ហេតុអ្វីបន្ទះសូឡាប្រើអង្គធាតុចម្លងចរន្តពាក់កណ្ដាល តែមិនមែនអង្គធាតុចម្លងចរន្តល្អទៅវិញ ?
ជារៀងរាល់វិនាទី ដុំភ្លើងនៃព្រះអាទិត្យរបស់យើងបញ្ចេញថាមពលរបស់វាទៅក្នុងលំហអាកាសស្មើនឹង៣៨៦គុណនឹង១០ស្វ័យគុណ២៤ដងវ៉ាត់ និងប្រមាណ១៧៤,០០០,០០០,០០០,០០០,០០០វ៉ាត់មកលើភពផែនដី។ តើយើងអាចទាញយកប្រយោជន៍ពីថាមពលដ៏មហិមានិងអាចកកើតឡើងវិញនេះបានយ៉ាងដូចម្ដេច ? នេះហើយគឺជាមូលហេតុនៃការកកើតបន្ទះសូឡា ដែលមានគោលដៅទាញយកថាមពលពីព្រះអាទិត្យដើម្បីបម្លែងជាថាមពលអគ្គិសនីនៅជុំវិញពិភពលោក។
យើងធ្លាប់តែដឹងថា ប្រាក់ ទង់ដែង និងអាលុយមីញ៉ូមជាដើម ត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើជាខ្សែភ្លើងក៏ព្រោះតែអង្គធាតុទាំងនេះចម្លងចរន្តអគ្គិសនីបានល្អ។ ដោយឡែក បន្ទះសូឡាត្រូវបានបង្កើតឡើងក្នុងគោលដៅទាញយកប្រយោជន៍ពីថាមពលដ៏មហិមារបស់ព្រះអាទិត្យនិងបម្លែងវាទៅជាថាមពលអគ្គិសនី ប៉ុន្តែហេតុអ្វីក៏ស៊ីលីចូម ដែលជាអង្គធាតុចម្លងពាក់កណ្ដាល ដែលមានលក្ខណៈដូចនឹងអង្គធាតុចម្លងចរន្តបានល្អពាក់កណ្ដាល និងអង្គធាតុមិនចម្លងចរន្តពាក់កណ្ដាលដូចជាអ៊ីសូឡង់ ត្រូវបានប្រើប្រាស់នៅក្នុងបន្ទះសូឡាទៅវិញ ? ចម្លើយនៅក្នុងសំណួរនេះស្ថិតនៅត្រង់លក្ខណៈពិសេសនៅក្នុងលក្ខណៈគីមីរបស់ទម្រង់អាតូមដែលស៊ីលីចូមមាន។ ស៊ីលីចូមគឺជាអង្គធាតុម្យ៉ាង ដែលស្ថិតក្នុងលំដាប់ទី២ជាធាតុដែលសម្បូរជាងគេបំផុតនៅលើភពផែនដី។ វាស្ថិតនៅលេខរៀងទី១៤ក្នុងតារាងខួបនៃធាតុគីមី។ នៅក្នុងអាតូមនីមួយៗ គ្រាន់តែដឹងពីលេខរៀងរបស់អាតូមអាចឲ្យយើងដឹងពីចំនួនបន្ទុក+ដែលបង្កអាតូមរបស់ធាតុគីមីមួយឡើងបាន។ ម្យ៉ាងទៀតដោយសារគ្រប់អាតូមទាំងអស់តែងតែមានចំនួនបន្ទុក+និងចំនួនបន្ទុក-ស្មើគ្នាជានិច្ច ដូចនេះលេខរៀងទី១៤របស់ស៊ីលីចូមអាចប្រាប់យើងពីចំនួនបន្ទុក+និងចំនួនបន្ទុក-របស់អាតូមស៊ីលីចូមមានចំនួន១៤។ បន្ទុក+និងបន្ទុកណឺតរួមបញ្ចូលគ្នាបង្កើតជាណ្វៃយ៉ូដែលស្ថិតនៅចំកណ្ដាលអាតូម ឯបន្ទុក-តម្រៀបគ្នាជុំវិញណ្វៃយ៉ូជាស្រទាប់ ដែលស្រទាប់នីមួយៗអាចផ្ទុកបន្ទុក-ក្នុងការកំណត់ជាក់លាក់។ ស្រទាប់ដំបូងអាចផ្ទុកបានបន្ទុក-ចំនួន២ ស្រទាប់បន្ទាប់អាចផ្ទុកបាន៨ ឯស្រទាប់ទី៣ក៏ផ្ទុកបាន៨ដែរ។ អាតូមស៊ីលីចូមមានបន្ទុក-ទាំងអស់ចំនួន១៤ នេះមានន័យថាបន្ទុក-ចំនួន២តម្រៀបនៅស្រទាប់ដំបូងគ្រប់ហើយ ស្រទាប់បន្ទាប់ដាក់បាន៨បន្ទុក-ទៀត ហើយនៅសល់៤បន្ទុក-ទៀតស្ថិតនៅស្រទាប់ក្រៅបង្អស់។ ស្រទាប់ទី៣នេះ មានសមត្ថភាពអាចផ្ទុកបានដល់ទៅ៨បន្ទុក-ឯណោះ។ ក្នុងករណីអាតូមស៊ីលីចូម ស្រទាប់ក្រៅបង្អស់របស់វាអាចដាក់បាន៤បន្ទុក-ទៀត ដើម្បីបង្គ្រប់ឲ្យពេញដល់៨។ ហេតុនេះហើយអាតូមនីមួយៗរបស់ស៊ីលីចូមងាយនឹងចងសម្ព័ន្ធជាមួយអាតូមដទៃដើម្បីមកបង្គ្រប់បន្ទុកដែលខ្វះ។ នៅក្នុងបន្ទះសូឡា អាតូមស៊ីលីចូមត្រូវបានដាក់ឲ្យនៅជិតគ្នា នៅពេលនោះអាតូមនីមួយៗនឹងចងសម្ព័ន្ធជាមួយអាតូមស៊ីលីចូមផ្សេងទៀតដែលនៅក្បែរវា ហើយបង្កើតជាស៊ីលីចូមក្នុងទម្រង់ជាសម្ព័ន្ធគ្រីស្តាល់ដ៏រឹងមាំ។ នៅពេលកម្ដៅថ្ងៃចាំងមកប៉ះនឹងស៊ីលីចូមទាំងនេះ បើកម្ដៅថ្ងៃនេះមានថាមពលគ្រប់គ្រាន់ នោះបន្ទុក-មួយចំនួននឹងត្រូវបានដោះលែងដោយសេរីចេញពីសម្ព័ន្ធរបស់វា ហើយបន្ទុក-ទាំងនេះនឹងហោះហើរដោយសេរី ដែលអាចឲ្យយើងទាញវាយកមកប្រើប្រាស់ជាថាមពលអគ្គិសនីបាន។ ប៉ុន្តែនៅក្នុងបន្ទះសូឡាគេមិនប្រើប្រាស់ស៊ីលីចូមសុទ្ធបែបនេះទេ ព្រោះវាមិនមានប្រសិទ្ធភាពនោះឡើយក្នុងការបង្កើតចរន្ត។ ហេតុនេះនៅក្នុងបន្ទះសូឡា ពុំមែនជាស៊ីលីចូមសុទ្ធនោះឡើយ តែជាស៊ីលីចូមមិនសុទ្ធ។ គោលដៅគឺត្រូវធ្វើយ៉ាងណាដើម្បីឲ្យបន្ទុក+និងបន្ទុក-មិនស្មើគ្នានៅក្នុងអាតូម នោះបន្ទុក-នឹងព្យាយាមធ្វើយ៉ាងណាដើម្បីឲ្យមានតុល្យភាព ដែលកម្លាំងរបស់វាគឺជាប្រភពនៃចរន្តអគ្គិសនី។ នៅផ្នែកម្ខាងរបស់ស៊ីលីចូមគឺជាអាតូមផូស្វ័រដែលមានបន្ទុក-ស្រទាប់ក្រៅចំនួន៥ ដែលធ្វើឲ្យវាខ្វះបន្ទុក-ចំនួន៣ទៀតប៉ុណ្ណោះ។ អាតូមផូស្វ័រក៏ចងសម្ព័ន្ធជាមួយអាតូមស៊ីលីចូមដែរ តែដោយសារតែវាខ្វះតែបន្ទុក-ចំនួន៣ទៀត ហើយអាតូមស៊ីលីចូមត្រូវការតែបន្ទុក-ចំនួន៤ ដូចនេះអាតូមផូស្វ័រត្រូវលះបង់ចោលបន្ទុក-របស់វាមួយ ដើម្បីចងសម្ព័ន្ធជាមួយអាតូមស៊ីលីចូម។ នៅពេលបន្ទុក-ត្រូវបានបោះបង់ វានឹងហើរដោយសេរីនៅក្នុងផ្នែកម្ខាងរបស់ស៊ីលីចូមនេះ ដែលធ្វើឲ្យបន្ទុក-កើនលើសពីបន្ទុក+ ដូចនេះផ្នែកនេះគឺជាផ្នែកបន្ទុកអវិជ្ជមាន។ ដូចនេះ យើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យផ្នែកម្ខាងទៀតមានបន្ទុក+កើនលើសពីបន្ទុក-វិញ។ អាតូមប័រស្ថិតនៅក្នុងជម្រើសដ៏ល្អបំផុត ព្រោះវាមានបន្ទុក-ស្រទាប់ក្រៅបង្អស់ចំនួន៣ នៅពេលវាចងសម្ព័ន្ធជាមួយអាតូមស៊ីលីចូម ដែលមានបន្ទុក-ចំនួន៤ ពេលបូកបញ្ចូលគ្នាបានតែ៧ និងខ្វះបន្ទុក-ចំនួន១ ធ្វើឲ្យផ្នែកម្ខាងនេះមានបន្ទុក-តិចជាងបន្ទុក+។ ដូចនេះផ្នែកនេះគឺជាផ្នែកបន្ទុកវិជ្ជមាន។ ផ្នែកអវិជ្ជមានមានបន្ទុក-លើសឯផ្នែកវិជ្ជមានខ្វះបន្ទុក- នៅពេលគេដាក់ផ្នែកទាំងពីរនេះជិតគ្នា បន្ទុក-នៅផ្នែកដែលលើសនឹងតែងតែចង់រត់ទៅបង្កើតតុល្យភាពជាមួយបន្ទុក+នៅផ្នែកម្ខាងទៀតដែលខ្វះបន្ទុក-។ នៅពេលកម្លាំងដែលទាញមកនៅជិតគ្នានេះទាញឲ្យបន្ទុក-និងបន្ទុក+គ្រប់ចំនួនហើយ វានឹងបង្កើតជារនាំងឃាំងនៅចំកណ្ដាលរវាងផ្នែកវិជ្ជមាននិងផ្នែកអវិជ្ជមាន។ ដូចនេះវានឹងទុកឲ្យផ្នែកវិជ្ជមានលើសបន្ទុក-កាន់តែច្រើន ឯផ្នែកអវិជ្ជមានលើសបន្ទុក+កាន់តែច្រើនវិញ។
នៅពេលកម្ដៅថ្ងៃចាំងមក ថាមពលដែលទទួលបានពីពន្លឺថ្ងៃនឹងអាចផ្ទេរថាមពលទៅឲ្យបន្ទុក-នៅផ្នែកវិជ្ជមានដើម្បីជម្នះរនាំងនេះនិងរត់ទៅរកតុល្យភាពនៅផ្នែកអវិជ្ជមាន។ បន្ទុក-នឹងរត់នៅក្នុងលំហូរចរន្ត ជាលទ្ធផលក៏អាចផ្ដល់ថាមពលអគ្គិសនីដល់យើងនេះឯង៕
ដោយ៖ ស្រីពៅ