៥ ចំណុចដែលអ្នកគ្រប់គ្រង ធ្វើឱ្យបុគ្គលិកល្អៗរត់ចោល
នៅពេលដែលបុគ្គលិកល្អៗដើរចេញពីក្រុមហ៊ុន ច្បាស់ណាស់ថា ក្រុមហ៊ុនមិនមែនបាត់បង់មនុស្សពូកែតែម្យ៉ាងនោះទេ ប៉ុន្តែអាចនឹងខាតបង់លុយកាក់មិនតិចនោះទេព្រោះថា ដំណើការនៅក្នុងក្រុមហ៊ុនជាប់គាំងនៅពេលខ្លះ។ ហេតុអ្វីបានជាបុគ្គលិកល្អៗរត់ចោលមេដឹកនាំ?
១) បុគ្គលិកល្អៗធ្វើការងារច្រើនជ្រុលពេក៖ មិនមែនជារឿងសាមញ្ញនោះទេ ហើយក៏មិនមែនតែកើតមាននៅស្រុកខ្មែរដែរ នៅប្រទេសគេផ្សេងក៏ដូចគ្នា។ បុគ្គលិកល្អៗភាគច្រើនតែងតែមានការងារច្រើនពេក។ ច្រើនក្នុងន័យនេះ គឺថាច្រើនពេកតែម្ដងរហូតដល់ទ្រាំលែងចង់បាន (overload)។ នៅពេលដែលពួកគេបំពេញការងារច្រើនពេក ធ្វើឱ្យពួកគេមានអារម្មណ៍ថា ពួកគេកំពុងធ្វើការដូចគេដាក់ពិន័យដែលនាំឱ្យកើតមានអារម្មណ៍ធុញថប់ដែលធ្វើឱ្យគេឈប់នៅជាមួយក្រុមហ៊ុនតែម្ដង។
២) មេដឹកនាំមិនដែលទទួលស្គាល់ចំណែករបស់គេ ហើយក៏គ្មានផ្ដល់រង្វាន់ដល់គេ៖ បើគ្មានការទទួលស្គាល់ និងគ្មានការផ្ដល់តម្លៃចំពោះការខិតខំប្រឹងប្រែងនោះទេ មិនថាយើងមិនថាគេ ច្បាស់ជាគ្មានអារម្មណ៍អ្វីនឹងបំពេញការងារឡើយ ហើយច្បាស់ជារត់ចោលក្រុមហ៊ុនជាមិនខាន។ ការទទួលស្គាល់អាចជាការផ្ដល់ប័ណ្ណសរសើរ និយាយសរសើរ តំឡើងប្រាក់ខែ ដំឡើងមុខតំណែង និងផ្ដល់រង្វាន់លើកទឹកចិត្តផ្សេងៗ។
៣) ពួកគេជួល និងដំឡើងតំណែងមនុស្សខុស៖ នៅពេលដែលមេដឹកនាំមើលមិនឃើញចំណុចល្អរបស់បុគ្គលិកល្អ ហើយបែរជាមើលឃើញបុគ្គលិកមិនសូវល្អ ហើយដំឡើងតំណែងមនុស្សខុសនោះ។ នេះជាមូលហេតុធំមួយដែលធ្វើឱ្យបុគ្គលិកល្អលែឈប់។
៤) មិនខ្វល់នឹងបុគ្គលិក និងបុគ្គលិកមិនអាចរៀនសូត្រអ្វីបាន៖ បើមេដឹកនាំមិនខ្វល់ថាបុគ្គលិកល្អធ្វើអ្វី មិនប្រាប់ទិសដៅ គ្មានផែនការច្បាស់លាស់ ហើយពួកគេមិនអាចរៀនសូត្របានពីការងារ ក៏ដូចជាមេដឹកនាំរបស់គេនោះទេ នោះក៏គេមិនបន្តអាជីពយូរអង្វែងដែរ។ ត្រូវចាំថា បុគ្គលិកល្អមិនមែនធ្វើការយកតែប្រាក់ខែនោះទេ តែគេចង់បានបទពិសោធន៍ និងចំណេះដឹងថ្មីៗផងដែរ។
៥) ស្ដីបន្ទោស និងមើលងាយ៖ ការស្ដីបន្ទោស និងមើលងាយមើលថោក គួរត្រូវបានប្រែក្លាយទៅជាគំនិតរិះគន់ដើម្បីស្ថាបនា ដែលអាចធ្វើឱ្យបុគ្គលិកកែប្រែខ្លួនឱ្យកាន់តែប្រសើរឡើងបាន។ ប៉ុន្តែ បើមេដឹកនាំមិនអាចធ្វើវាឱ្យទៅជាមតិរិះគន់ទេ បែរជាស្ដីបន្ទោស ឬបន្ទាបបន្ថោកទៅវិញនោះ ច្បាស់ណាស់ថា បុគ្គលិកល្អៗ រត់ចោលជាមិនខាន។ ត្រូវចាំថា គ្មាននរណាម្នាក់ដែលមិនធ្លាប់ធ្វើខុសនោះទេ គ្រាន់តែថា គេប្រព្រឹត្តកំហុសនោះដដែលជាដដែលឬក៏ប្រែក្លាយទៅជាមេរៀន៕
ដោយ៖ រតនៈវិភូ