តើអ្នកជំនាញអាចផ្ដល់ទិន្នន័យជាក់លាក់តាមរយៈការទស្សន៍ទាយបានតាមវិធីណា ?
តើអ្នកធ្លាប់ឆ្ងល់ដែរទេថា ហេតុអ្វីបានជាអ្នកជំនាញអាចសិក្សានិងធ្វើការទស្សន៍ទាយទុកជាមុនជាមួយនឹងទិន្នន័យជាតួលេខដ៏ជាក់លាក់ទៅលើបម្រែបម្រួលទីផ្សារភាគហ៊ុន កំណើនប្រជាជនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ឬក៏ភាគរយនៃកំណើនជំងឺឆ្លងរាតត្បាតនៅក្នុងតំបន់មួយបាន ? ភាពជាក់ស្ដែងទាំងនេះបានចង្អុលបង្ហាញឲ្យឃើញពីការប្រែប្រួលឥតឈប់ឈររបស់សកលលោក ហេតុនេះហើយទើបវិធីសាស្ត្រគណនានៅក្នុងផ្នែកពីជគណិតដែលគេហៅថា សមីការឌីផេរ៉ង់ស្យែល គឺជាឧបករណ៍ជំនួយដ៏សំខាន់បំផុតមួយសម្រាប់ដោះស្រាយបញ្ហានៅក្នុងជីវិតជាក់ស្ដែង។
អ្នកប្រាជ្ញគណិតសាស្ត្រ អ៊ីសាក់ ញូតុន និង Gottfried Wilhem Leibniz គឺជាអ្នកដែលបានផ្ដល់កំណើតដល់សមីការឌីផេរ៉ង់ស្យែលដំបូងគេបង្អស់កាលពីជាង៣០០ឆ្នាំមុន។ ពួកគេក៏ជាមនុស្សដំបូងដែលបានបង្កើតពីជគណិតដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសិក្សាស្រាវជ្រាវសម័យបច្ចុប្បន្នទាំងមូល។ សមីការឌីផេរ៉ង់ស្យែល ប្រាប់ឲ្យយើងដឹងពីបម្រែបម្រួលអ្វីមួយដែលមានទំនាក់ទំនងទៅនឹងអ្វីមួយទៀត ដូចនេះនៅពេលអ្វីមួយប្រែប្រួលនោះវានឹងមានឥទ្ធិពលលើអ្វីមួយទៀតឲ្យប្រែប្រួលដូចគ្នាដែរ។
ដោយសារតែបម្រែបម្រួលដែលមានទំនាក់ទំនងរវាងគ្នានេះហើយទើបសមីការឌីផេរ៉ង់ស្យែល បានក្លាយជាជំនួយការដែលមិនអាចខ្វះបាននៅក្នុងជំនាញជាច្រើនដូចជា វិស្វកម្ម សេដ្ឋកិច្ច គីមី បម្រែបម្រួលចំនួនប្រជាជន រួមទាំងជីវវិទ្យាផងដែរ។
ឧទាហរណ៍ដូចជាផ្នែកមេកានិច សមីការឌីផេរ៉ង់ស្យែលចាំបាច់សម្រាប់គណនារកស្ពឺរបស់កង់រថយន្តខាងមុខនិងខាងក្រោយ។ នៅក្នុងផ្នែកគីមី គេអាចប្រើប្រាស់វាសម្រាប់រកលើអត្រារបស់ធាតុគីមីដែលចូលរួមធ្វើប្រតិកម្ម។ គេក៏អាចគណនារកទំនោរនៃបម្រែបម្រួលទីផ្សារភាគហ៊ុន ដែលមានសារៈសំខាន់សម្រាប់ស្វែងរកយុទ្ធសាស្ត្របែបណាទើបមានប្រសិទ្ធភាពសម្រាប់ការវិនិយោគ។ ម្យ៉ាងទៀតគឺសមីការឌីផេរ៉ង់ស្យែលនេះឯង ដែលអាចឲ្យអ្នកជីវវិទ្យាសិក្សាដឹងពីការចម្លងរាតត្បាតរបស់មេរោគកាចសាហាវផ្សេងៗ ដែលអាចឲ្យពួកគេធ្វើការទប់ស្កាត់បានកាន់តែប្រសើរជាងមុន៕
ដោយ៖ ស្រីពៅ