តើសញ្ញាប័ត្ររូបវិទ្យាអាចពង្រីកឱកាសការងារអ្នកនៅក្នុងផ្នែកសំខាន់ៗផ្សេងទៀតអ្វីខ្លះ ?
រាល់ចំណេះដឹងគ្រប់ផ្នែកទាំងអស់ គ្រាន់តែជាមែកធាងដែលបែកចេញពីឫសរបស់ដើមឈើតែមួយប៉ុណ្ណោះ ព្រោះរាល់អ្វីៗទាំងអស់សុទ្ធតែមានទំនាក់ទំនងនឹងគ្នា។ បើអ្នកបញ្ចប់សញ្ញាប័ត្ររូបវិទ្យា មិនមែនមានន័យថាអ្នកគ្រាន់តែអាចយកចំណេះដឹងពីរូបវិទ្យាមកធ្វើជាគ្រូបង្រៀនរូបវិទ្យានោះឡើយ។ វាអាស្រ័យទៅលើអ្នក អ្វីដែលសំខាន់គឺនៅត្រង់ថាតើអ្នកនឹងយកចំណេះដឹងនេះទៅប្រើប្រាស់ដោយរបៀបណា ? ដូច្នេះសំណួរសួរថា តើអ្នកអាចប្រើប្រាស់សញ្ញាប័ត្ររូបវិទ្យារបស់អ្នកតាមផ្លូវណាខ្លះក្នុងវិស័យការងារក្រៅប្រទេស ?
១) ផ្នែកថាមពល៖ ឧទាហរណ៍ជាក់ស្ដែង បើមិនមានការរកឃើញទម្រង់របស់អាតូមនិងបាតុភូតពន្លឺនោះទេ នោះវាក៏មិនអាចផ្ដល់កំណើតដល់ការបង្កើតឧបករណ៍សម្រាប់ទាញយកប្រយោជន៍ពីថាមពលកកើតឡើងវិញ ដូចជាថាមពលសូឡាជាដើម ពុំនោះទេជីវិតមនុស្សយើងមិនដឹងក្លាយជាបែបណាដោយពឹងផ្អែកទាំងស្រុងទៅលើធនធានធម្មជាតិដែលចេះតែរេចរឹលទៅៗដូចជាប្រេងកាត ធ្យូងថ្ម ហើយថែមទាំងជាប្រភពថាមពលដែលគំរាមកំហែងខ្លាំងក្លាដល់បរិយាកាសភពផែនដីផងដែរ។
២) ផ្នែកបច្ចេកវិទ្យា៖ ការសិក្សាលម្អិតស៊ីជម្រៅទៅលើទម្រង់របស់អាតូម បានធ្វើឲ្យមានការបង្កើតឧបករណ៍បច្ចេកវិទ្យាទំនើបៗឥតឈប់ឈរ ដែលបានផ្លាស់ប្ដូរជីវិតរស់នៅរបស់មនុស្សទាំងស្រុង ហើយអ្នកក៏មិនអាចមានកុំព្យូទ័រដ៏ឈ្លាសវៃសម្រាប់ប្រើប្រាស់ដែរ។ រូបវិទ្យាក៏បានជំរុញឲ្យមានការបង្កើតនូវភាពឈ្លាសវៃសិប្បនិម្មិតដូចជាមនុស្សយន្ត សម្រាប់បម្រើការក្នុងការងារសំខាន់ៗជាច្រើនជំនួសឲ្យមនុស្សបានយ៉ាងទូលំទូលាយ។
៣) ផ្នែកតារាសាស្ត្រ៖ មិនថាផ្នែកណាក៏ដូចផ្នែកណាដែរ បើអ្នកជាមនុស្សដែលមានចំណង់ខ្លាំងក្លាក្នុងការស្រាវជ្រាវរុករកច្រើនចំពោះចក្រវាលនេះ និងចូលចិត្តប្រកួតប្រជែងជាមួយខ្លួនឯង ពោលគឺតែងតែព្យាយាមសិក្សារៀនសូត្រជាប់ជាប្រចាំដើម្បីបង្កើនការយល់ដឹងរបស់ខ្លួន និងជាមនុស្សដែលចូលចិត្តនៅជាមួយបញ្ហាបានយូរ នោះអ្នកប្រាកដជាអាចធ្វើការងារនេះបាន។
៤) ផ្នែកឧតុនិយម៖ ប្រាកដណាស់គឺការយល់ដឹងច្បាស់លាស់អំពីផែនដីនេះឯង ដែលមិនអាចខ្វះបានសម្រាប់ការព្យាករណ៍អាកាសធាតុ ឬព្យាករណ៍ក្នុងរយៈពេលវែងពីគ្រោះមហន្តរាយផ្សេងៗដែលនឹងកើតឡើងទៅលើតំបន់ជាក់លាក់ណាមួយនៅលើផែនដី។ បើពុំមានចំណេះរូបវិទ្យាពីអ្នកជំនាញទាំងនេះទេ នោះពួកយើងក៏មិនអាចរកវិធីការពារខ្លួនបានយ៉ាងមានសុវត្ថិភាពទាន់ពេលវេលានោះដែរ។
៥) ផ្នែកវិស្វកម្ម៖ គឺពួកគេនេះហើយដែលបានធ្វើឲ្យមនុស្សយើងគ្រប់គ្នាហាក់ដូចជាចេះវេទមន្តដ៏អស្ចារ្យ ដោយបានផ្លាស់ប្ដូរវិធីក្នុងការប្រាស្រ័យទាក់ទងគ្នាដោយប្រព័ន្ធឥតខ្សែ ឆ្លងប្រទេស ឆ្លងទ្វីបជុំវិញសកលលោក ដោយមិនខ្វល់ថាចម្ងាយឆ្ងាយប៉ុណ្ណានោះឡើយ។ ពួកគេក៏ជាអ្នកបង្កើតមធ្យោបាយធ្វើដំណើរដូចដែលបានឃើញរថយន្តដែលចេះតែមានការវិវត្តកាន់តែល្អប្រសើរទៅមុខជាលំដាប់ ដែលទាំងអស់នេះហើយបានផ្លាស់ប្ដូរជីវិតរស់នៅរបស់ពួកយើងទាំងស្រុង៕
ដោយ៖ ស្រីពៅ