំបូងនោះឡើយ។ អ្នកមិនចាប់អារម្មណ៍ដឹងនោះទេ ប៉ុន្តែដៃនិងជើងរបស់អ្នកដឹងថាត្រូវដាក់របៀបណានៅពេលជិះកង់ដោយស្វ័យប្រវត្តិតែម្ដង។
ដូច្នេះហើយបានជាទារក ត្រូវរៀនចេះដើរជាមុនសិន មានន័យថាពួកគេត្រូវសរសេរកម្មវិធីសម្រាប់សកម្មភាពដើរសិន ទើបនៅពេលក្រោយមកពួកគេអាចប្រើប្រាស់សកម្មភាពនេះជាទម្លាប់ដោយស្វ័យប្រវត្តិដែលហាក់ដូចជាមកពីធម្មជាតិដូច្នោះបាន។ តើក្នុងមួយថ្ងៃៗ កម្មវិធីអ្វីខ្លះត្រូវបានដំណើរការណ៍ដោយស្វ័យប្រវត្តិ ដោយឥតមានការដឹងខ្លួនពីសតិរបស់អ្នក ? គ្រាន់តែរៀបរាប់បន្តិចបន្តួចដូចជា ការទទួលទានអាហារ ការងូតទឹក សរសេរអក្សរ ដើរ ជិះម៉ូតូជាដើម។ យ៉ាងណាមិញ ផ្នែកដែលអ្នកមើលមិនឃើញ ដែលមានចំណែកពី៩៦ទៅ៩៨ភាគរយនៅក្នុងជីវិតរបស់អ្នកនេះ ក៏គ្រប់គ្រងទៅលើការគិតរបស់អ្នកផងដែរ។
អ្នកគឺជាអ្នកសរសេរកម្មវិធីទាំងនោះ។ នៅពេលអ្នកមានទម្លាប់គិតវិជ្ជមាន នោះការគិតរបៀបនេះនឹងសរសេរទុកនៅក្នុងផ្នែកសតិឥតដឹងខ្លួនរបស់អ្នក។ ចំណែកឯការគិតអវិជ្ជមានក៏ដូចគ្នាដែរ។ នៅពេលអ្នកគិតបែបណា អ្នកនឹងអូសទាញរបស់ទាំងនោះមកចូលក្នុងជីវិតអ្នក។ បើអ្នកមានអារម្មណ៍ក្ដៅក្រហាយ អ្នកនឹងមើលឃើញតែរឿងក្ដៅក្រហាយនៅជុំវិញខ្លួនអ្នក បើទោះជារឿងដូចគ្នានេះមិនមានប៉ះពាល់អ្វីដល់អារម្មណ៍អ្នកដទៃក៏ដោយ។ នេះមានន័យថា វាមិនមែនជាស្ថានការណ៍ខាងក្រៅនោះទេ ដែលធ្វើឲ្យអ្នកក្ដៅក្រហាយ។ តែនោះគឺមកពីការគិតរបស់អ្នក គឺជាអ្វីដែលធ្វើឲ្យអ្នកក្ដៅក្រហាយដោយខ្លួនឯង។
នេះហើយគឺជាមូលហេតុដ៏ចម្បងនៃការសមាធិ។ នៅពេលអ្នកសមាធិ ចិត្តអ្នកនឹងស្ងប់ ហើយនៅពេលអារម្មណ៍ណាមួយលេចឡើងមក អ្នកក៏មានសតិដឹងកត់សម្គាល់ភ្លាមថាចិត្តនោះជាចិត្តអ្វី កុសលឬអកុសល ដើម្បីឲ្យអ្នកគ្រប់គ្រងនិងកម្ចាត់វាចេញនេះឯង។ ផ្នែកសតិឥតដឹងខ្លួនមានឥទ្ធិពលខ្លាំងក្លាមកលើជីវិតអ្នករាល់ថ្ងៃ ហើយអ្នកគឺជាអ្នកសរសេរកម្មវិធីនេះ ដូច្នេះអ្នកគួរគិតខ្លួនឯងទៅមើលថា តើអ្នកចង់ឲ្យកម្មវិធីបែបណាដំណើរការណ៍នៅក្នុងជីវិតអ្នក ?
ដោយសារតែផ្នែកសតិឥតដឹងខ្លួននេះ តែងតែដំណើរការណ៍ដោយស្វ័យប្រវត្តិនិងឥតមានការដឹងខ្លួនពីអ្នកនេះហើយ ទើបបានជាមនុស្សច្រើនតែពិបាកក្នុងការផ្លាស់ប្ដូរទម្លាប់របស់ខ្លួនចេញ។ ពេលខ្លះពួកគេឥតទាំងដឹងផងថាខ្លួនឯងបានដំណើរការណ៍កម្មវិធីដែលបំផ្លាញជីវិតខ្លួនឯង។ ដូច្នេះ ការសរសេរកម្មវិធីថ្មីឡើងវិញដើម្បីផ្លាស់ប្ដូរជីវិតអ្នកឲ្យល្អប្រសើរ ត្រូវការការអត់ធ្មត់ហ្វឹកហាត់គិតវាធ្វើវាជាប្រចាំ ដើម្បីឲ្យផ្នែកសតិឥតដឹងខ្លួនទទួលដឹងនិងដំណើរការណ៍តែរឿងណាដែលអ្នកចង់បានក្នុងជីវិតអ្នក៕
ដោយ៖ ស្រីពៅ