តើប្រទេសណាដែលមានគុណភាពនៃជីវិតខ្ពស់ជាងគេ?
ជាទូទៅគេតែងតែយកតួលេខពីចំនួនផលិតផលក្នុងស្រុកសរុបឬGDPរបស់ប្រទេសមួយ មកធ្វើជាការបញ្ជាក់ពីគុណភាពនៃការរស់នៅជាក់ស្ដែងនិងសេចក្ដីសុខពិតប្រាកដរបស់ប្រជាជននៅក្នុងសង្គមជាតិមួយនោះ។ ប៉ុន្តែ តួលេខពីGDPមិនអាចបង្ហាញពីរូបភាពទាំងស្រុងនៅក្នុងសង្គមមួយនោះបាននោះឡើយ។ អង្គការសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ទើបនឹងធ្វើការចេញផ្សាយការសិក្សារបស់ពួកគេកន្លងទៅថ្មីៗនេះ ទៅលើគុណភាពនៃជីវិតរបស់ប្រទេសចំនួន៤១ដោយពិនិត្យទៅលើ៥០សូចនាករផ្សេងៗគ្នា ដែល៥០សូចនាករទាំងនេះត្រូវបានចាត់ចូលជា២ផ្នែកធំៗគឺ ផ្នែកសម្ភារៈនិយម និងផ្នែកគុណភាពនៃការរស់នៅ។
ថ្វីត្បិតតែសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀតដូចជាអូស្ត្រាលី លុចហ្សំបួរ និងកាណាដា មានចំណាត់ថ្នាក់ខ្ពស់នៅក្នុងផ្នែកសម្ភារៈនិយមដែលត្រូវបានគេពិនិត្យទៅលើប្រាក់ចំណូល និងទ្រព្យសម្បត្តិជាដើម យ៉ាងណាមិញនៅក្នុងផ្នែកគុណភាពនៃការរស់នៅដែលក្នុងនោះគេពិនិត្យទៅលើតុល្យភាពរវាងការងារនិងជីវិត សុខភាព ការអប់រំ សុវត្ថិភាពផ្ទាល់ខ្លួន និងគុណភាពនៃបរិស្ថាន ប្រទេសទាំងនោះបែរជាទទួលបានចំណាត់ថ្នាក់មិនសូវល្អទៅវិញ ខណៈប្រទេសដែលមានចំណាត់ថ្នាក់មិនសូវល្អនៅក្នុងផ្នែកសម្ភារៈនិយមដូចជាប្រទេសហ្វាំងឡង់ និងប្រទេសអ៊ីស្លង់ បែរជាទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងផ្នែកគុណភាពនៃការរស់នៅរបស់ពួកគេ។
រីឯប្រទេសដែលធ្វើបានល្អនៅក្នុងផ្នែកទាំង២នោះគឺប្រទេសស៊ុយអែត ប្រទេសស្វីស និងជាពិសេសគឺប្រទេសន័រវែស ដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេបង្អស់នៅពេលសរុបលទ្ធផលទាំងអស់បញ្ចូលគ្នា។ នៅពេលពួកគេពិនិត្យទៅលើរបាយការណ៍ពីប្រទេសន័រវែស ពួកគេបានរកឃើញទំនាក់ទំនងគ្នារវាងសិទ្ធិស្មើគ្នាទៅនឹងគុណភាពនៃការរស់នៅរបស់ប្រជាជនន័រវែស។ ពួកគេទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងតុល្យភាពរវាងការងារនិងជីវិត និងថែមទាំងត្រូវបានអង្គការសហប្រជាជាតិចាត់ថ្នាក់ន័រវែសជាសង្គមជាតិមួយដែលមានសេចក្ដីសុខជាងគេបំផុតនៅលើពិភពលោកផងដែរ៕
ប្រភព៖ worldeconomicforum
ប្រែសម្រួល៖ ស្រីពៅ