មីស៊ីលអាមេរិកមួយគ្រាប់ត្រូវគេដឹកច្រឡំទៅឱ្យគុយបា
យោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន The Wall Street Journal បានឱ្យដឹងថា មីស៊ីល Hellfire របស់សហរដ្ឋអាមេរិកមួយគ្រាប់ត្រូវបានដឹកច្រឡំពីអឺរ៉ុបទៅឱ្យប្រទេសគុយបាកាលពីឆ្នាំ២០១៤ កន្លងទៅ។
ទោះជាយ៉ាងណា ប្រភពបានអះអាងថា មីស៊ីលនោះគ្មានផ្ទុកជាតិផ្ទុះនោះទេ ប៉ុន្តែក្ដីបារម្ភនោះគឺថា គុយបាដែលជាសត្រូវយូរលង់នោះអាចចម្លងបច្ចេកវិទ្យាអាមេរិកបាន។
ព័ត៌មាននេះបានបែកការចេញពី មន្ត្រីសហរដ្ឋអាមេរិកម្នាក់ដែលបានដឹងច្បាស់ពីរឿងនេះ ប៉ុន្តែសុំរក្សាសិទ្ធិមិនបង្ហាញអត្តសញ្ញាណ។
យោងតាមក្រសួងការពារជាតិសហរដ្ឋអាមេរិក គ្រាប់មីស៊ីល Hellfire គឺជាគ្រាប់នាំផ្លូវដោយកាំរស្មីឡាស៊ែបាញ់លើអាកាសដែលមានទម្ងន់ ១០០ផោន។ វាអាចបាញ់ពីឧទ្ធម្ភាគចក្រ ឬយន្តហោះគ្មានមនុស្សបើកបាន។ ដោយឡែក មីស៊ីលដែលប្រើសម្រាប់ហ្វឹកហាត់ គឺគ្មានផ្ទុកបច្ចេកវិទ្យានាំផ្លូវ គ្មានក្បាលគ្រាប់ និងមូទ័ររ៉ុកកែតនោះទេ។
មន្ត្រីអាមេរិកដដែលបានប្រាប់ AP ថា ក្រុមហ៊ុនផលិត Lockheed បានទទួលសិទ្ធិនាំចូលមីស៊ីលគ្មានគ្រឿងផ្ទុះនេះសម្រាប់ធ្វើការហ្វឹកហាត់ដល់កងកម្លាំងអង្គការណាតូ ប៉ុន្តែដោយមានកំហុសផ្នែកដឹកជញ្ជូនធ្វើឱ្យមីស៊ីលធ្លាក់ដល់ដៃគុយបា ហើយក្រុមហ៊ុនក៏បានធ្វើការជារដ្ឋាភិបាលដើម្បីយកគ្រាប់មីស៊ីលនោះមកវិញ៕
ដោយ៖ រតនៈវិភូ
ប្រភព៖ huffingtonpost