​អ្នក​មាន​​តែ​ ៦២​នាក់​មាន​​ទ្រព្យ​សម្បត្តិ​ច្រើន​​ជាង​អ្នកក្រ​ជាង​ពាក់​កណ្ដាល​ពិភពលោក​​



គម្លាត​រវាង​អ្នក​មាន​ និង​​អ្នក​ក្រ​កាន់​តែ​​ធំ​ឡើង​ៗ​​ ខណៈ​ដែល​មហា​សេដ្ឋី​​មាន​ជាង​គេ​បំផុត​ប្រមាណ​តែ​ ៦២​នាក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​អ្នក​ក្រ​រស់​​នៅ​ជាង​ពាក់​កណ្ដាល​នៃ​ពិភពលោក​ទៅ​ទៀត។​​​​ ​នេះ​បើ​តាម​របាយការណ៍​​​ថ្មី​មួយ​របស់​អង្គការ​ Oxfam ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ។

​របាយការណ៍​​​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ហាក់​​ទន្ទឹម​គ្នា​ទៅ​នឹង​​ការ​ប្រារឰ​​វាទិកា​​សេដ្ឋកិច្ច​​ពិភពលោក​ដែល​រៀប​ចំឡើង​នៅ​ទីក្រុង​ Davos ​ប្រទេស​ស្វីស​។ ​របាយការណ៍​នេះ​ក៏​បាន​អំពាវនាវ​​​​ឱ្យ​មាន​វិធានការណ៍​បន្ទាន់​​​ស្រប​ពេល​​មនុស្ស​តែ​​ ១%​​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​​ជាង​​​ទ្រព្យ​សម្បត្តិ​​មនុស្ស​ផ្សេង​ទៀត​បូក​បញ្ចូល​គ្នា​ជាង​ ៩៩%។

​របាយការណ៍​អង្គការ​ដដែល​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​​ក្រ​ ៥០%​​បាន​ធ្លាក់​ចុះ​ ៤១%​ ចាប់​ពី​ឆ្នាំ​២០១០​ ​ដល់​ឆ្នាំ​២០១៥​ ​ទោះ​បី​ជា​ពិភពលោក​មាន​កំណើន​ប្រជាជន​ប្រមាណ ​៤០០​លាន​នាក់​នៅ​ក្នុង​​​អំឡុង​ពេល​នេះ​ក្ដី។ ​

​ទ្រព្យ​សម្បត្តិ​របស់​​មហាសេដ្ឋី​មាន​ជាង​គេ​បំផុត​​ក្នុង​លោក​ចំនួន​ ៦២​នាក់​បាន​កើន​ឡើង​​​៥០០​ពាន់​​លាន​ដុល្លារ​ពោល​គឺ​កើន​សរុប​ដល់​ ១,៧៦​​ពាន់​ពាន់​លាន​ដុល្លារ៕​

ដោយ៖ រតនៈ​វិភូ​​​​​​​

X
5s