ប្រហែលជាមានមិត្តអ្នកអានជាច្រើនមានចម្ងល់ពីការដាក់ចំណាត់ថ្នាក់ប្រទេសផ្អែកលើប្រាក់ចំណូលរបស់ប្រជាជនដែលមាន ប្រទេសចំណូលទាប (low-income countries) ប្រទេសចំណូលមធ្យម (middle-income countries) និង ប្រទេសចំណូលខ្ពស់ (high-income countries)។
អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ គឺថា កម្ពុជាបច្ចុប្បន្នជាប្រទេសចំណូលមធ្យមកម្រិតទាប ឬ Lower middle-income countries ដែលទទួលបានជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។
ការផ្ដល់ចំណាត់ថ្នាក់ដោយធនាគារពិភពលោក (World Bank) សម្រាប់ឆ្នាំ២០១៨ ក៏ដូចជាឆ្នាំផ្សេងៗទៀតដែរ គឺធនាគារប្រើប្រាស់ វិធីគណនា Atlas Method ដោយវាស់វែងទៅលើ GNI per capita។ តើអ្វីទៅជា GNI per capita?
និយាយតាមបែបសេដ្ឋកិច្ច GNI មកពីពាក្យអង់គ្លេសពេញថា Gross National Income (ជាប្រាក់ចំណូលជាតិដុល)គិតជាដុល្លារសហរដ្ឋអាមេរិក។ កម្រិតនៃ GNI per capita ពីមួយឆ្នាំទៅមួយឆ្នាំមិនដូចគ្នានោះទេ។ GNI ខុសពី GDP (Gross Domestic Product ឬផលិតផលក្នុងស្រុកសរុប) បន្តិចបើទោះបីជាវាមានទំនាក់ទំនងគ្នាក៏ដោយ។ GNI ក្នុងមនុស្សម្នាក់ ឬពលរដ្ឋម្នាក់ គឺជាសូចនាករអាចរកបានពេលត្រូវបានបម្លែងទៅជារូបិយប័ណ្ណរួមដែលគេជ្រើសរើសយកប្រាក់ដុល្លារអាមេរិកមកធ្វើជារូបិយប័ណ្ណរួម ដោយមានការកែតម្រូវ ដើម្បីជៀសវាងការបង្កបញ្ហានៅពេលដែលអត្រាប្តូរប្រាក់ ប្រែប្រួលតាមបែបមួយរស់រវើក។ នេះជាអ្វីដែលយើងបានលើកឡើងពីខាងដើមថា ជាវិធីសាស្ត្រគណនាតាម Atlas។
ជាក់ស្ដែង នៅឆ្នាំសារពើពន្ធ (Fiscal Year) ២០១៨នេះ
បើតាមអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា លោក លី សុដេត បានសរសេរនៅក្នុងអត្ថបទមួយផ្សាយនៅលើប្លុករបស់ធនាគារពិភពលោកបានឱ្យដឹងថា ចំណាត់ថ្នាក់កម្រិតគោល (thresholds) ទាំងនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំដើម្បីគិតបញ្ចូលនូវអត្រាអតិផរណារបស់បណ្តាប្រទេសនានាដែលរូបិយប័ណ្ណនៃប្រទេសទាំងនោះ ត្រូវបានដាក់បញ្ចូលក្នុងសំណុំរូបិយវត្ថុនៃប្រាក់បម្រុងអន្តរជាតិ (Special Drawing Rights ហៅកាត់ថា SDRs) របស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)។
ប្រព័ន្ធ ចាត់ថ្នាក់ឆ្នាំ ២០១៦ ដែលជាឆ្នាំកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាប មានមូលដ្ឋានផ្អែកលើកម្រិតគោល (thresholds) ដែល ក្រុមធនាគារពិភពលោក បង្កើតឡើងក្នុងប្រព័ន្ធមួយមានប្រភពនៅក្នុងឯកសារឆ្នាំ១៩៨៩ របស់ខ្លួន ដែលគូសបញ្ជាក់វិធីសាស្ត្រនេះ។
ឆ្នាំសារពើពន្ធ (Fiscal Year) គិតត្រឹមខែកក្កដា ឆ្នាំ២០១៦ ជាពេលដែលកម្ពុជាបានឡើងមកជាប្រទេសចំណូលមធ្យមកម្រិតទាបគឺថ្នាក់កម្រិតគោល (thresholds) ខុសពីឆ្នាំ២០១៨ នេះ
កម្ពុជាសម្រេចបាន GNI ក្នុងពលរដ្ឋម្នាក់នៅឆ្នាំ២០១៥ គឺ ១.០៧០ដុល្លារដែលលើសពីកម្រិតគោលកំណត់ដោយធនាគារពិភពលោករួចបាត់ទៅហើយ។ អ្វីដែលជាកត្តាគួរឱ្យកត់សម្គាល់ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាប គឺដោយសារតែកំណើនសេដ្ឋកិច្ចរឹងមាំដែលគិតជាមធ្យម ៧,៦%ក្នុងមួយឆ្នាំក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ និងការកាត់បន្ថយភាពក្រីក្រ ដែលកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងពិភពលោកបើធៀបជាមួយប្រទេសចំនួន ៦៩ដែលមានទិន្នន័យអាចប្រៀបធៀបគ្នាបានពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ ហើយមកដល់ឆ្នាំ២០១៣ កម្ពុជាកាត់បន្ថយភាពក្រីក្រមកនៅត្រឹមតែ ១៣%។
នៅតំបន់អតីតដែនដីអាណានិគមបារាំង កម្ពុជា ក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាបក្រោយឡាវ និងវៀតណាម ខណៈឡាវ សម្រេចបានឆ្នាំ ២០១១ ហើយនៅឆ្នាំ២០១១នេះដែរ ថៃ ជាប្រទេសជិតខាងកម្ពុជា ត្រូវបានដំឡើងចំណាត់ថ្នាក់មកជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែល GNI ក្នុងពលរដ្ឋថៃម្នាក់នៅឆ្នាំនោះ គឺ ៤.២១០ដុល្លារ។
ដោយឡែក មីយ៉ាន់ម៉ា បានក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាបមុនកម្ពុជាមួយឆ្នាំ គឺខែកក្កដា
ឆ្នាំ២០១៥។ សម្រាប់ប្រទេសនៅតំបន់អាស៊ានដដែលនេះ ក្រៅពីប្រទេសដែលមានសេដ្ឋកិច្ចទាបទាំងបួនដែលហៅកាត់ថា CLMV នៅមាន ឥណ្ឌូណេស៊ី និងហ្វីលីពីន ក៏ជាប្រទេសចំណូលមធ្យមកម្រិតទាបដែរប៉ុន្តែស្ថិតនៅលើប្រទេស CLMV ខណៈ ម៉ាឡេស៊ី និងថៃ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ហើយមានតែ សិង្ហបុរី មួយគត់ជាប្រទេសចំណូលខ្ពស់ (ដោយមិនគិតប្រទេសប្រ៊ុយណេ) នៅអាស៊ាន។ សិង្ហបុរី មានសេដ្ឋកិច្ចហក់លោតខ្លាំងចាប់ពីទសវត្សរ៍ឆ្នាំ១៩៨០ និងនៅឆ្នាំ១៩៩០ ចំណូលដុលក្នុងពលរដ្ឋម្នាក់របស់សិង្ហបុរីឡើងដល់ ១៣ ០០០ដុល្លារអាមេរិកបាត់ទៅហើយ៕
ដោយ៖ យ៉ន សុភារិទ្ធ (Sophearith YORN)
គ្រូបង្រៀនប្រព័ន្ធផ្សព្វផ្សាយ អាជីវកម្ម និងសេដ្ឋកិច្ច នៅ សាកលវិទ្យាល័យកម្ពុជា កម្ពុជាអន្តរជាតិ (CamIU) និងវិទ្យាស្ថាន CEO