ការិយាល័យ​ឥណទាន​កម្ពុជា (CBC)៖ត្រីមាស​ទី​២​ ​ទោះ​​​​ធ្លាក់ចុះ​ការ​សើ្ន​សុំ​ប្រាក់កម្ចី​លក្ខណៈ​បុគ្គល​ក្តី ចំនួន​គណនី​ឥណទាន&ទំហំ​ទឹកប្រាក់​កម្ចី​នៅតែ​កើនឡើង​​



ចំនួន​នៃ​ការស្នើសុំ​ប្រាក់កម្ចី​បាន​ធ្លាក់ចុះ​វិញ​នៅក្នុង​ត្រីមាស​ទី ២ ឆ្នាំ ២០១៧​នេះ ប៉ុន្តែ​មាន​ទំនោរ​ទាប​ជាង​ត្រីមាស​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦​។ ទោះបីជា​មានការ​ធ្លាក់ចុះ​នៃ​ការស្នើសុំ​កម្ចី​ជារួម​ក៏ដោយ ក៏​ការផ្តល់​ប្រាក់កម្ចី​មានការ​កើនឡើង​ចំនួន ៤.១៩% នៃ​គណនី​ឥណទាន​សរុប និង ៦.៥៩% នៃ​ទំហំ​ប្រាក់កម្ចី​សរុប​។​  នេះ​បើ​យោង​តាម​ របាយការណ៍​ស្ដី​ពីស​ន្ទ​ស្សន៍​ឥណទាន​លក្ខណៈ​បុគ្គល របស់ ការិយាល័យ​ឥណទាន​កម្ពុជា CBC ​ដែល​ BizKhmer ទើប​ទទួល​បាន។  ​ការស្នើសុំ​ប្រាក់កម្ចី​លក្ខណៈ​បុគ្គល​៖ បង្ហាញ​អំពី​បំណង​របស់​អ្នកប្រើប្រាស់​ក្នុងការ​ទទួលបាន​ឥណទាន​ក្នុង​លក្ខណៈ​ជា​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ប័ណ្ណឥណទាន ឬ កម្ចី​អចលនទ្រព្យ ។​ ​យោង​តាម​​របាយការណ៍​ដដែល​ ​​ក្នុង​ត្រីមាស​ទី ២ ក្នុង​ឆ្នាំ​២០១៧​ បង្ហាញថា ការស្នើរ​សុំ​ឥណទាន​បាន​ធ្លាក់ចុះ​គួរ​​ឱ្យ​​កត់សំគាល់ (-15%)​ធៀប​នឹង​ត្រីមាស​ទី​១ (+29%) ប៉ុន្តែ​ទំនោរ​នៃ​ការធ្លាក់ចុះ​នេះ​គឺ​ទាប​ជាង​ត្រីមាស​ដូចគ្នា ក្នុង​ឆ្នាំ ២០១៦ (-25%)​។ ការធ្លាក់ចុះ​នៃ​ការស្នើសុំ​ឥណទាន​នេះ​ដោយសារតែ​មានការ​ធ្លាក់​ចុះ​នៃ​ការ​រ​ស្នើ​ប័ណ្ណឥណទាន​(-18%) ការស្នើសុំ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន (-15%) និង កម្ចី​អចលនទ្រព្យ​(-8%)​។ ប្រសិនបើ​មើល​លើ​តំបន់​ទាំង​បួន ការស្នើសុំ​ប្រាក់កម្ចី​ធ្លាក់ចុះ​ស្ទើរ​គ្រប់​តំបន់ លើកលែងតែ​តំបន់ឆ្នេរ ដែល​នៅតែមាន​កំណើន​លើ​ការស្នើសុំ​ប័ណ្ណឥណទាន​(+100%) និង ការ​សើ្ន​សុំ​កម្ចី​អចលនទ្រព្យ​(+3%)​។​ ​ដំណើរការ​ប្រាក់កម្ចី​លក្ខណៈ​បុគ្គល​៖ បង្ហាញ​អំពី​ស្ថានភាព​ប្រាក់កម្ចី​ជាក់ស្ដែង​របស់​អ្នកប្រើប្រាស់​ដូច​បាន​រាយការណ៍​ក្នុង​ត្រីមាស​។​ ​យោង​តាម​របាយការណ៍​របស់​ ការិយាល័យ​ឥណទាន​កម្ពុជា នៅ​ត្រីមាស​ទី​២​នេះ កំណើន​ចំនួន​គណនី​មានការ​ថមថយ​បន្តិច ដោយមាន​កំណើន​ត្រឹម +4.19% ធៀប​នឹង​ត្រីមាស​ទី​១ (+10.87) ។ ចំនួន​គណនី​ឥណទាន​សរុប​កើន​ឡើងដល់​ចំនួន​ជាង 785 ពាន់​គណនី ដែល​ក្នុងនោះ 82.42% ជា​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន 10.53% ជា​កម្ចី​អចលនទ្រព្យ និង 7.06% ប័ណ្ណឥណទាន​។ ​ដូចគ្នា​​នេះ​ដែរ កំណើន​សមតុល្យ​ប្រាក់កម្ចី​សរុប ក៏មាន​ការ​ថមថយ​ម​ក​ត្រឹម 6.59% ក្នុង​ត្រីមាស​ទី 2 ឆ្នាំ​2017 ធៀប​នឹង​ត្រីមាស​ទី​១ (+14.97%)​។ កំណើន​នេះ ធ្វើអោយ​សមតុល្យ​ឥណទាន​កើនឡើង​មកដល់ 3.87 ប៊ី​លាន​ដុល្លារ ដែល​ក្នុងនោះ វា​នៅតែ​ត្រូវបាន​បែងចែក​ស្ទើ​តែ​ស្មើគ្នា រវាង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន (50.24%) និង​ប្រាក់កម្ចី​អចលនទ្រព្យ (48.89%) ទោះបីជា​ប័ណ្ណឥណទាន​នៅតែមាន​ចំណែក​មួយ​ដ៏​តូច ដែល​ទាប​ជាង​១%​។​ ​គុណភាព​ប្រាក់កម្ចី​លក្ខណៈ​បុគ្គល​៖ ឆ្លុះបញ្ចាំង​អំពី​លទ្ធភាព​របស់​កូនបំណុល​ក្នុងការ​ទូទាត់​តាម​ថ្ងៃ​កំណត់​។​ ​ទិដ្ឋភាព​ទូទៅ​របស់​ប្រទេស​កម្ពុជា​នៅតែ​មិនមាន​ការប្រែប្រួល​ខ្លាំង​ទាក់ទង​ទៅនឹង​ប្រាក់កម្ចី​ដែល​មិនមាន​ដំណើរការ (៣០​ថ្ងៃ​) ដែលជា​ប្រាក់កម្ចី​ដែល​កូនបំណុល​មិនមាន​លទ្ធភាព​ទូទាត់​តាម​ថ្ងៃ​កំណត់​លើសពី 30 ថ្ងៃ (NPL30) ។ វា​បាន​កើនឡើង​តិចតួច​ដល់ 1.70% ក្នុង​ត្រីមាស​នេះ ធៀប​នឹង 1.62% ក្នុង​ត្រីមាស​ទី ២ ឆ្នាំ​២០១៧​។ ​ដូចគ្នា​ទៅនឹង​ត្រីមាស​ទី​១​ដែរ ស្ទើរតែ 80% នៃ​ប្រជាជន​កម្ពុជា​បន្ដ​ប្រើ​សេវា​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែមួយ ដែល​វា​បាន​កាត់បន្ថយ​ហានិភ័យ​លើ​ការទូទាត់​ប្រាក់​ដើម​។ មិនតែប៉ុណ្ណោះ អតិថិជន​ដែលមាន​គណនី​តែមួយ​មាន​ចំនួន​70% នៃ​អតិថិជន​សរុប ចំណែក​អតិថិជន​ដែលមាន​គណនី​ចាប់ពី​ពីរ​ឡើង​មាន​ចំនួន​ត្រឹមតែ​៣០%​ប៉ុណ្ណោះ​។ ​លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ របស់ ការិយាល័យ​ឥណទាន​កម្ពុជា បាន​មានប្រសាសន៍ថា “ ទោះបីជា ទំនោរ​ធ្លាក់ចុះ​នៃ​ការ​ការស្នើសុំ​ប្រាក់កម្ចី​លក្ខណៈ​បុគ្គល គឺមាន​លក្ខណៈ​ជា​រដូវ​កាល​ក៏ដោយ ក៏​យើង​ឃើញថា ក្នុង​ត្រីមាស​នេះ ចំនួន​គណនី​ឥណទាន​នៅតែមាន​ការកើនឡើង ប្រមាណ ៤.១៩% សមាមាត្រ​នឹង​កំណើន​ទឹកប្រាក់​កម្ចី ៦.៥៩%​។ ចំណែកឯ​ប្រាក់កម្ចី​មិន​ដំណើរការ​លើសពី ៣០ ថ្ងៃ​វិញ ទោះបី​ជាមាន​កំណើន​តិចតួច​និង អាច​គ្រប់គ្រង​បាន​ក្តី ប៉ុន្តែ វា​ក៏​ជា​សញ្ញា​មួយ​សម្រាប់​អោយ​គ្រប់​ស្ថាប័ន ហិរញ្ញវត្ថុ​ទាំងអស់​គួរ​ចាប់ផ្តើម​យកចិត្តទុកដាក់​លើ​គុណភាព​ឥណទាន​របស់ខ្លួន​លើ​ផលិតផល​ទាំងបី​»៕​
X
5s