ចំណុច ៧យ៉ាងដែលលុយអាចបំផ្លាញស្នេហារបស់អ្នកបាន
ជាការពិតណាស់ នៅពេលមានលុយ ប្រហែលជាធ្វើឱ្យមនុស្សមួយចំនួនធំមានការផ្លាស់ប្ដូរច្រើនហើយក្នុងនោះ រឿងទំនាក់ទំនងជាមួយមិត្តភ័ក្ដិ ក៏ដូចជាទំនាក់ទំនងជាមួយដៃគូស្នេហាក៏ប្រែប្រួលដែរ។ តើហេតុអ្វីបានជាលុយអាចធ្វើឱ្យទំនាក់ទំនងមានការប្រែប្រួល?
១) តើលោកអ្នកទុកលុយជាធំជាងដៃគូឬយ៉ាងណា? ប្រសិនបើលោកអ្នកចាត់ទុកលុយជារឿងធំ និងអាទិភាព ច្បាស់ណាស់គឺថា ទំនាក់ទំនងរបស់អ្នកនឹងដើរថយក្រោយ។ អ្នកត្រូវចាំថា អ្វីដែលអ្នកផ្ដោតខ្លាំងទៅលើអ្វីមួយ នោះលោកអ្នកនឹងទទួលបានអ្វីមួយនោះ។ ដូច្នេះបើអ្នកផ្ដោតទៅលើលុយខ្លាំង ពោលគឺចំណាយទាំងកម្លាំងកាយ និងពេលវេលាខ្លាំង ដោយមិនអើពើពីតម្រូវការ និងការចង់បាននៃដៃគូរបស់អ្នក ច្បាស់ណាស់ថា ទំនាក់ទំនងរបស់អ្នកនឹងទទួលបានផលអវិជ្ជមាន។ ដូច្នេះកុំឱ្យអ្នកក្លាយជាទាសករនៃលុយ ពោលគឺកុំឱ្យលុយគ្រប់គ្រងលើអ្នក និងទំនាក់ទំនងរបស់អ្នក។
២) អ្នកជ្រើសរើសដៃគូដើម្បីបានលុយ? ប្រសិនបើលោកអ្នកជ្រើសរើសនរណាម្នាក់ ដោយសារតែគេមានលុយ ដើម្បីផ្ដល់ឱ្យអ្នក និងគ្រួសារបានក្ដីសុខ ចូរបំភ្លេចស្នេហាពិតរបស់អ្នកចោលទៅ។ បន្តិចម្ដងៗ លោកអ្នកនឹងអស់អារម្មណ៍ និងលុយនឹងមិនអាចប៉ះប៉ូវបាននោះទេ។ ទោះលុយរាប់លានដុល្លារ ក៏មិនអាចទិញស្នេហាបានដែរដូច្នេះកុំរំពឹងឱ្យសោះបើអ្នកជ្រើសរើសនរណាម្នាក់ដើម្បីតែលុយ។
៣) តើអ្នកកំពុងប្រកួតប្រជែងជាមួយដៃគូរឿងរកប្រាក់ចំណូល? ដៃគូស្នេហារបស់អ្នក មិនមែនជាអ្នកប្រកួតប្រជែងនោះទេ។ លោកអ្នកក៏មិនត្រូវនិយាយដែរថា នរណារកលុយបានច្រើនជាង។ ប្រសិនបើអ្នករកលុយបានច្រើនជាងដៃគូរបស់អ្នក ហើយអ្នកមិនបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់គេ ឬមិនបានឱ្យតម្លៃនោះទេ ស្នេហារបស់អ្នកនឹងរលាយដូចអំបិលត្រូវទឹកអីចឹង។ លោកអ្នកត្រូវចាំថា មិនថាគាត់រកចំណូលបានតិច ឬក៏ច្រើន ការគាំទ្រ ការលើកទឹកចិត្ត និងការទទួលស្គាល់ត្រូវតែមានជានិច្ច។
៤) តើអ្នកអន់ចិត្តប្រសិនបើដៃគូរបស់អ្នកផ្ញើលុយទៅឱ្យគ្រួសារគេខ្លះៗ? វាជាការប្រសើរប្រសិនបើអ្នកមានគោលគំនិតក្នុងការសន្សំ និងការចំណាយច្បាស់លាស់។ ក៏ប៉ុន្តែ កុំអន់ចិត្តប្រសិនបើដៃគូស្នេហារបស់អ្នកផ្ញើលុយបន្តិចបន្តួចទៅឱ្យសមាជិកគ្រួសារ តែបើលោកអ្នកមិនអាចធ្វើបាន នោះប្រាកដណាស់ទំនាក់ទំនងរបស់អ្នកអាចនឹងឈានដល់ចំណុចប្រេះឆា។
៥) តើអ្នកច្រើនតែមានទំនាស់ជាមួយដៃគូរឿងលុយកាក់មែនទេ? បើសិនជាមានជម្លោះញឹកញាប់តែរឿងលុយកាក់ជាមួយដៃគូរបស់អ្នក ច្បាស់ណាស់ថា ទំនាក់ទំនងរបស់អ្នកនឹងឈានដល់ចំណុចផ្លូវបំបែក។
៦) តើអ្នកធ្លាប់លាក់បាំងរឿងលុយកាក់ដែរឬទេ? នេះក៏ជាសញ្ញាណមិនល្អដែរ សម្រាប់ទំនាក់ទំនងរបស់អ្នក។ ការគ្រប់គ្រងហិរញ្ញវត្ថុ ការសន្សំ ឬការចំណាយផ្សេងៗ ឬការវិនិយោគ គឺត្រូវតែមានការពិភាក្សាគ្នាជាមួយដៃគូរបស់អ្នក។ ប្រសិនបើអ្នកលាក់រឿងហិរញ្ញវត្ថុជាមួយដៃគូ គឺមិនយូរមិនឆាប់ នឹងបែកគ្នា។
៧) អ្នកជាមនុស្សអាត្មានិយម? ឬសម្ភារៈនិយម? បើលោកអ្នកជាមនុស្សអាត្មានិយម ឬសម្ភារៈនិយម ច្បាស់ណាស់គឺលោកអ្នកគិតតែពីផលប្រយោជន៍ខ្លួនឯង ឬទិញអ្វីតែសម្រាប់ខ្លួនឯង មិនសូវមើលឃើញដៃគូរបស់អ្នកនោះទេ។ ទាំងនេះ ក៏ជាហេតុផលដែលធ្វើឱ្យលុយគ្រប់គ្រងអ្នក និងបំបែកស្នេហារបស់អ្នកដែរ៕
ដោយ៖ រតនៈវិភូ ប្រភព៖ lifehack.org