ហេតុអ្វីស្ពានអាចទប់ទល់នឹងកម្លាំងទំនាញផែនដីនិងកម្លាំងរថយន្តដ៏ច្រើនក្នុងពេលតែមួយបាន ?​



នៅ​ពេល​អ្វីមួយ​មាន​ចលនា មានន័យ​ថា​មាន​កម្លាំង​អ្វីមួយ​ពី​ខាងក្រៅ​មាន​អំពើ​មក​លើ​វា តែ​ដើម្បី​មាន​កម្លាំង លុះត្រាតែ​មាន​ថាមពល​ដើម្បី​អាច​ប្រើប្រាស់​កម្លាំង​ដើម្បី​មាន​អំពើ​លើ​អ្វីមួយ​ឲ្យ​មាន​ចលនា​បាន។ តើ​កម្លាំង ថាមពល និង​ចលនា​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ដូចម្ដេច ? ហេតុអ្វី​ស្ពាន​មិន​ធ្លាក់​ចុះ​ក្នុង​ទឹក និង​អាច​ទប់ទល់​ជាមួយ​កម្លាំង​ដ៏​ខ្លាំងក្លា​ដែល​រថយន្ត​និង​ម៉ូតូ​ជាច្រើន​ដែល​មាន​អំពើ​មក​លើ​វា​ព្រមៗ​គ្នា​ក្នុង​ពេល​ជាមួយ​គ្នា​បាន ? ទាំងនេះ​ហើយ​គឺជា​ខ្លឹមសារ​ដែល​អ្នក​ប្រាជ្ញ អ៊ីសាក់ ញូតុន ចង់​បង្ហាញ​នៅ​ក្នុង​ច្បាប់​ញូតុន​របស់​គាត់​កាល​ពី​ជាង​៣០០​ឆ្នាំ​មុន។ អ្វីៗ​គ្រប់​យ៉ាង​នៅ​ក្នុង​ចក្រវាល​នេះ​សុទ្ធតែ​ជា​ថាមពល​ទាំងអស់ មិន​ខ្វល់​ថា​អ្នក​មើល​ឃើញ​វា​ឬ​អត់​នោះ​ទេ វា​នៅ​តែ​កើតឡើង​ជានិច្ច។ ថាមពល​កើតឡើង​នៅ​ក្នុង​ទម្រង់​ច្រើន​បែប ប៉ុន្តែ​ទម្រង់​ច្រើន​បែប​ទាំងអស់​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​ចំណោម​ថាមពល​តែ​២ប្រភេទ​ចម្បងៗ​ប៉ុណ្ណោះ ដែល​គេ​ហៅថា ថាមពល​ស៊ីនេទិច និង​ថាមពល​ប៉ូតង់ស្យែល។ ថាមពល​ប៉ូតង់ស្យែល អាច​និយាយ​ម្យ៉ាង​ទៀត​ថា​ជា​ថាមពល​ស្តុក​ទុក សម្រាប់​យក​ទៅ​ប្រើ​ការ​ធ្វើ​សកម្មភាព​ឬ​ធ្វើឲ្យ​អ្វីមួយ​មាន​ចលនា ដែល​នៅ​ពេល​អ្វីមួយ​មាន​ចលនា ថាមពល​ប៉ូតង់ស្យែល​ដែល​វា​បាន​ស្តុក​ទុក នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ដើម្បី​អាច​ឲ្យ​វត្ថុ​មួយ​មាន​ចលនា​បាន ដូច្នេះ​នៅ​ពេល​ថាមពល​ប៉ូតង់ស្យែល​នឹង​ត្រូវ​បាត់បង់​បន្តិច​ម្ដងៗ ចលនា​ដែល​វា​កំពុង​តែ​មាន​បង្កើត​ឲ្យ​មាន​នូវ​ថាមពល​ស៊ីនេទិច​វិញ។ សរុប​មក​ថាមពល​ប៉ូតង់ស្យែល​គឺជា​ថាមពល​ស្តុក​ទុក​សម្រាប់​យក​ទៅ​ប្រើ​ការ ឬ​ជា​ថាមពល​ដែល​មាន​ដោយសារ​តែ​វា​នៅ​ស្ងៀម​មិន​មាន​ចលនា ឯ​ថាមពល​ស៊ីនេទិច​កើតឡើង​ដោយសារ​ចលនា​ដែល​វត្ថុ​អ្វីមួយ​មាន។ តាម​ច្បាប់​រក្សា​ថាមពល ថាមពល​មិន​អាច​បង្កើត​ឬ​បាត់បង់​នោះ​ឡើយ។ នេះ​មានន័យ​ថា អ្នក​មិន​អាច​បង្កើត​ថាមពល​ឬ​ក៏​បំផ្លាញ​វា​នោះ​ទេ អ្នក​គ្រាន់តែ​អាច​ផ្ទេរ​ថាមពល​ពី​ប្រភព​មួយ​ទៅ​មួយ​ទៀត ឬ​បម្លែង​ទម្រង់​របស់​វា​ពី​មួយ​បែប​ទៅ​មួយ​បែប​ផ្សេង​ទៀត​ប៉ុណ្ណោះ។ ឧទាហរណ៍​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ អ្នក​ចាក់​សាំង​រថយន្ត​របស់​អ្នក គឺ​ក្នុង​គោលដៅ​ដើម្បី​ទាញ​យក​ថាមពល​ពី​សាំង​ដើម្បី​ធ្វើឲ្យ​ម៉ាស៊ីន​រថយន្ត​របស់​អ្នក​មាន​ចលនា​ទៅ​មុខ​បាន។ ប៉ុន្តែ អ្នក​អាច​ប្រើប្រាស់​ថាមពល​ពី​សាំង​របស់​អ្នក​យ៉ាង​មាន​ប្រយោជន៍​និង​ប្រសិទ្ធភាព​ត្រឹមតែ​១៥%​ក្នុង​ចំណោម​ថាមពល​សាំង​ទាំង​១០០%​ទាំងអស់​ប៉ុណ្ណោះ។ ចុះ​ថាមពល​ប្រមាណ​៨៥%​ទៀត​ត្រូវ​បាន​បាត់បង់​ទៅ​ណា ? នៅ​ពេល​សាំង​ត្រូវ​បាន​ចាក់​បញ្ចូល​រួច ថាមពល​ដែល​មាន​នៅ​ក្នុង​ម៉ូលេគុល​គីមី​របស់​សាំង នឹង​ឆេះ​ជាមួយ​ឧស្ម័ន​អុកស៊ីហ្សែន ដែល​គេ​ហៅ​ដំណាក់កាល​នេះ​ថា ចំហេះ។ ចំហេះ​នឹង​ធ្វើឲ្យ​ឧស្ម័ន​រីក​មាឌ​របស់​វា ហើយ​បង្កើត​ជា​ថាមពល​កម្ដៅ។ ថាមពល​កម្ដៅ​នឹង​ត្រូវ​បាន​បម្លែង​ជា​ថាមពល​មេកានិច ដោយ​កម្ដៅ​នេះ​នឹង​ធ្វើឲ្យ​ពីស្តុង​មាន​ចលនា។ បន្ទាប់​មក​ថាមពល​មេកានិច​របស់​ពីស្តុង​នេះ នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ថាមពល​ស៊ីនេទិច ដើម្បី​ឲ្យ​ម៉ាស៊ីន​របស់​អ្នក​ដំណើរការណ៍ នោះ​រថយន្ត​របស់​អ្នក​វិល​កង់​ទៅ​មុខ​នេះ​ឯង។ ថាមពល​៨៥%​ទាំងនេះ​ត្រូវ​បាន​ខាតបង់​ទៅលើ​កម្លាំង​កកិត​នៅ​ពេល​វា​ប៉ះ​នឹង​ខ្យល់ បំភ្លឺ​ភ្លើង​រថយន្ត និង​ម៉ាស៊ីន​ត្រជាក់​ជាដើម។   ហេតុនេះ​ហើយ​ថាមពល​មិន​បាន​បាត់បង់​ទៅ​ណា​នោះ​ទេ គ្រាន់តែ​វា​បម្លែង​ពី​ទម្រង់​មួយ​ទៅ​ទម្រង់​ផ្សេង​ទៀត​ប៉ុណ្ណោះ។ សួរ​ថា​តើ​ថាមពល​ទាំងអស់​មាន​ប្រភព​ចេញ​មក​ពី​ណា ? នោះ​គឺ​ព្រះអាទិត្យ​របស់​យើង​នេះ​ឯង។ ចុះ​តើ​ថាមពល​និង​កម្លាំង​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ដូចម្ដេច ? អ្វីៗ​សុទ្ធតែ​ជា​ថាមពល គ្រាន់តែ​វា​បម្លែង​ពី​ទម្រង់​មួយ​ទៅ​ទម្រង់​មួយ​ទៀត​តាមរយៈ​ការ​ផ្ទេរ​ថាមពល​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ទើប​កម្លាំង​ដើរតួ​ជា​អ្នក​ចម្លង ឬ​ជា​វិធីសាស្ត្រ​ក្នុង​ការ​ផ្ទេរ​ថាមពល​ពី​ប្រភព​មួយ​ទៅ​ប្រភព​មួយ​ទៀត ដើម្បី​ធ្វើ​សកម្មភាព​អ្វីមួយ។ បើ​យើង​ប្រើ​កម្លាំង​ដើម្បី​ផ្ទេរ​ថាមពល​ពី​ប្រភព​មួយ​ទៅ​ប្រភព​មួយ​ទៀត សម្រាប់​ធ្វើ​សកម្មភាព ដូច្នេះ​សកម្មភាព​គឺជា​ចលនា។ នៅ​ពេល​អ្វីមួយ​មាន​ចលនា នោះ​ល្បឿន​របស់​វា​នឹង​ប្រែប្រួល​ក្នុង​រយៈពេល​មួយ។ ប៉ុន្តែ​កម្លាំង​ដែល​ប្រើប្រាស់​សម្រាប់​ធ្វើឲ្យ​អ្វីមួយ​មាន​ចលនា និង​ផ្លាស់ប្ដូរ​ល្បឿន អាស្រ័យ​ទៅ​នឹង​ម៉ាស​របស់​វត្ថុ​នោះ​ផង​ដែរ។ នៅ​ពេល​យើង​ប្រើប្រាស់​កម្លាំង កម្លាំង​នឹង​ផ្លាស់ប្ដូរ​៣យ៉ាង​ទៅលើ​អ្វីមួយ​ដែល​រង​កម្លាំង​ពី​វា។ ទី១​វា​នឹង​ផ្លាស់ប្ដូរ​រូបរាង​របស់​វត្ថុ ទី២​ផ្លាស់ប្ដូរ​ទិសដៅ​របស់​វត្ថុ (ដូច្នេះ​ហើយ​ទើប​កម្លាំង F តែងតែ​មាន​វ៉ិចទ័រ​ដែល​តំណាង​ពី​ទិសដៅ​ដែល​វត្ថុ​ផ្លាស់ប្ដូរ) និង​ទី៣​ផ្លាស់ប្ដូរ​ល្បឿន​របស់​វត្ថុ។ វត្ថុ​ដែល​នៅ​ស្ងៀម មិនមែន​មានន័យ​ថា​វា​មិន​មាន​កម្លាំង​មាន​អំពើ​មក​លើ​វា​នោះ​ទេ យ៉ាងហោចណាស់​ក៏​មាន​កម្លាំង​ទំនាញ​ផែនដី​ដែរ។ នេះ​នឹង​បកស្រាយ​ថា​តើ​ហេតុអ្វី​កម្លាំង​ដែល​រថយន្ត​មាន​ទៅលើ​ស្ពាន មិន​ធ្វើឲ្យ​ស្ពាន​ធ្លាក់​ចុះ​នៅ​ក្នុង​ទឹក។ នេះ​ក៏​ព្រោះ​តែ​កម្លាំង​រុញ​ដែល​រថយន្ត​និង​ម៉ូតូ​មាន​មក​លើ​ស្ពាន​បូក​រួម​នឹង​កម្លាំង​ទំនាញ​ផែនដី​ដែល​សង្កត់​មក​លើ​វា​ផង​នោះ ស្មើគ្នា​ជាមួយ​នឹង​កម្លាំង​ដែល​ជើង​ទម្រ​គ្រឹះ​របស់​ស្ពាន​រុញ​ឡើង​ទៅវិញ។ វា​ហាក់​ដូចជា​មាន​មនុស្ស​២នាក់​ដែល​ប្រើប្រាស់​កម្លាំង​ស្មើគ្នា ដើម្បី​ទាញ​ខ្សែ​មួយ​សង​ខាង​ម្នាក់​ដូច្នោះ។ កម្លាំង​ស្មើគ្នា មិន​មាន​អ្នក​ឈ្នះ​អ្នក​ចាញ់ ដូច្នេះ​ចលនា​ក៏​មិន​កើតឡើង​ដូច​គ្នា​ដែរ។ ដូច្នេះ​អ្វីមួយ​មិន​មាន​ចលនា មិនមែន​មានន័យ​ថា​គ្មាន​កម្លាំង​នោះ​ទេ ព្រោះ​កម្លាំង​កើត​ឡើង​គ្រប់​ពេល​ទាំងអស់៕

ដោយ៖ ស្រីពៅ

X
5s