ចំណេះដឹងទាំងអស់ក្នុងលោក គ្រាន់តែជាមែកធាងដែលបែកចេញពីឫសគល់ជាមួយគ្នាប៉ុណ្ណោះ
សម្រាប់មនុស្សមួយចំនួន ចំណេះដឹងប្រៀបដូចជាច្រវាក់ដែលតភ្ជាប់គ្នាពីមួយទៅមួយ រីឯអ្នកខ្លះវិញគ្រាន់តែជាទិន្នន័យដែលពុំមានជាប់ពាក់ព័ន្ធអ្វីនឹងគ្នាប៉ុណ្ណោះ។ នៅរូបភាពខាងក្រៅ ចំណេះដឹងហាក់នៅកាត់ផ្ដាច់ពីគ្នា គណិតវិទ្យានៅដោយគណិតវិទ្យា រូបវិទ្យានៅដោយរូបវិទ្យា និងទស្សនវិជ្ជានៅដោយទស្សនវិជ្ជា។ តាមពិតចំណេះដឹងនៅក្នុងលោកនេះ ប្រៀបដូចជាបំណែកបាក់បែកដែលរង់ចាំឲ្យអ្នកឈ្លាសវៃគ្រប់គ្រាន់នឹងអាចផ្គុំបំណែកទាំងអស់នោះចូលគ្នាបំពេញជារូបភាពរួមតែមួយប៉ុណ្ណោះ។
តើនរណាជាអ្នកឈ្លាសវៃគ្រប់គ្រាន់នឹងអាចផ្គុំបំណែករូបភាពបាក់បែកឲ្យមកបំពេញជារូបភាពតែមួយបាន ? គឺមនុស្សដែលស្គាល់ច្បាស់ពីភាពល្ងង់ខ្លៅនិងការយល់ដឹងដ៏មានកម្រិតរបស់ខ្លួនចំពោះចក្រវាលដ៏ធំធេងមហាសាលនេះ។ ស្គាល់ពីភាពល្ងង់ខ្លៅរបស់ខ្លួនហើយនៅមិនទាន់គ្រប់គ្រាន់ឡើយ អ្វីដែលសំខាន់លើសពីនេះទៅទៀតគឺជាភាពភ័យខ្លាច ភ័យខ្លាចថាខ្លួនឯងមិនចេះ ភ័យខ្លាចខ្លួនឯងល្ងង់ខ្លៅ ភ័យខ្លាចថាខ្លួនឯងនឹងអាចស្លាប់ចោលមុននឹងស្វែងរកឃើញការពិតជាអ្វី។ មានតែបុគ្គលប្រភេទនេះប៉ុណ្ណោះទើបអាចក្លាយជាអ្នកចេះដឹង ដែលភាពចេះដឹងរបស់គេនឹងប្រទាក់ក្រឡាគ្នាជាច្រវាក់តភ្ជាប់ពីមួយទៅមួយ។ ពួកគេដឹងថាចំណេះដឹងពិតប្រាកដគឺស្ថិតនៅខាងក្នុង មិនសំខាន់នៅត្រង់ការសរសើរឬការវាយតម្លៃពីអ្នកខាងក្រៅឡើយ។
ដូចនេះ ពួកគេមិនខ្លាចនឹងការធ្វើខ្លួនជាមនុស្សល្ងង់ដើម្បីរៀនសូត្រពីអ្វីដែលខ្លួនមិនចេះពិតប្រាកដ ស្របពេលដែលអ្នកដទៃធ្វើចេះទាំងដែលមិនចេះអ្វីសោះនោះឡើយ។ ព្រោះចំណេះដឹងពួកគេស្ថិតនៅក្នុងខ្លួន។ ពួកគេមិនត្រឹមតែចង់ដឹងថាទឹកបង្កឡើងពីអាតូមនោះទេ តែចង់ដឹងទៀតថាតើជាអាតូមអ្វី។ នៅពេលដឹងថាជា២ម៉ូលេគុលរបស់អាតូមអ៊ីដ្រូហ្សែន ជាមួយនឹង១ម៉ូលេគុលអាតូមអុកស៊ីហ្សែន ពួកគេមិនបញ្ឈប់ត្រឹមនេះឡើយ ពួកគេនឹងជជីកសួរបន្តទៀតថា តើអាតូមនីមួយៗបង្កឡើងពីអ្វីទៅទៀត។ នៅពេលពួកគេសិក្សាដឹងថាប្រូតុង ណឺត្រុង និងអេឡិចត្រុងជាធាតុបង្កដ៏សំខាន់របស់អាតូម ដែលបង្ករាងកាយរបស់គេនិងអ្វីៗគ្រប់យ៉ាងនេះ ការបន្តជជីកសួររកមិនចេះចប់មិនចេះហើយ នេះនឹងនាំពួកគេទៅរកឃើញនូវឫសគល់នៃចំណេះដឹងពិតប្រាកដ។
នៅពេលពួកគេជីកដល់ឫសគល់ហើយ ពួកគេនឹងរកឃើញថាចំណេះដឹងនៅក្នុងដទៃផ្សេងទៀតគ្រាន់តែជាមែកធាងដែលបានបែកចេញពីឫសគល់របស់ដើមតែមួយប៉ុណ្ណោះ។ តាមពិតទៅកម្រិតនៃការចេះដឹងរបស់បុគ្គលម្នាក់មិនអាស្រ័យលើប្រាជ្ញាពីកំណើតរបស់គេនោះទេ។ វាគ្រាន់តែជាចំណែកចូលរួមបន្តិចបន្តួច ដែលគ្មានថ្ងៃអាចយកឈ្នះបានលើការខិតខំតស៊ូនិងទឹកចិត្តអំណត់ចង់ចេះចង់ដឹងរបស់បុគ្គលម្នាក់ទៀតប៉ុណ្ណោះ។ ឲ្យតែអ្នកពិតជាចង់បានអ្វីមួយមែន អ្នកនឹងរកឃើញផ្លូវដើម្បីដើរទៅរកវាឃើញទាល់តែបាន។ មនុស្សដែលពិតជាចង់ធ្វើអ្វីមួយមែន ពួកគេគ្មានលេសនោះឡើយ៕
ដោយ៖ ស្រីពៅ