តើក្នុងឆមាសទី១ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាសម្រេចបានអ្វីខ្លះ?
កាលពីចុងខែកក្កដាឆ្នាំ ២០១៧ នេះ ធនាគារជាតិនៃកម្ពុជាបានបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និង លើកទិសដៅការងាររបស់ខ្លួនក្នុងឆមាសទី២ នៃឆ្នាំ ២០១៧ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ជា ចាន់តូ បានថ្លែងក្នុងសុន្ទរ កថា ដោយបានលើកឡើងនូវលទ្ធផលដែលសម្រេចបានក្នុងឆមាសទី១ឆ្នាំ២០១៧ របស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងទស្សនវិស័យនាពេលអនាគតដែលមានខ្លឹមសារដូចខាងក្រោម៖
វិស័យធនាគារកម្ពុជាបានបន្តរីកចម្រើនប្រកបដោយភាពរឹងមាំ មានលក្ខណៈប្រកួតប្រជែង និង បរិយាប័ន្ន។ គិតត្រឹមឆមាសទី១ នេះ ទ្រព្យសកម្មវិស័យធនាគារមានកំណើនដល់ ១៥០% នៃ ផលិតផលក្នុងស្រុក សរុប (ផ.ស.ស ឬ GDP) ប្រាក់បញ្ញើមានកំណើនដល់ ៨៥% នៃ ផ.ស.ស ហើយឥណទានដែលបានផ្តល់ដល់ វិស័យឯកជនបានកើនឡើងដល់ ៩២% នៃផ.ស.ស។ យោងតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund—IMF) ការអភិវឌ្ឍវិស័យធនាគាររបស់កម្ពុជាក្នុងដំណាក់កាលបច្ចុប្បន្ន នៅតែ បន្តជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ទន្ទឹមនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យធនាគារ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការ ម៉ាក្រូ និង មីក្រូប្រុងប្រយ័ត្ន តាមដំណាក់កាលនិងជាបន្តបន្ទាប់ ស្របតាមស្ថានភាពជាក់ស្តែង ព្រមទាំងពង្រឹងការ ត្រួតពិនិត្យវិស័យធនាគារ ជាពិសេសផ្អែកលើហានិភ័យនិងទស្សនៈអនាគត សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ម្យ៉ាង ទៀត ប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវបានពង្រឹងនិងធ្វើឱ្យប្រសើរឡើង ដើម្បីរួមចំណែកក្នុងការកាត់បន្ថយ ហានិភ័យឥណទាន និង បង្កើនតម្លាភាព។ លើសពីនេះ គម្រោងការពារអ្នកដាក់ប្រាក់បញ្ញើក៏កំពុងត្រូវបានអភិវឌ្ឍ សម្រាប់ពង្រឹងជំនឿទុកចិត្តរបស់អ្នក ដាក់ប្រាក់បញ្ញើក្នុងវិស័យធនាគារបន្ថែមទៀត។
ស្របពេលដែលប្រទេសនានាលើពិភពលោកបានប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកាត់បន្ថយនូវចំណាយ និង ពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្តល់សេវាហិរញ្ញវត្ថុផ្អែកលើបច្ចេកវិទ្យាឌីជីថល (Fintech) ផងដែរ។ ទន្ទឹមនេះ ធនាគារជាតិនៃ កម្ពុជាក៏បានតាមដានយ៉ាងប្រុងប្រយ័ត្នលើការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីធានាថាបច្ចេកវិទ្យាហិរញ្ញវត្ថុនឹង ក្លាយជាមធ្យោបាយមួយទៀត រួមចំណែកដល់ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុប្រកបដោយចីរភាព។ គិតត្រឹម ឆមាសទី១នេះ ប្រជាជនពេញវ័យប្រមាណ ៥៥% នៃប្រជាជនពេញវ័យសរុប កំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលមានដូចជា សេវាដាក់ប្រាក់បញ្ញើ ឥណទាន ទូទាត់ និង ភតិសន្យាហិរញ្ញវត្ថុ (Financial Lease)។
លើសពីនេះទៅទៀត ការធ្វើទំនើបកម្មនៃប្រព័ន្ធទូទាត់និងការលើកកំពស់សុវត្ថិភាពបច្ចេកវិទ្យា ក៏ជាកិច្ចការ ដ៏ចម្បងមួយរបស់ធនាគារជាតិនៃកម្ពុជាផងដែរ។ ដើម្បីគាំទ្រដល់ការរីកចម្រើនសកម្មភាពសេដ្ឋកិច្ច ប្រព័ន្ធទូទាត់ក៏ ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ សំដៅធ្វើឱ្យប្រតិបត្តិការទូទាត់ប្រព្រឹត្តិទៅដោយសុវត្ថិភាព ឆាប់រហ័សនិង ចំណាយទាប។ ក្នុងស្មារតីនេះ បន្ទាប់ពីប្រព័ន្ធសម្រាប់សេវាទូទាត់រហ័ស (FAST) ត្រូវបានដាក់ឱ្យដំណើរការប្រកប ដោយជោគជ័យ ប្រព័ន្ធ Cambodian Shared Switch (CSS) ដែលតភ្ជាប់ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) និង ម៉ាស៊ីនឆូតកាត (POS) របស់គ្រឹះស្ថានហរិញ្ញវត្ថុខុសៗគ្នា កំពុងត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បង ហើយ រំពឹងថានឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆមាសទី២នៃឆ្នាំនេះ។
ជាការពិតណាស់ ផ្អែកទៅលើប្រព័ន្ធ CSS នេះ លោកអ្នកនឹងមានភាពងាយស្រួលជាងមុនក្នុងការដកប្រាក់ និងទូទាត់ថ្លៃទំនិញ ឬសេវា ដោយលោកអ្នកត្រូវការកាតតែមួយប៉ុណ្ណោះ នោះលោកអ្នកនឹងអាចប្រើប្រាស់កាតនោះ ដើម្បីដកប្រាក់ពីទូរ ATM ឬទូទាត់ប្រាក់ដោយប្រើប្រាស់ម៉ាស៊ីនឆូតកាត POS របស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ ដទៃផ្សេងទៀតបាន ដោយលោកអ្នកនឹងមិនចាំបាច់ស្នើសុំធ្វើកាតពីរបី ឬក៏ច្រើនជាងនេះដើម្បី ប្រើប្រាស់សេវាកម្ម ដកប្រាក់ ឬ ទូទាត់ថ្លៃទំនិញ ឬសេវាផ្សេងៗឡើយ។ បន្ថែមលើនេះទៅទៀត លោកអ្នកនឹង មិនចាំបាច់ចំណាយ ពេលវេលាស្វែងរកទូរATM របស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុណាមួយដែលលោកអ្នកកំពុង ប្រើប្រាស់សេវា នោះទេ។
លោកអ្នកអាចប្រើប្រាស់ទូរ ATM របស់ធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុណាក៏បាន ដើម្បីដកប្រាក់របស់ លោកអ្នក។ តាមរយៈប្រព័ន្ធ CSS នេះ លោកអ្នកនឹងបានចំណេញទាំងប្រាក់និងពេលវេលា ព្រមទាំងមានភាព ងាយស្រួលផងដែរ។
ជាចុងក្រោយ ដោយមើលឃើញពីភាពជោគជ័យនៃគម្រោងនានាដែលបានដាក់ឱ្យអនុវត្តនាពេលកន្លងមក ព្រមទាំងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងយុគសម័យនៃបច្ចេកវិទ្យា ធនាគារជាតិនៃកម្ពុជា កំពុងតែអភិវឌ្ឍប្រព័ន្ធទូទាត់ដុលភ្លាមៗ (RTGS) ដើម្បីសម្រួលដល់ការទូទាត់ប្រាក់ដែលមានតម្លៃធំ តាមរយៈ ប្រព័ន្ធអេឡិចត្រូនិច។ លើសពីនេះទៅទៀត ធនាគារជាតិនៃកម្ពុជាក៏កំពុងសិក្សាលើការប្រើប្រាស់បច្ចេកវិទ្យា Blokchain ដើម្បីធ្វើឱ្យប្រព័ន្ធទូទាត់កាន់តែរឹងមាំ មានសុវត្ថិភាពខ្ពស់ និង កាត់បន្ថយចំណាយប្រតិបត្តិការបន្ថែម ទៀត៕
ដោយ៖ ប៉ុម ទូច