ស្វែងយល់អំពីទិដ្ឋភាពទូទៅនៃប្រព័ន្ធធនាគារកម្ពុជា
ដូចដែលលោកអ្នកជ្រាបរួចមកហើយថា វិស័យធនាគារបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរ ការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ គិតត្រឹមឆមាសទី១ នៃឆ្នាំ២០១៧ នេះ ទ្រព្យសកម្មវិស័យធនាគារមានកំណើន ដល់ ១៥០% នៃ ផលិតផលក្នុងស្រុក សរុប (ផ.ស.ស ឬ GDP) ប្រាក់បញ្ញើមានកំណើនដល់ ៨៥% នៃ ផ.ស.ស ហើយឥណទានដែលបានផ្តល់ដល់ វិស័យឯកជនបានកើនឡើងដល់ ៩២% នៃផ.ស.ស។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានស្វែងយល់អំពីទិដ្ឋភាពទូទៅនៃប្រព័ន្ធធនាគារនៅក្នុងប្រទេសកម្ពុជា។
ជាការពិតណាស់ ប្រព័ន្ធធនាគារកម្ពុជាគឺជាប្រព័ន្ធលំហូរហិរញ្ញវត្ថុ (Financial Flow System) ដែលមាន ធនាគារកណ្តាល (ធនាគារជាតិនៃកម្ពុជា) ជានិយតករ (Regulator) និងចំណុះដោយធនាគារពាណិជ្ជ ធនាគារ ឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរ ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថាន ក្រោមចំណុះផ្សេងទៀតដូចជា ការិយាល័យតំណាងធនាគារបរទេស ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អ្នកដំណើរការ តតិយភាគី ក្រុមហ៊ុនក្រេឌីតប្យ៊ូរ៉ូ និង អាជីវករប្តូរប្រាក់។
ផ្អែកទៅលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០១៦ របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ ២០១៦ ប្រព័ន្ធធនាគារកម្ពុជារួមមាន៖
ធនាគារពាណិជ្ជ (មានជាអាទិ៍ ធនាគារ ACLEDA ធនាគារ ABA ធនាគារភ្នំពេញពាណិជ្ជ...) មានចំនួនសរុប ៣៧ ស្ថាប័ន។
ធនាគារឯកទេស (មានជាអាទិ៍ ធនាគារឯកទេស អានកូ ធនាគារឯកទេស ខេមខាប់ភិថល...) មានចំនួនសរុប ១៥ ស្ថាប័ន។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (មានជាអាទិ៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត...) មានចំនួន ៦៤ ស្ថាប័ន។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន (មានជាអាទិ៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ...) មានចំនួនសរុប ៧ ស្ថាប័ន។
ប្រតិបត្តិករឥណទានជនបទ មានចំនួនសរុប ១៧០ ស្ថាប័ន។
ការិយាល័យតំណាងធនាគារបរទេស (មានជាអាទិ៍ Industrial Bank of Korea, Bank for Investment & Development of Vietnam...) មានចំនួនសរុប ៧ ស្ថាប័ន។
ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ (មានជាអាទិ៍ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ក្រុមហ៊ុន ជីអិល ហ្វាយនែន ភីអិលស៊ី...) មានចំនួនសរុប ១២ ស្ថាប័ន។
អ្នកដំណើរការតតិយភាគី (មានជាអាទិ៍ ក្រុមហ៊ុន វីង វេរលុយ ក្រុមហ៊ុន ទ្រូម៉ាន់នី...) មានចំនួន ៨ ស្ថាប័ន។
ក្រុមហ៊ុនក្រេឌីតប្យ៊ូរ៉ូ (មានជាអាទិ៍ ក្រុមហ៊ុនក្រេឌីតប្យ៊ូរ៉ូកម្ពុជា) មានចំនួន ១ ស្ថាប័ន។
អាជីវករប្តូរប្រាក់ (មានជាអាទិ៍ លីហួរ ប្តូរប្រាក់ និង អលង្ការ ...) មានចំនួន ២.២៤៧ នាក់។
ដោយ៖ ប៉ុម ទូច