តើ​ស្ថិរភាព​ថ្លៃ​និង​តម្លៃ​ប្រាក់រៀល​អាចរួមចំណែក​ក្នុង​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បាន​យ៉ាងដូចម្តេច​?​



​នៅក្នុង​រយៈពេល​ពី​រទ​ស​វត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​រក្សាបាន​ស្ថិរភាព​ថ្លៃ​និង​តម្លៃ​ប្រាក់រៀល​ល្អប្រសើរ ដែល​បានរួម​ចំណែក​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​គាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ ​ជាក់ស្តែង អតិផរណា​មាន​អត្រា​ជា​មធ្យម ៣,៨% ហើយ​អត្រា​ប្តូរប្រាក់​មាន​កម្រិត​ជា​មធ្យម ៤,០០០ រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក​។ ក្នុងស្ថានភាព​ដែល​សេដ្ឋកិច្ចកម្ពុជា​មាន​កម្រិត​ដុល្លា​រូបនីយកម្ម​ខ្ពស់ គោលនយោបាយ​រូបិយវត្ថុ​ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ ពឹងផ្អែក​ជា​ចម្បង​លើ​ការរក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់​។ ស្ថិរភាព​អត្រា​ប្តូរប្រាក់​រក្សា​អំណាច​ទិញ​របស់​ប្រាក់រៀល និង​រួមចំណែក​រក្សា​អត្រា​អតិផរណា​ឱ្យ​ស្ថិតក្នុង​កម្រិត​ទាប​អាច​គ្រប់គ្រង​បាន​។ ​ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់ ធនាគារជាតិ​នៃ​កម្ពុជា​បាន ធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់ ដោយ​ផ្គត់ផ្គង់​ប្រាក់រៀល​ស្របតាម​ស្ថានភាព​ទីផ្សារ ក្នុង​គោលបំណង បញ្ចៀស​នូវ​បម្រែបម្រួល​ខ្លាំង​នៃ​អត្រា​ប្តូរ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក ដែល​កើតចេញពី​កត្តា​រដូវ​កាល ដូចជា តម្រូវការ​ប្រាក់រៀល​ស​ម្រា​ប់​ការបង់ពន្ធ និង​ការទិញ​កសិផល​។ នៅក្នុង​រយៈពេល ៦​ខែ ដើមឆ្នាំ​២០១៧​នេះ អត្រា​អតិផរណា​មាន​កម្រិត​ជា​មធ្យម ៣,៥% ដោយបាន​ថយចុះ​ពី​ប្រមាណ ៤,៤% កាលពី​ខែមករា មក ២,៣% នៅ​ខែមិថុនា ឆ្នាំ​២០១៧​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។​ ​ទន្ទឹមនេះ អត្រា​ប្តូរ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក​ជា​មធ្យម​មាន​កម្រិត ៤,០៣៧ ដោយមាន​ការប្រែប្រួល​ត្រឹមតែ -០,២% ប៉ុណ្ណោះ ធៀប​នឹង​ឆ្នាំមុន​។ នៅ​ឆ្នាំ​២០១៧ អត្រា​អតិផរណា​ជា​មធ្យម​រំពឹងថា​មាន​កម្រិត ៣%​។ ដើម្បី​បន្ត​រួមចំណែក​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ពង្រឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​និង​ទន់ភ្លន់ ដើម្បី​បន្ត​រក្សា​អត្រា​អតិផរណា​ឱ្យ​ស្ថិតក្នុង​កម្រិត​ទាប តាមរយៈ​ការរក្សា​ស្ថិរភាព​អត្រា ប្តូរប្រាក់​និង​គ្រប់គ្រង​ការផ្គត់ផ្គង់​រូបិយវត្ថុ ស្របតាម​ការរីកចម្រើន​សកម្មភាព​សេដ្ឋកិច្ចជាតិ​។​៕ ​ដោយ​៖ ប៉ុ​ម ទូច​ ​ប្រភព​៖ ធនាគារជាតិ​នៃ​កម្ពុជា​
X
5s